« ដើម្បីឲ្យការអនុវត្តជំនឿរប​ស់ខ្លួនបានត្រឹមត្រូវ គ្រីស្តបរិស័ទម្នាក់ៗ ត្រូវធ្វើបែបណាខ្លះ?»

បកស្រាយដោយ៖ (លោកបូជាចារ្យ រឿង ឆ័ត្រសិរី ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
បូ.រឿង ឆ័ត្រសិរី៖ ព្រះយេស៊ូប្រទានពន្លឺឲ្យយើងគ្រប់គ្នាណាបងប្អូន! ការណែនាំរបស់ព្រះយេស៊ូតម្រូវឲ្យយើងត្រូវអនុវត្តតាមវិន័យថ្មី វិន័យថ្មីរបស់ព្រះគ្រីស្តយេស៊ូ គឺសេចក្តីស្រឡាញ់។ បងប្អូនដែលបានខិតខំបង្ហាញសេចក្តីស្រឡាញ់ទៅមនុស្សនៅជុំវិញខ្លួន គឺបងប្អូនកំពុងតែអនុវត្តនៅវិន័យថ្មីរបស់ព្រះយេស៊ូ។ នេះជាជំនឿដែលបងប្អូនត្រូវតែខិតខំ​អនុវត្ត។

តែការវាយតំលៃថ្មីនៅក្នុងរឿងជំនឿនេះយើងម្នាក់ៗមិនអាចវាយតំលៃបានថា ជំនឿនេះយើងមិនអាចយកតាមមនុស្សម្នាក់ៗបានទេ គឺយើងអាចវាយតំលៃជំនឿតាមមនោសញ្ចេតនារបស់យើង តាមការយល់ឃើញផ្ទាល់ខ្លួន ឬក៏តាមរយៈព្រះវិញ្ញាណដវិសុទ្ធជួយបំភ្លឺយើងផ្សេងៗពីគ្នា។ តែជូនកាលការអនុវត្តរបស់យើងក្លាយទៅជាការប៉ះពាល់ដល់អ្នកដទៃ បែរជាទៅមើលងាយអ្នកដទៃ ទៅធ្វើបាបអ្នកដទៃ បណ្តាលឲ្យសង្គមយើងមានបញ្ហាអសកម្ម ឬក៏អសថ្ថេរភាពជាដើម។

បងប្អូនជំនឿរបៀបនេះ មិនមែនជាជំនឿដែលស្របតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់នោះទេ ដោយសារតែវាផ្ទុយពីសេចក្តីដែលព្រះអង្គបានបង្រៀន។ ហេតុដូច្នេះហើយ ព្រះយេស៊ូបានរៀបចំឲ្យយើងមានអង្គភាព ឬក៏មានចលនាមួយដើម្បីឲ្យមានការជួយគ្នា ហើយក៏រំលឹកឲ្យដឹងពីការអនុវត្តរបស់យើងថាបានត្រឹមត្រូវតាមស្ថានភាព តាមពេលវេលាឬក៏អត់។

ការរស់នៅក្នុងព្រះសហគមន៍ គឺរស់នៅតាមចលនារបស់ព្រះយេស៊ូគ្រីស្ត ដែលជាវិន័យថ្មីមួយ តែការស់នៅរបស់ព្រះសហគមន៍កាតូលិកបានបង្ហាញឲ្យយើងដឹងថា តើយើងគួរធ្វើបែបណាឲ្យបានត្រឹមត្រូវ គឺយើងមានមហាសន្និបាតដែលមានសារៈសំខាន់ដូចខាងក្រោម៖

ទី១៖ ឲ្យយើងត្រឡប់ទៅមើលព្រះគម្ពីរ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សំខាន់មែនទែនសម្រាប់យើងជាគ្រីស្តបរិស័ទ ឬបំភ្លឺយើងថាបានអនុវត្តត្រឹមត្រូវឬអត់? បើសិនយើងជំទាស់និងព្រះគម្ពីរ ជំទាស់និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិតណាស់យើងមិនអាចធ្វើបានទេ។

ទី២៖ ទំនៀមទំលាប់របស់ព្រះសហគមន៍ដែលបានរក្សាទុករាប់ពាន់ឆ្នាំ ជាពិសេសក្នុងព្រះសហគមន៍កាតូលិក។ ទាហរណ៍៖ រឿងអគ្គសញ្ញាដែលព្រះសហគមន៍កាតូលិករក្សាទុក នេះជាជំនួយដ៏សំខាន់ដែលព្រះសហគមន៍ព្យាយាមណែនាំឲ្យបងប្អូនរស់នៅដោយមានជំនួយនេះ ឬទំនៀមទំលាប់នៃការអធិដ្ឋាន ការចូលរួមពិធីបុណ្យ...ជាដើម។

ទី៣៖ ការណែនាំរបស់ព្រះសហគមន៍ ឬការណែនាំអំពីសម្តេចប៉ាប ឬលោកអភិបាល លោកបូជាចារ្យ ជាពិសេសការណែនាំបង្រៀនបន្តបន្ទាប់ពីក្រុមគ្រីសទូត។ យើងឃើញថាការវាយតំលៃស្ថានភាពនេះ ធ្វើយ៉ាងម៉េចដើម្បីឲ្យព្រះសហគមន៍រស់នៅបានក្នុងស្ថានភាពថ្មី ការណែនាំឬក៏សារលិខិត និងការពន្យល់ពីព្រះសហគមន៍ ជួយឲ្យយើងដឹងថានេះជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ បងប្អូនក្នុងព្រះគម្ពីរ ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការណែនាំរបស់ព្រះសហគមន៍សព្វថ្ងៃនេះ ជួយឲ្យយើងរស់នៅដោយសមស្របតាមជំនឿ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail