«ហេតុផលអ្វីខ្លះដែលយើងត្រូវតែទទួលបងប្អូនឯទៀត ជាបងប្អូនរបស់យើង?»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង)
បូ. ហ្រ្វង់ស្វ័រ៖ បងប្អូនបើយើងក្រឡេកទៅមើលវិន័យរបស់ព្រះយេស៊ូ ទ្រង់បានមានព្រះបន្ទូលថា«ចូរស្រឡាញ់គ្នាទៅវិញទៅមក!» ពិតណាស់យើងជាអ្នកជឿលើព្រះយេស៊ូ យើងត្រូវតែជឿលើទ្រង់ជានិច្ច។ ព្រះយេស៊ូបានបញ្ជាឲ្យក្រុមគ្រីស្តទូតត្រូវស្រឡាញ់គ្នាទៅវិញទៅមក ធ្វើដូច្នេះអ្នកដទៃគេនិងយល់ថាយើងជាសាវគពិតប្រាកដរបស់ព្រះយេស៊ូត្បិតយើងចេះស្រឡាញ់គ្នា នោះបង្ហាញថាយើងជាសិស្ស និងជាអ្នកដែលជឿលើព្រះយេស៊ូ។
បើសិនយើងមិនចេះស្រឡាញ់គ្នា យើងនិងរស់នៅតាមបែបចាស់ ឬក៏តាមបែបលោកីយ៍ដូចពីមុន។ តែដោយសារតែយើងបានស្គាល់ព្រះយេស៊ូ យើងបានជ្រមុជនៅក្នុងអង្គព្រះយេស៊ូ យើងត្រូវតែចេះស្រឡាញ់គ្នាទៅវិញទៅមកដូចជាបងប្អូននិងគ្នា។ ព្រោះយើងមានព្រះជាម្ចាស់ ជាព្រះបិតាតែមួយរបស់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់។ មួយវិញទៀតបើចង់ស្រឡាញ់អ្នកដទៃយើងត្រូវយកព្រះយេស៊ូធ្វើជាគំរូ ហើយព្យាយាមអនុវត្តន៍តាមពាក្យទូលន្មានរបស់ព្រះយស៊ូ ដោយទ្រង់មានបន្ទូលថា« ចូរស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នកដទៃដែរ»។
បងប្អូនដឹងហើយថា ព្រះយេស៊ូបានស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតទ្រង់បានបន្ទាបខ្លួនលាងជើងឲ្យក្រុមសាវគ និងបម្រើគ្រប់សាវគរហូតដល់ទ្រង់យាងចូលទីវង្គត់នៅលើឈើឆ្កាងថែមទៀតផង។ ហេតុនេះយើងជាអ្នកជឿត្រូវស្រឡាញ់អ្នកដទៃដូចព្រះយេស៊ូស្រឡាញ់យើង ដោយខិតខំបម្រើគ្នាទៅវិញទៅមក។ ជាការពិតណាស់ ធ្វើដូច្នេះប្រហែលជាពេលខ្លះពិបាក ប៉ុន្តែការខិតខំធ្វើកិច្ចការទាំងអស់នេះ គឺបង្ហាញថាយើងជាគ្រីស្តបរិស័ទពិតប្រាកដ។
ក្នុងព្រះគម្ពីរបានកត់ត្រាថា យើងជាគ្រីស្តបរិស័ទមិនត្រឹមតែស្រឡាញ់អ្នកដទៃជាបងប្អូននោះទេ ប៉ុន្តែចេះស្រឡាញ់រាល់មនុស្សទាំងអស់ សូម្បីតែអ្នកដែលបានធ្វើបាបយើង និងខិតខំលើកលែងទោសឲ្យគេផងដែរ។ បងប្អូនបើយើងស្រឡាញ់ខ្មាំងសត្រូវ ពិតណាស់យើងត្រូវតែខិតខំទូលអង្វរព្រះជាម្ចាស់ឲ្យលើកលែងទោសឲ្យគេ បំភ្លឺគេឲ្យកែប្រែចិត្តគំនិតរស់នៅប្រកបដោយសេចក្តីសុខ និងបំពេញកិច្ចការដែលល្អៗ។
បងប្អូនជាទីស្រឡាញ់! ថ្ងៃដែលព្រះយេស៊ូបានសោយទីវង្គត់នៅលើឈើឆ្កាង ទ្រង់បានលើកលែងទោសឲ្យគេ ជាពិសេសអស់អ្នកដែលបានបៀតបៀនព្រះអង្គ។ ហេតុនេះហើយសូមបងប្អូនព្យាយាមស្រឡាញ់អ្នកដទៃដូចជាបងប្អូនបង្កើត ហើយខិតខំបង្កើតជាក្រុមគ្រួសារតែមួយនៅលើផែនដី បង្កើតសង្គមដែលពោរពេញដោយយុត្ថិធម៌ និងក្តីស្រឡាញ់ពិតប្រាកដមែន។ ព្រោះសង្គមនាពេលបច្ចុប្បន្ននេះនៅជុំវិញពិភពលោក ពិតជាពិបាករស់នៅណាស់។ ដូច្នេះសូមឲ្យបងប្អូនគ្រីស្តបរិស័ទធ្វើជាគំរូសម្រាប់អ្នកដទៃ សូមឲ្យយើងផ្តល់សេចក្តីសង្ឃឹមដល់ពូកគេ និងអាចរស់នៅដូចជាបងប្អូនគ្នានៅលើផែនដីនេះពិតប្រាកដមែន៕ អាមែន
ដោយ ឆាក លាំង
Daily Program
