« ម្នាក់ៗមានសំណាងទទួលលាភពីព្រះជាម្ចាស់! តើមានអ្វីមកបញ្ជាក់?»

បកស្រាយដោយ៖ (លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)

បូ. ផាន បូរី៖ បងប្អូនមនុស្សម្នាក់ពិតជាមានតំលៃណាស់! ហើយតំលៃនេះហើយដែលយើងគ្រប់គ្នាទទួលបានពីព្រះជាម្ចាស់។ ព្រះអំណោយទានដ៏អស្ចារ្យនេះ បានផ្តល់តួនាទីឲ្យយើងធ្វើជាដំណាងរបស់ព្រះជាម្ចាស់។ អ្វីៗដែលយើងមាន ជាពិសេសតាមជំនឿរបស់គ្រីស្តបរិស័ទគឺទទួលបានផលផ្លែច្រើនពីព្រះជាម្ចាស់ ដែលជំរុញយើងឲ្យកែប្រែជីវិតរស់នៅតាមព្រះហឫទ័យរបស់ទ្រង់ និងជួយឲ្យបងប្អូនបានស្គាល់ព្រះជាម្ចាស់តាមរយៈសកម្មភាពរស់នៅប្រចាំថ្ងៃផងដែរ។

វាជាអំណោយទានដែលបានកប់យ៉ាងជ្រៅនៅជីវិតរបស់យើងម្នាក់ៗ។ បងប្អូន! ពេលណាគ្រីស្តបរិស័ទបានទទួលអគ្គសញ្ញាជ្រមុជទឹក បងប្អូនបានរួមរស់ រួមស្លាប់ជាមួយព្រះយេស៊ូ តាមរយៈការទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូផ្ទាល់ដើម្បីសង្គ្រោះមនុស្សលោកឲ្យបានរួចពីអំពើបាប។ ព្រះយេស៊ូបានគង់នៅជាមួយយើងម្នាក់ៗ ហើយទ្រង់បំភ្លឺយើងឲ្យផ្លាស់ប្រែរបៀបថ្មីរបស់យើងឲ្យបានល្អនៅក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។

ព្រះជាម្ចាស់បានប្រទានឲ្យយើងគ្រប់គ្នាមានសេចក្តីស្រឡាញ់ ដែលមានប្រភពដើមពីព្រះជាម្ចាស់មិនចេះប្រែប្រួល មិនចេះរីងស្ងួត។ បងប្អូន! ដែលកាន់គ្រីស្តសាសនាមិនមែនគ្រាន់តែជឿលើព្រះយេស៊ូតែប៉ុណ្ណោះទេ គឺជាសាសនានៃសេចក្តីស្រឡាញ់ និងការលើកលែងទោសគ្រប់សព្វយ៉ាងឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែបងប្អូនបានអត់ទោសឲ្យអស់បងប្អូនផ្សេងៗ មានន័យថាបងប្អូនមិនបានជឿលើព្រះយេស៊ូនោះទេ ទោះគេជាគ្រីស្តបរិស័ទក៏ដោយ។ 

អស់អ្នកដែលជឿលើព្រះយេស៊ូ សុទ្ធសឹងតែជាអ្នកដែលតែងតែស្វែងរកសេចក្តីសុខសាន្ត សុខសន្តិភាពឲ្យគ្រួសារ ឬក៏សង្គមជាតិទាំងមូល។ រួមជាមួយការផ្តល់តំលៃឲ្យគ្នាទៅវិញទៅមកផងដែរ។ មនុស្សយើងម្នាក់ៗមានតំលៃណាស់បងប្អូន! ហើយតំលៃនេះហើយដែលជាកំណប់ទ្រព្យដ៏មហាសាលដែលយើងគ្រប់គ្នាបានទទួលពីព្រះជាម្ចាស់។ បងប្អូនរួមជំនឿជាទីស្រលាញ់! ទោះមានអ្នកស្អប់យើង ខឹងយើងដោយប្រការណាមួយក៏ដោយ ព្រះជាម្ចាស់បានអប់រំទូលន្មានយើងជាគ្រីស្តបរិស័ទត្រូវតេចេះអត់អោនលើកលែងទោសឲ្យគេគ្រប់គ្នាទាំងអស់។

ជំនឿបាននាំឲ្យយើងបានទទួលការសង្គ្រោះ សេចក្តីសុខសាន្តនាំឲ្យយើងគ្រប់គ្នាមានអំណរ និងសុភមង្គលនៅក្នុងក្រុមគ្រួសារ សង្គមជាតិទាំងមូលលផងដែរ។ បងប្អូន! អ្វីៗដែលមកពីព្រះជាម្ចាស់ គឺមិនប្រែប្រួលទេ ជាពិសេសសេចក្តីស្រឡាញ់។ ប្រសិនបើយើងមិនមានសេចក្តីស្រឡាញ់ យើងមិនអាចលើកលែងទោសឲ្យគេបានទេ ផ្ទុយទៅវិញ​បើយើងរស់នៅដោយក្តីស្រឡាញ់ យើងអាចធ្វើអ្វីៗបានទាំងអស់ ជាពិសេសគឺការលើកលែងទោសឲ្យខ្មាំងសត្រូវរបស់យើងនេះឯង។

ហេតុនេះសូមបងប្អូនរួមចិត្តគំនិតជាមួយគ្នាទួលអង្វរព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ គ្រួសារ និងសង្គមជាតិទាំងមូលឲ្យទទួលបានការស្រឡាញ់ និងការលើកលែងទោស៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail