« ជាគ្រីស្តបរិស័ទ! គ្រាន់តែមានវត្តមានព្រះជាម្ចាស់ក្នុងជីវិត គឺគ្រប់គ្រាន់ហើយ ឬយ៉ាងណា? »

បកស្រាយដោយ៖ (លោកបូជាចារ្យអេមេល្សដាល ហ្វ្រង់ស្វ័រ ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ បងប្អូន តាមពិតមានទីសម្គាល់ជាច្រើនដែលបង្ហាញអំពីវត្តមានរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ ហើយក៏មានសកម្មភាព និងកិច្ចការជាច្រើន ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅលើផែនដីនេះ។ ទ្រង់មានវត្តមានក្នុងជីវិតរបស់មនុស្សលោកពិតប្រាកដមែន
ទី១៖ អ្វីៗទាំងអស់សព្វសារពើគឺព្រះជាម្ចាស់បានបង្កើតមក រួមមានផែនដី សត្វគ្រប់ប្រភេទ និងមនុស្ស ដែលជាទីសម្គាល់សំខាន់ជាងគេនៅលើផែនដីនេះ។ ហើយក៏មានទីសម្គាល់ផ្សេងទៀត ពេលយើងអានព្រះគម្ពីរ យើងយល់ថាព្រះជាម្ចាស់ ជាអ្នកជ្រើសរើសប្រជាជនអ៊ីស្រាអែល ឲ្យស្គាល់ និងស្រលាញ់ព្រះអង្គ។ ពេលណាយើងបានអានព្រះគម្ពីរ បន្តិចម្តងៗយើងជឿថាវត្តមានព្រះជាម្ចាស់គង់នៅជាមួយគ្រប់ពេលវេលា ទ្រង់ជាព្រះសង្គ្រោះ ជាព្រះរំដោះមនុស្សឲ្យរួចពីទុក្ខទាំងពួង។
ទី២៖ ទីសម្គាល់មួយទៀតគឺព្រះយេស៊ូមានព្រះជន្មរស់នៅលើផែនដីនេះ ក្រោយទ្រង់មានព្រះជន្មថ្មីនិងបានបង្ហាញព្រះអង្គឲ្យក្រុមសាវគឃើញ ហើយក្រុមសាវគទាំងអស់នោះបានប្រកាសដំណឹងល្អនៅជុំវិញពិភពលោក គឺតាមរយៈសកម្មភាពព្រះសហគមន៍ គឺជាសកម្មភាពដែលគ្រីស្តបរិស័ទបានធ្វើក្នុងនាមព្រះយេស៊ូ ជាពិសេសការប្រសូត្រជាមនុស្សលោក។ គ្រប់កិច្ចការរបស់ព្រះសហគមន៍គឺបង្ហាញពីវត្តមានរបស់ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយបងប្អូន។
បងប្អូនជីវិតអ្នកបួសបានលះបង់អ្វីៗទាំងអស់ក្នុងគោលដៅតែមួយគឺ បម្រើព្រះជាម្ចាស់ ធ្វើជាសក្ខីភាពអំពីវត្តមានរបស់ទ្រង់នៅលើភពផែនដីនេះ។ ដូច្នេះបើសិនយើងមានចិត្តទូលាយហើយស្វែងរកព្រះជាម្ចាស់ពិតមែន យើងអាចមើលឃើញទីសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។ តែផ្ទុយទៅវិញមានមនុស្សខ្លះបដិសេដមិនទទួលស្គាល់ព្រះអង្គ គេមិនអាចមើលឃើញអំពីទីសម្គាល់ដ៏អស្ចារ្យរបស់ទ្រង់ផងឡើយ។
បងប្អូនជាទីស្រលាញ់! ចូរបងប្អូនស្វែងរកទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយព្យាយាមអធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ សូមទ្រង់យ៉ាងមកដើម្បីបញ្ជាក់ពីវត្តមាន និងសេចក្តីស្រលាញ់របស់ទ្រង់មកក្នុងជីវិតមនុស្សម្នាក់។ ពេលនោះព្រះជាម្ចាស់និងជួយបំភ្លឺជីវិតរបស់បងប្អូន ឲ្យតែយើងមានចិត្តសុភាព ហើយបន្ទាបខ្លួនហើយទទួលស្គាល់ថាខ្លួនជាសត្វលោក និងមានព្រះជាម្ចាស់ជាម្ចាស់នៃជីវិតយើងម្នាក់ៗ។ ហេតុនេះហើយសូមបងប្អូនស្វែងរកទីសញ្ញាសម្គាល់នៃវត្តមាន និងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ នោះទ្រង់និងប្រទានឲ្យយើងគ្រប់គ្នាជាក់ជាមិនខានឡើយ៕ អាមែន
ដោយ ឆាក លាំង
Daily Program
