« នាឱកាសបុណ្យព្រះយេស៊ូប្រសូត្រសូមគ្រីស្តបរិស័ទ!ធ្វើខ្លួនជាអំណោយសម្រាប់បងប្អូនទូទៅ!»

បកស្រាយដោយ៖ (លោកបូចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)
បូ.រឿង ឆ័ត្រសិរី៖ អំណរសប្បាយដែលយើងមាន មិនត្រឹមតែធ្វើសម្រាប់ការតុបតែងនោះទេ សម្រាប់មនុស្សទាំងអស់គឺត្រូវទទួលស្គាល់ថា បុណ្យព្រះយេស៊ូប្រសូត្រ គឺជាការបើកចំហរឲ្យមនុស្សទាំងអស់ទទួលនៅដំណឹងល្អពីព្រះយេស៊ូគ្រីស្តដែលទ្រង់កើតជាមនុស្សនាំសេចក្តីស្រលាញ់ នាំការលើកលែងទោស នាំដំណឹងល្អមកឲ្យយើងទាំងអស់គ្នា។
ពេលនេះជាឱកាសល្អមួយដែលយើងអញ្ជើញបងប្អូនឲ្យមកចូលរួម និងចែកអំណរសប្បាយ និងចែកពេលវេលាចែកដំណឹងល្អឲ្យគ្នាទៅវិញទៅមក។ ព្រះសហគមន៍របស់យើង មិនថាកាតូលិក ឬប្រូតេស្តង់ យើងឃើញថាជាពេលវេលមួយល្អ ដើម្បីឲ្យបងប្អូនឯទៀតៗដែលមិនទាន់ស្គាល់ព្រះយេស៊ូ អាចចូលរួមក្នុងបុណ្យព្រះយេស៊ូប្រសូត្របាន។ មានន័យថាគាត់អាចចូលក្នុងការអធិដ្ឋានដើម្បីសុំទូលអង្វរព្រះជាម្ចាស់មកប្រសូត្រជាមនុស្ស និងនៅក្នុងក្រុមគ្រួសាររបស់គេម្នាក់ៗ។ បងប្អូនជាទីស្រលាញ់ បុណ្យព្រះយេស៊ូប្រសូត្រមិនមែនសម្រាប់តែក្រុមគ្រីស្តបរិស័ទនោះទេ គឺជាបុណ្យសម្រាប់មនុស្សទាំងអស់។ ព្រះសហគមន៍ចាត់ទុកថាថ្ងៃពិសេសជាបុណ្យព្រះគ្រីស្តសម្តែងព្រះអង្គ ជាបុណ្យមួយដែលហោរាចារ្យទាំងបីមកពីទិសខាងកើត។
ពួកគាត់មិនមែនជាគ្រីស្តបរិស័ទទេ ហើយក៏មិនបានស្គាល់ព្រះជាម្ចាស់អីដែរ តែពួកគាត់បានយកអំណោយរួមមាន មាស គ្រឿងតម្បាញ និងជ័រល្វីងទេសមកជូនព្រះយេស៊ូ ដែលមានអត្ថន័យផ្សេងៗគ្នា។ គឺពួកគាត់ជាដំណាងឲ្យបងប្អូនមិនទាន់ស្គាល់ព្រះគ្រីស្ត ប៉ុន្តែមកស្វាគមន៍ ឬថ្វាយបង្គំព្រះគ្រីស្តដែលបានកើតជាមនុស្ស។ ទោះបីមានសំណួរមួយចំនួនបានចោទឡើងថា ហេតុអ្វីស្តេចមកកើតក្នុងក្រោលគោ ក្នុងស្នូកសត្វអីជាដើម..។ បងប្អូន ជាការពិតណាស់ក្រុមហោរាចារ្យបានដឹងយ៉ាងច្បាស់ថាព្រះយេស៊ូ ជាព្រះសង្គ្រោះបានប្រសូត្រហើយ ដូច្នេះអំណោយទានរបស់ព្រះជាម្ចាស់ត្រូវបានប្រគល់ទៅឲ្យមនុស្សទាំងអស់ដែលមានចិត្តករុណា ហើយតែងតែចែករំលែកអំណោយផ្សេងៗទៅមនុស្សចាស់ និងកូនក្មេង។
ពេលវេលាបុណ្យព្រះយេស៊ូប្រសូត្រជាពេលដែលគ្រីស្តបរិស័ទត្រូវចែករំលែកអំណោយទៅមនុស្សនៅជុំវិញខ្លួនតាមលទ្ធភាពដែលមានដោយក្តីអំណរ។ ព្រះយេស៊ូប្រសូត្រសម្រាប់មនុស្សទាំងអស់ រួមជាមួយអំណរសប្បាយទៅដល់អស់អ្នកដែលកំពុងតែជួបការលំបាក ត្រូវការជំនួយនៅក្នុងជីវិត។ គ្រីស្តបរិស័ទទាំងអស់ត្រូវធ្វើខ្លួនជាអំណោយសម្រាប់បងប្អូនទូទៅគ្រប់កាលៈទេសៈទាំងអស់។
មិនមែនមានន័យថាគ្រីស្តបរិស័ទត្រូវត្រៀមលុយច្រើនដើម្បីធ្វើបុណ្យធ្វើទាននោះទេ តែគ្រាន់តែបងប្អូនមានសម្តីល្អ ទឹកមុខរស់រាយបង្កប់ដោយស្នាមញញឹម មានជីវិតរស់នៅល្អ និងផ្តល់ឲ្យអស់អ្នកដែលរស់នៅវិញសប្បាសយរីករាយនោះ គឺបងប្អូនជាអំណោយសម្រាប់គេហើយ៕ អាមែន
ដោយ ឆាក លាំង
Daily Program
