« របៀបបង្ហាញសក្ខីភាពនៃជំនឿរបស់យើងទៅបងប្អូនឯទៀតៗ»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ ពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)
បូ. ហ្រ្វង់ស្វ័រ៖ «ខ្ញុំគឺជាសាក្សីរបស់ព្រះជាម្ចាស់ចំពោះមុខអ្នកដទៃ ជាពិសេសអស់អ្នកដែលកាន់សាសនាផ្សេងដោយប្រតិបត្តិជំនឿ គឺខ្ញុំត្រូវតែអនុវត្តន័ ឬប្រតិបត្តិជំនឿឲ្យបានត្រឹមត្រូវ ទៅតាមវិន័យរបស់ព្រះសហគមន៍ដើម្បីបង្ហាញទៅអស់អ្នកជុំវិញខ្លួន ជាពិសេសបងប្អូនដែលមានជំនឿផ្សេងឲ្យស្គាល់ពីជីវិតរបស់គ្រីស្តបរិស័ទ»។
លក្ខណៈពិសេសជាច្រើនដែលបងប្អូនគ្រីស្តបរិស័ទត្រូវបង្ហាញឲ្យបងប្អូនស្គាល់មានច្រើនណាស់៖
ទី១៖ យើងជឿថាព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយយើងក៏មានសង្ឃឹមថាយើងរស់ឡើងវិញរួមជាមួយព្រះយេស៊ូផងដែរ។ យើងមិនដែលអស់សង្ឃឹម និងមានអំណរសប្បាយជានិច្ច។
ទី២៖ យើងជឿថាព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះត្រៃឯក មានន័យថាព្រះអង្គជាសេចក្តីស្រឡាញ់។ ហេតុនេះហើយខ្ញុំត្រូវតែបង្ហាញថាខ្ញុំស្រឡាញ់ព្រះអង្គ តាមរយៈការផ្តល់ក្តីស្រឡាញ់ទៅអ្នកដទៃ មានដូចជាអ្នកក្រីក្រ ទុរគ្សគ៌ និងអស់អ្នកដែលបានប្រព្រឹត្តខុសមកលើខ្ញុំ ឬក៏ធ្វើបាបខ្ញុំផងដែរ។ ដូច្នេះលក្ខណៈពិសេសនៃជំនឿរបស់គ្រីស្តបរិស័ទ គឺត្រូវធ្វើជាសាក្សី ហើយត្រូវតែស្គាល់ជំនឿរបស់ខ្លួនឲ្យបានច្បាស់លាស់។ និងសួរខ្លួនឯងថាតើត្រូវបំពេញនាទីជាគ្រីស្តបរិស័ទយ៉ាងដូចម្តេច? ត្រូវគោរពវិន័យអ្វីខ្លះ? ឧទាហរណ៍ថា៖ ជារាងរាល់ថ្ងៃអាទិត្យ ខ្ញុំឈប់សម្រាកមួយថ្ងៃពីការងារ ឬការប្រកបរបរកស៊ី ដើម្បីទៅចូលរួមកម្មវិធីអភិបូជា ឬកម្មវិធីបុណ្យផ្សេងៗតាមប្រពៃណីព្រះសហគមន៍កាតូលិក។ បងប្អូននេះគឺជាសក្ខីភាពមួយសំខាន់ណាស់ដែលអ្នកជឿលើព្រះយេស៊ូត្រូវតែធ្វើ។
ក៏មានលក្ខណៈផ្សេងទៀតដែលគ្រីស្តបរិស័ទត្រូវធ្វើ ដូចជាកុំផឹកស្រា កុំជក់បារីជ្រុលពេក និងជាពិសេសគឺមិនប៉ះពាល់គ្រឿងញៀន ខិតខំអធិដ្ឋាន តែងតែលើកលែងទោសឲ្យគេ។ ហេតុនេះហើយយើងជាគ្រីស្តបរិស័ទត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ទើបយើងអាចធ្វើជាសាក្សីអំពីវត្តមានរបស់ព្រះជាម្ចាស់ទៅបងប្អូនបាន។ តាមបទបទពិសោធន៍ខ្ញុំផ្ទាល់ ពេលខ្លះខ្ញុំបានជឿដោយមិនដឹងខ្លួន ពេញចិត្តនិងការរស់នៅជារបៀបគ្រីស្តបរិស័ទ រស់នៅបែបភ្លែកពីគេ មានអំណរសប្បាយ កក់ក្តៅ រស់រាយរាក់ទាក់ និងពោរពេញដោយក្តីស្រឡាញ់។
តាមរយៈឪពុកម្តាយ ដែលពួកគាត់ខិតខំជួយចំណាយពេលវេលាច្រើនជួយអ្នកដទៃ ចំណាយទ្រព្យសម្បត្តិ ដើម្បីជួយព្រះសហគមន៍ជាដើម។ ដូច្នេះយើងជាគ្រីស្តបរិស័ទត្រូវតែផ្តល់សក្ខីភាពអំពីរបៀបរស់នៅរបស់យើងទៅកាន់អស់បងប្អូនដែលមានជំនឿផ្សេងឲ្យស្គាល់ ឲ្យបានយល់ពីគ្រីស្តសាសនាក្នុងតំបន់ ឬសង្គមដែលខ្លួនរស់នៅ។ បន្ទាប់មកទៀតបើបងប្អូនទាំងនោះកែប្រែចិត្តគំនិតឬយ៉ាងណាជារឿងរបស់គេ ជាសិទ្ធរបស់គេផ្ទាល់។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺត្រូវធ្វើជាសាក្សីឲ្យបានត្រឹមត្រូវអំពីវត្តមានរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្នឲ្យបានល្អ និងបានគាប់ព្រះហឫទ័យរបស់ទ្រង់ផងដែរ៕ អាមែន
ដោយ ឆាក លាំង
Daily Program
