« ជាគ្រីស្តបរិស័ទត្រូវតែចេះលើកលែងទោសឲ្យអ្នកដទៃ! ហេតុអ្វី? »

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ បងប្អូនដឹងហើយការលើកលែងទោសដល់អ្នកដទៃពិតជាពិបាកណាស់! ពេលគេធ្វើបាបយើង ភ្លាមៗយើងខឹងយើងចង់សងសឹក ហើយយើងទុករឿងនេះជារឿងអាក្រក់នៅក្នុងខ្លួ​នយូរណាស់ ដោយសារយើងជាមនុស្សសាមញ្ញ ពេលខ្លះយើងមិនចង់លើកលែងទោសឲ្យគេទេ។ ប៉ុន្តែបើយើងជាគ្រីស្តបរិស័ទ ជាអ្នកមានជំនឿលើព្រះយេស៊ូ យើងត្រូវតែខិតខំលើកលែងទោសឲ្យអ្នកដទៃ មួយវិញទៀតយើងត្រូវតែមានបំណងចង់លើកលែងទោសឲ្យគេ។

ព្រោះថាព្រះជាម្ចាស់បានលើកលែងទោសឲ្យយើងម្នាក់ៗ ព្រះអង្គបានប្រទានព្រះបុត្រាតែមួយឲ្យមនុស្សលោក ហើយមនុស្សលោកបានសម្លាប់ព្រះបុត្រា ប៉ុន្តែព្រះជាម្ចាស់នៅតែលើកលែងទោសឲ្យមនុស្សលោក ឲ្យរួចពីអំពើបាបដែលពួកគេបានប្រព្រឹត្តិ មិនតែប៉ុណ្ណោះ ទ្រង់បានប្រោសប្រទានឲ្យមនុស្សលោកមានជីវិតថ្មី ជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ដើម្បីរួមរស់ជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ បងប្អូនជាទីស្រលាញ់! ពិតប្រាកដមែនការលើកលែងទោសមិនស្រួលប៉ុន្មានទេ!ដើម្បីធ្វើរឿងនេះបាន មិនមែនកំលាំងដែលមកពីយើងផ្ទាល់ខ្លួននោះទេ ព្រោះថាយើងទន់ខ្សោយ យើងជាមនុស្សមានអំពើបាប។ ហេតុនេះហើយយើងត្រូវការកំលាំងដែលមកពីព្រះជាម្ចាស់។

កិច្ចការដែលយើងត្រូវប្រព្រឹត្តគឺ ទី១៖ ត្រូវបែរមុខទៅរកព្រះជាម្ចាស់ជាអ្នកសង្គ្រោះយើង ដើម្បីឲ្យយើងមានកំលាំងក្នុងការលើកលែងទោសឲ្យគេ។ មួយវិញទៀតយើងត្រូវតែអធិដ្ឋាន ទុកពេលវេលាឲ្យរសាយចិត្ត ហើយផ្ញើអ្វីៗទាំងអស់ទៅព្រះជាម្ចាស់។ បើសិនជាយើងខឹង ក៏ខឹងទៅប៉ុន្តែស្ថិតនៅក្នុងការអធិដ្ឋាន។ បើយើងមានចិត្តចង់សងសឹក សូមយើងទូលអង្វរទៅព្រះជាម្ចាស់និងព្យាយាមទំនាក់ទំនងជាមួយព្រះជាម្ចាស់។ មួយវិញទៀតត្រូវរិះគិតឡើងវិញឲ្យបានច្បាស់លាស់ថាព្រះជាម្ចាស់បានលើកលែងទោសឲ្យយើងយ៉ាងមិច? ហើយនឹកគិតអំពីព្រះហឫទ័យរបស់ព្រះអង្គចំពោះអ្នកបាបទាំងអស់យ៉ាងណា? និងអស់អ្នកដែលបានសម្លាប់ព្រះយេស៊ូនៅលើឈើឆ្កាង។

បងប្អូន! ការដូច្នេះយើងមិនមែនគិតតែអំពីខ្លួនឯង គឺគិតដល់ព្រះយេស៊ូ អំពីការលើកលែងទោសដ៏អស្ចារ្យ ដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ។ ក្នុងកិច្ចការដ៏លំបាកមួយនេះ យើងត្រូវបែរមុខទៅរកព្រះជាម្ចាស់ដើម្បីទទួលបានកំលាំង ហើយព្យាយាមមានទំនាក់ទំនងជាមួយអស់អ្នកដែលបានធ្វើបាបយើង រកឳកាសល្អនិយាយពន្យល់ឲ្យបានយល់ចិត្តគ្នាទៅវិញទៅមក និងទទួលកំហុសដែលធ្វើហួសលើគ្នាទៅវិញទៅមក។ បងប្អូន ធ្វើដូច្នេះប្រហែលយើងអាចលើកលែងទោសឲ្យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អនិងគ្នាឡើងវិញនៅពេលខាងមុខជាក់ជាពុំខានឡើយ។

ទី២៖ សំខាន់ណាស់ គឺយើងមានចិត្តលើកលែងទោសឲ្យគេពិតប្រាកដមែន! មានន័យថា យើងមិនមានគំនិតចង់ឈ្លោះគ្នាម្តងទៀតនៅពេលក្រោយ ឬពេលដែលយើងមិនសប្បាយចិត្ត។ យើងជាគ្រីស្តបរិស័ទ ការលើកលែងទោសគឺធ្វើឡើងយ៉ាងពិតប្រាកដមែន។ កំហុសឆ្គង រឿងម៉ងសៅដែលបានកើតឡើងកន្លងមកគឺវាបានកន្លងផុតអស់ហើយមិនបាច់និយាយសារថ្មីនោះទេ។

ទី៣៖គឺយើងមានជីវិតថ្មីរួមជាមួយមិត្តសម្លាញ់ថ្មីរបស់យើង ដូច្នេះសុំឲ្យបងប្អូនគ្រីស្តបរិស័ទទាំងអស់ ទុកពេលរិះគិតពិចារណា ទុកពេលដើម្បីអធិដ្ឋាន ហើយមានចិត្តក្លាហានដើម្បីទៅជួបនិយាយតទល់ជាមួយអស់អ្នកដែលបានធ្វើបាបយើង ដោយបង្ហាញ ពីការស្រលាញ់រាប់អាន នឹងរួមគ្នាបន្តដំណើរជីវិតថ្មីជាមួយគ្នា ដែលមានព្រះជាម្ចាស់អ្នកបំភ្លឺផ្លូវ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail