« បើជំនឿខ្ញុំនៅទន់ខ្សោយ តើខ្ញុំអាចប្រកាសជំនឿទៅបងប្អូននៅជុំខ្លួនបានដែរទេ? ហេតុអ្វី?»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហកមន៍កាតូលិកមណ្ឌលកម្មភាពភ្នំពេញខាងត្បូង)
បូ. ហ្វ្រង់ស្វ័រ៖ «ពេលខ្ញុំប្រកាសដំណឹងល្អ! វាធ្វើឲ្យជំនឿរបស់ខ្ញុំកាន់តែរឹងមាំថែមទៀត» បងប្អូនជាទីស្រលាញ់! ព្រះយេស៊ូបានចាត់ក្រុមគ្រីស្ទូតទៅប្រកាសដំណឹងល្អ ព្រះយេស៊ូមិនបានសុំឲ្យគេមានជំនឿមាំមួននោះទេ ទ្រង់ដឹងថាក្រុមគ្រីស្តទូតជាមនុស្សទន់ខ្សោយ សូម្បីតែពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គសម្តែងឲ្យគេបានស្គាល់ និងឃើញអស់រយៈពេល៤០ថ្ងៃ អ្នកខ្លះនៅតែសង្ស័យ ហើយអ្នកខ្លះនៅតែមិនទាន់មានជំនឿច្បាស់លាស់។ ប៉ុន្តែព្រះយេស៊ូនូវតែចាត់គេឲ្យទៅ ទៅប្រកាសដំណឹងល្អ កុំរង់ចាំដល់គេមានជំនឿរឹងមាំ កុំចាំដល់គេក្លាយជាសន្តសន្តីបុគ្គល។
យើងជាមនុស្សទន់ខ្សោយច្បាស់ហើយយើងនៅតែប្រព្រឹត្តអំពើបាបទៀត ប៉ុន្តែព្រះយេស៊ូសុំឲ្យយើងទៅប្រកាសដំណឹងល្អទៅមនុស្សនៅជុំវិញខ្លួន ព្រោះព្រះយេស៊ូជាអម្ចាស់តែងគង់នៅជាមួយយើងគ្រប់ពេលវេលា។ ទ្រង់ជាអ្នកបង្កើតផលផ្លែតាមរយៈយើង ទោះបីយើងជាមនុស្សទន់ខ្សោយក៏ដោយ។ ម្យ៉ាងទៀត ពេលខ្ញុំចែកជំនឿរបស់ខ្ញុំ ពេលខ្ញុំប្រកាសដំណឹងល្អ ជំនឿរបស់ខ្ញុំមានការរីកធំធាត់ និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុអ្វី? ពីព្រោះខ្ញុំត្រូវតែឆ្លើយតបទៅនិងសំណួររបស់គេ ហើយក៏ជាពេលវេលាដែលខ្ញុំត្រូវតែស្វែងយល់ពីជំនឿរបស់ខ្លួនឯងផងដែរ។
បើសិនគេសួរសំណួរពិបាកឆ្លើយ ខ្ញុំត្រូវខិតខំស្វែងរកឯកសារ ឬក៏សុំជំនួយពីលោកឪពុក បងប្រុស បងស្រី ឬក៏គ្រីស្តបរិស័ទណាម្នាក់ដែលមានចំនេះដឹងខ្លះៗ ដើម្បីឲ្យខ្ញុំអាចឆ្លើយតបនិងសំណួររបស់គេ។ បងប្អូនសូមកុំភ្លេចថាព្រះវិញ្ញាណដ៏វិសុទ្ធតែងគង់នៅជាមួយយើង ព្រះវិញ្ញាណជួយបំភ្លឺ ព្រះវិញ្ញាណបណ្តាលមាត់យើងឲ្យនិយាយអ្វីដែលត្រឹមត្រូវតាមកាលៈទេសៈ។ ក្នុងគម្ពីរដំណឹងល្អព្រះយេស៊ូបានមានព្រះបន្ទូលថាពេលគេនាំគ្រីស្តបរិស័ទទៅកាត់ក្តី វិនិច្ឆ័យទោសចំពោះមុខតុលាការ។
នៅចំពោះមុខទីប្រឹក្សាជាន់ខ្ពស់ក្នុងសម័យព្រះយេស៊ូបានរៀបរាប់ថា កុំខ្លាចទៅ កុំខ្លាចការចូលរួម ព្រោះថាព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកបំភ្លឺយើងឲ្យឆ្លើយ ក៏និយាយអ្វីដែលត្រឹមត្រូវ និងស្របតាមព្រះហឫទ័យរបស់ប្រះជាម្ចាស់។ តែបងប្អូនត្រូវតែអធិដ្ឋានជានិច្ចមុននិងប្រកាសដំណឹងល្អទៅមនុស្សឯទៀតៗ។ មានពាក្យអធិដ្ឋានខ្លីមួយ៖ «បពិតព្រះវិញ្ញាណដ៏វិសុទ្ធ សូមព្រះអង្គជួយឲ្យខ្ញុំចេះឆ្លើយតបនិងតម្រូវការរបស់អស់អ្នកដែលខ្ញុំបានជួបនៅថ្ងៃនេះ៕ អាមែន
ដោយ ឆាក លាំង
Daily Program
