«លក្ខណៈដ៏ពិសេសទាំងនេះហើយ បានជាមនុស្សទទួលបានសិទ្ធិជារូបតំណាងរបស់ព្រះជាម្ចាស់!»

បកស្រាយដោយ៖ (លោកបូជាចារ្យ ហ្វ្រង់ស្វ័រេ អេមេល្សដាល ពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូងនាភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ «មនុស្សលោកជារូបតំណាងរបស់ព្រះជាម្ចាស់ ព្រោះយើងមានលក្ខណៈដូចទ្រង់ត្រង់ប្រាជ្ញា យើងមានឆន្ទៈ និងចេះតបស្នងដោយការស្រឡាញ់ទៅព្រះអង្គវិញ»! មនុស្សលោកជាតំណាងមកពីព្រះជាម្ចាស់មិនមែនមកពីរូបកាយ ព្រោះថាព្រះជាម្ចាស់ជាវិញ្ញាណបរិសុទ្ធ ព្រះជាម្ចាស់គ្មានរូបកាយ ប៉ុន្តែមនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់គឺមានប្រាជ្ញាអាចយល់ មនុស្សមានឆន្ទៈ មនុស្សចេះស្រឡាញ់ ដែលនេះអាចនិយាយបានថា មនុស្សមានលក្ខណៈរបស់ព្រះជាម្ចាស់ដែលមានព្រះប្រាជ្ញាញ្ញាណគង់នៅជាមួយ។

វត្តមានរបស់ទ្រង់នៅក្នុងមនុស្សគ្រប់ៗគ្នាគឺពោរពេញដោយសេចក្តីស្រឡាញ់ យើងម្នាក់ៗជាអ្នកជឿ បានដឹង និងតែងតែនិយាយថាព្រះជាម្ចាស់មានព្រះប្រាជ្ញាញ្ញាណ ដែលបានបញ្ជូនព្រះបុត្រាមកសង្គ្រោះមនុស្សលោក គឺព្រះយេស៊ូបានចាប់កំណើតជាមនុស្សសាមញ្ញដូចមនុស្សសុទ្ធសាត។ ដែលជាហេតុនាំឲ្យមនុស្សលោកមានភាពជិតស្និតជាមួយព្រះជាម្ចាស់ រហូតបានទទួលមុខងារជារូបតំណាងរបស់ព្រះជាម្ចាស់។

មនុស្សលោកមានទស្សនៈ មានឆន្ទៈ ចេះស្រឡាញ់ដឹងគុណតបទៅព្រះអង្គវិញផងដែរ។ បងប្អូនជាទីស្រឡាញ់! មានគេនិយាយថាមនុស្សនិងសត្វដូចគ្នា ដោយហេតុថាសត្វមួយចំនួនចេះយល់ ចេះស្រឡាញ់ ចេះមានមនោសញ្ចេតនាចំពោះម្ចាស់យ៉ាងជ្រៀលជ្រៅ។ ប៉ុន្តែគំនិតប្រាជ្ញានិងឆន្ទៈរបស់សត្វមិនអាចប្រៀបនិងមនុស្សបានទេ ព្រោះថាសត្វមិនអាចយល់ មិនអាចស្គាល់ ឬក៏ខ្វល់ខ្វាយពីព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញមនុស្សលោកមានចិត្តស្រឡាញ់ និងតបស្នងសងគុណព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។

ហេតុថាមានតែមនុស្សទេដែលយល់ និងស្គាល់ពីតំលៃដ៏អស្ចារ្យដែលព្រះជាម្ចាស់បានប្រទានមក និងមានសេរីភាពពេញបរិបូរណ៍។ បងប្អូន! នេះជាលក្ខណៈដ៏មានតំលៃរបស់មនុស្ស ដែលធ្វើឲ្យមនុស្សមានសេចក្តីថ្លៃថ្នូរ ដោយហេតុថាមនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់ដោយគ្មានអ្នកណាម្នាក់អាចប្រកែកបាន។ ព្រះជាម្ចាស់ជាប្រភពនៃជីវិត ព្រះជាម្ចាស់ជាអ្នកបង្កើតអ្វីៗទាំងអស់សព្វសារពើ។ ព្រះអង្គជាទីចុងក្រោយនៃជីវិតរបស់យើង។

មានន័យថា ជាសុភមង្គលខ្លាំងណាស់ ហេតុនេះបានជាយើងមានតួនាទីដ៏ធំនៅក្នុងពិភពលោកនេះ គឺយើងជារូបតំណាងរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ បងប្អូនជាទីស្រឡាញ់អាប់អាន! ដើម្បីឲ្យឋានៈជារូបតំណាងរបស់ព្រះជាម្ចាស់ ដែលមនុស្សលោកកំពុងតែមានសព្វថ្ងៃនេះបញ្ចេញផលផ្លែនៃដំណឹងល្អដែលមកពីទ្រង់ សូមខិតខំរស់នៅឲ្យបានល្អ ខិតខំព្យាយាមស្គាល់ព្រះជាម្ចាស់ដែលជាប្រភពនៃយើងទាំងអស់គ្នា ហើយតបស្នងទៅវិញដោយក្តីស្រឡាញ់ដ៏ពិតប្រាកដ និងការដឹងគុណរហូតដល់ជីវិតចុងក្រោយរបស់យើងម្នាក់ៗ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail