«ហេតុអ្វីព្រះជាម្ចាស់ចាត់ព្រះយេស៊ូឲ្យយាងមកក្នុងពិភពលោកនេះ?»

បកស្រាយដោយ៖ (លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍កាតូលិភូមិភាគកំពង់ចាម)

បូ. ផាន បូរី៖ ការសម្តែងវត្តមានរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ គឺក្នុងគោលដៅសង្គ្រោះមនុស្សលោក! ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតបរិសុទ្ធ ដោយសារតែនៅលើផែនដីនយើងនេះពោរពេញទៅដោយអំពើបាប។ ដោយសារអំពើបាប ដោយសារមាសាតាំងបានរុញច្រានសេចក្តីសុខឲ្យឆ្ងាយពីមនុស្សលោក ហេតុនេះមានវត្តមានរបស់ព្រះយេស៊ូតែមួយគត់ដែលនាំឲ្យមនុស្សមានសេចក្តីសុខសាន្តឡើងវិញ។

បងប្អូន! មនុស្សទាំងអស់មានសិទ្ធបដិសេដមិនទទួលយកដំណឹងល្អពីព្រះជាម្ចាស់ ទ្រង់មិនបង្ខិតបង្ខំគេឡើយ។ បើគេពេញចិត្តទទួល គេអាចសូមយាងឲ្យព្រះយេស៊ូចូលទៅក្នុងផ្ទះរបស់គេផងដែរ​។ នេះជាជំនឿដែលបងប្អូនមាន ហើយក៏ទទួលស្វាគមន៍យ៉ាងពេញចិត្តថែមទៀតផង។ ព្រះយេស៊ូបានមានព្រះបន្ទូលថា បើបងប្អូនស្វាគមន៍នណាម្នាក់ដោយចិត្តរីករាយ ក៏ដូចជាបានស្វាគមន៍ទ្រង់ផងដែរ។ ព្រះគម្ពីរម៉ាកូសជំពូក៦ ព្រះយេស៊ូបានត្រាស់ហៅក្រុមសាវគឲ្យមក ហើយទ្រង់បានចាត់គេ ២នាក់ៗឲ្យមានបេសកម្មចេញទៅប្រកាសដំណឹងល្អ។

ព្រះជាម្ចាស់មានគំរោងការណ៍ឲ្យមនុស្សលោកទាំងអស់ស្គាល់ព្រះជាម្ចាស់ និងព្យាយាមប្រតិបត្តិតាមព្រះហឫទ័យរបស់ទ្រង់ឲ្យបានល្អផងដែរ។ គម្ពីរម៉ាកូសដដែលនៅក្នុងជំពូក១១ បានរៀបរាប់ថា «បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្តាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផងទុកជាការព្រមានគេ»។

មានន័យថានៅក្នុងសម័យព្រះយេស៊ូមានអ្នកខ្លះព្រមទទួល អ្នកខ្លះទៀតមិនព្រមទទួលដំណឹងល្អដែលមកពីព្រះយេស៊ូ។ ប្រសិនបើគេទទួលដំណឹងល្អយើងនៅជាមួយគេ យើងចែករំលែកបទពិសោធន៍ជាមួយគេ តែបើគេមិនទទួល យើងទៅកន្លែងផ្សេងទៀត។ យើងមិនអាចបង្ខំនណាម្នាក់ឲ្យជឿបានទេ ព្រោះជំនឿទាក់ទងនិងបុគ្គលផ្ទាល់ខ្លួនជាមួយនិងព្រះជាម្ចាស់ ហើយមនុស្សម្នាក់មានសិទ្ធបដិសេដថាទទួល ឬមិនទទួលព្រះជាម្ចាស់។ បងប្អូនគម្រោងការរបស់ព្រះជាម្ចាស់សម្តែងឡើងគឺចង់ឲ្យមនុស្សរស់នៅដោយសេចក្តីសុខសាន្តជាមួយគ្នា កសាងអនាគតល្អរួមគ្នា កសាងស្នាព្រះហស្តរបស់ព្រះជាម្ចាស់រួមជាមួយគ្នា។ ដោយលប់បំបាត់ហិង្សា សង្រ្គាម ភាពអយុត្តិធម៌និងអំពើអាក្រក់ទាំងពួងនៅក្នុងសង្គម។

បងប្អូនរួមជំនឿអើយ! ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ គ្រីស្តបរិស័ទត្រូវតែប្រកាសដំណឹងល្អ។ ព្រោះថាក្រោយពីបងប្អូនទទួលអគ្គសញ្ញជ្រមុជទឹករួចហើយបងប្អូនបានទទួលព្រះអំណោយទាន បងប្អូនបានទទួលជីវិតថ្មីពីព្រះជាម្ចាស់ ហើយបងប្អូនត្រូវមានបេសកម្មប្រកាសដំណឹងល្អ ឬក៏ត្រូវចែកអំណោយទាននេះឲ្យបានត្រឹមត្រូវទៅអ្នកនៅជុំវិញខ្លួន៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail