« សក្ខីភាពគ្រីស្តបរិស័ទម្នាក់ៗគឺជាវត្តមានរបស់ព្រះគ្រីស្តក្នុងពិភពលោក! ពិតឬយ៉ាងណា?»

បកស្រាយដោយ៖ (លោកសិលាសួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
អភិ.សួន ហង្សលី៖ សក្ខីភាពរបស់យើងជាគ្រីស្តបរិស័ទក្នុងការប្រកាសដំណឹងល្អពិតជាសំខាន់! ពេលណាយើងនិយាយអំពីព្រះយេស៊ូគ្រីស្តដែលមកសង្គ្រោះយើង គឺជាព្រះអម្ចាស់ និងជាព្រះបុត្រារបស់ព្រះជាម្ចាស់។ យើងបងប្អូន មិត្តភក្ត័ ពេលមានគំនិតទទួលទ្រង់ ពេលនោះហើយយើងក៏ក្លាយទៅជាសាវគរបស់ព្រះអង្គ គឺមានជីវិតថ្មីឈ្មោះថ្មីជាគ្រីស្តបរិស័ទ។
បងប្អូនជាទីស្រលាញ់! តួនាទីជាគ្រីស្តបរិស័ទយើងត្រូវចោទសំណួរសួរខ្លួនឯងថា តើយើងម្នាក់ៗត្រូវប្រកាសដំណឹងល្អដល់បងប្អូនដែលនៅជុំវិញយើងដូម្តេច ថាព្រះយេស៊ូជាព្រះគ្រីស្ត? សាមញ្ញណាស់សម្រាប់ការរស់នៅក្នុងជំនឿរបស់យើងម្នាក់ៗ គឺព្យាយាមអធិដ្ឋានតាមផ្ទះ ឬសមាធិផ្ទាល់ខ្លួនអំពីព្រះបន្ទូល ជាពិសេសចូលរួមកម្មវិធីថ្វាយអភិបូជា។ បងប្អូនរួមជំនឿជាទីស្រលាញ់! សកម្មភាពទាំងអស់នេះហើយបញ្ជាក់ថាយើងម្នាក់ៗពិតបានខិតខំរស់នៅឲ្យបានស្របទៅតាមជំនឿ និងការប្រៀនប្រដៅរបស់ព្រះសហគមន៍ពិតមែន។
នៅក្នុងក្រុមគ្រួសារយើងម្នាក់ៗត្រូវព្យាយាមជួយគ្នាទៅវិញទៅមក ព្យាយាមលើកលែងទោសឲ្យគ្នាបើសិនយើងឈ្លោះគ្នា។ កិច្ចការដែលយើងអាចប្រកាសដំណឹងល្អបានគឺរបៀបដែលយើងរស់នៅដោយសេចក្តីស្រលាញ់ ព្យាយាមសម្តែងសេចក្តីស្រលាញ់ កសាងគ្រួសារមួយដែលមានសុភមង្គល។ នេះហើយព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក។ បើយើងគ្រប់គ្នាខិតខំកសាងក្តីស្រលាញ់ ហើយរស់នៅប្រកបដោយសេចក្តីប្រសើរ នោះគឺជាព្រះហឬទ័យរបស់ព្រះជាម្ចាស់ហើយ។
យើងជាគ្រីស្តបរិស័ទត្រូវរៀនស្វេងយល់ពីអត្ថន័យរបស់ព្រះគម្ពីរ ឬពីជំនឿរបស់យើងដែលព្រះសហគមន៍បានបង្រៀន និងឯកសារជាច្រើនទៀតដែលទាក់ទងនិងជំនឿ ទាក់ទងនិងព្រះជាម្ចាស់។ ហេតុអ្វីយើងត្រូវរៀនបន្ថែមទៀត? ចម្លើយគឺ ដើម្បីឆ្លើយតបទៅអស់បងប្អូនដែលចង់ដឹង ចង់ស្គាល់អំពីព្រះយេស៊ូ ឬអំពីជំនឿរបស់យើង ទៅកាន់បងប្អូនឲ្យបានសមរម្យនិងឲ្យបងប្អូនទទួលយកបាន ដែលនេះក៏ជាការប្រកាសដំណឹងល្អម្យ៉ាងទៅកាន់បងប្អូនដែលនៅជុំវិញយើង។ មួយវិញទៀតសេចក្តីមេត្តាករុណាក្នុងការរស់នៅរបស់យើងត្រូវបានបង្ហាញឲ្យបងប្អូននៅជុំវិញខ្លួនបានឃើញ គឺជាសក្ខីភាពមួយដ៏មានតំលៃរបស់គ្រីស្តបរិស័ទក្នុងការប្រកាសដំណឹងល្អ។ បងប្អូនជាទីស្រលាញ់នៅក្នុងជីវិតជាគ្រីស្តបរិស័ទសូមខិតខំរស់នៅតាមបែបជំនឿរបស់ខ្លួន ដើម្បីឲ្យបងប្អូនទាំងអស់បានទទួលការសង្គ្រោះពីព្រះជាម្ចាស់៕ អាមែន
ដោយ ឆាក លាំង
Daily Program
