«វាពិតជាពិបាកណាស់មែនទេក្នុងការលើកលែងទោសឲ្យអ្នកដទៃ!»

បកស្រាយដោយ៖ (លោកបូជាចារ្យអេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហកមន៍កាតូលិកមណ្ឌលសកម្ម​ភាពភ្នំពេញខាងត្បួងនាភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ ការលើកលែងទោសឲ្យនណាម្នាក់ដែលបានធ្វើបាបយើងគឺពិតជាពិបាកខ្លាំងណាស់ព្រះជាម្ចាស់អើយតើត្រូវធ្វើបែបទៅ? បងប្អូន! យើងជាមនុស្សទន់ខ្សោយពេលខ្លះយើងគុំគួន យើងខឹង យើងមិនចង់និយាយជាមួយគេព្រោះតែគេបានធ្វើបាបយើង។ ប៉ុន្តែយើងជាគ្រីស្តបរិស័ទ ព្រះជាម្ចាស់ជាព្រះបិតានៃយើង នៃសេចក្តីស្រឡាញ់បានសុំឲ្យយើងគ្រប់គ្នាចេះលើកលែងទោសឲ្យអ្នកដទៃ បើសិនជាយើងចង់ឲ្យព្រះជាម្ចាស់លើកលែងទោសខ្លួនដែរនោះ។

បងប្អូន! តាមពិតព្រះជាម្ចាស់បានលើកលែងទោសឲ្យយើង តាមអង្គព្រះយេស៊ូគ្រីស្ត​ហើយ! យើង​ដែលជាអ្នកមានបាបបានរួចពីបាបដោយការលើកលែងទោសនោះរួចទៅហើយ  មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គបានប្រទានសេចក្តីស្រឡាញ់ឲ្យយើងគ្រប់ពេលវេលាថែមទៀតផង។ ការលើកលែងទោសឲ្យគ្នាវាពិតជាពិបាកមែន តែមុនដំបូងយើងត្រូវរសាយចិត្តឲ្យមានអារម្មណ៍ល្អ ដោយធ្វើកិច្ចផ្សេងៗ រួមការអធិដ្ឋានសុំជំនួយពីព្រះជាម្ចាស់ ឲ្យយើងមានកំលាំងក្នុងការបំពេញកិច្ចការដ៏លំបាកមួយនេះ។

ដើម្បីអាចធ្វើកិច្ចការទាំងនេះបាន យើងត្រូវជួបផ្ទាល់ជាមួយអ្នកដែលយើងចង់លើកលែងទោសឲ្យ ដើម្បីនិយាយគ្នាដឹងពីមូលហេតុ ឬក៏ស្តាប់ហេតុផលណាមួយឲ្យបានច្បាស់លាស់។ បន្ទាប់មកទទួលយកហេតុផលទាំងសងខាង ទោះជាចេតនាក្តី អចេតនាក្តី និងលើកលែងទោសឲ្យគ្នាទៅវិញទៅមកដោយនិយាយពាក្យសុំទោសតាមកំហុសឆ្គងដែលបានប្រព្រឹត្ត។ យើងបានដឹងថា ព្រះយេស៊ូក៏មិនស្រួលប៉ុន្មានដែរ ជាក់ស្តែងនៅលើឈើឆ្កាងព្រះយេស៊ូបានរងទុក្ខលំបាកខ្លាំងណាស់រហូតដល់សុគត់។ ហើយព្រះអង្គក៏មានព្រះបន្ទូលដែរថា«ឱព្រះបិតាអើយសូមលើកលែងទោសឲ្យ​គេ ត្បិតគេមិនដឹងខ្លួនថា គេកំពុងប្រព្រឹត្តអ្វីនោះទេ!»។

បងប្អូនជាទីស្រឡាញ់ ដើម្បីលើកលែងទោសឲ្យគេប្រហែលយើងត្រូវធ្វើដូចព្រះយេស៊ូ ពេលខ្លះយើងមិននិយាយជាមួយគេផ្ទាស់ តែយើងបែរមុខទៅរកព្រះជាម្ចាស់សូមទ្រង់ប្រទានពរ សូមទ្រង់ជួយប្រទានកំលាំងដើម្បីឲ្យយើងលើកលែងទោសឲ្យគេ នៅពេលដែលយើងធើ្វមិនកើត។ យើងជាមនុស្សទន់ខ្សោយ ពិតជាពិបាកខ្លាំងណាស់ក្នុងការលើកលែងទោសឲ្យគេ ហេតុនេះហើយសូមព្រះអង្គមេត្តាជួយឲ្យខ្ញុំមានកំលាំងក្នុងការលើកលែងទោសឲ្យគេផង។ ខ្ញុំផ្ញើអ្វីៗទាំងអស់នៅក្នុងព្រះជាម្ចាស់ មានតែទ្រង់ទេដែលជួយដោះស្រាយរាល់កិច្ចការទាំងអស់នេះបាន។

មួយវិញទៀតការលើកលែងទោសនេះអាចធ្វើទៅបានលុះត្រាតែយើងចង់ផងដែរ គួបផ្សំនឹងមាន​កំលាំងមកពីព្រះជាម្ចាស់ថែមទៀតនោះ ប្រាកដណាស់ខ្ញុំពិតជាអាចលើកលែងទោសឲ្យគេបានជាក់ជាពុំខានឡើយ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail