«មូលហេតុចម្បង២ដែលជំរុញឲ្យយើងត្រូវតែខិតខំនៅជាមួយព្រះជាម្ចាស់!»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង នាភូមិភាគភ្នំពេញ)

បូ. ហ្រ្វង់ស្វ័រ៖ តើត្រូវធ្វើបែបណាដើម្បីឲ្យព្រះជាម្ចាស់គង់នៅជាមួយយើងជារៀងរហូត? បងប្អូនជាទីស្រឡាញ់!​ តាមពិតព្រះជាម្ចាស់បានគង់នៅជាមួយយើងគ្រប់ពេលទាំងអស់ ប្រសិនបើទ្រង់មិនគង់នៅជាមួយយើងម្នាក់ៗទេ យើងទាំងអស់គ្នាក៏មិនមានជីវិតនោះដែរ។ ព្រះជាម្ចាស់បានគង់នៅជាមួយខ្ញុំ ជំរុញឲ្យជីវិតខ្ញុំស្រស់បំព្រង និងប្រកបដោយផលផ្លែយ៉ាងសម្បូរបែប។

បងប្អូនរួមជំនឿជាទីស្រលាញ់! ព្រះជាម្ចាស់បានគង់នៅជាមួយអ្វីៗគ្រប់សារពើនៅលើភពផែនដីនេះ។ ផ្ទុយទៅវិញបើព្រះជាម្ចាស់មិនគង់នៅទេ ប្រាកដណាស់និងគ្មានអ្វីៗទាំងអស់។ ព្រះជាម្ចាស់ជាអ្នកបង្កើត ព្រះជាម្ចាស់ជាព្រភពនៃអ្វីៗទាំងអស់ ហើយព្រះជាម្ចាស់ក៏ជាអ្នកគាំទ្ររាល់គ្រប់ជីវិតទាំងអស់នៅលើផែនដីនេះ ទាំងរឿងល្អ និងរឿងអាក្រក់ដែលមនុស្សសត្វបានប្រព្រឹត្តជាប្រចាំថ្ងៃផងដែរ។​

សំណួរសួរថា៖ តើខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យព្រះជាម្ចាស់គង់នៅជាមួយខ្ញុំជានិច្ច? ពេលខ្លះខ្ញុំខ្លួនឯងបដិសេធមិននៅជាមួយព្រះជាម្ចាស់។ ខ្ញុំវង្វេងប្រព្រឹត្តអំពើបាបទាស់និងព្រះហឫទ័យរបស់ទ្រង់ ដោយព្យាយាមរស់នៅឆ្ងាយក្នុងសេចក្តីស្លាប់ដោយមិនដឹងខ្លួន និងសប្បាយរីករាយរស់នៅក្នុងសេចក្តីស្លាប់ដែលគ្មានវត្តមានទ្រង់នៅជាមួយ។ ការប្រព្រឹត្តអំពើបាបនេះហើយធ្វើឲ្យខ្ញុំកាន់​តែឃ្លាតឆ្ងាយដោយសារតែបាបក្នុងកាមលោកីយ៍ដែលបានអូសទាញ។

បងប្អូនដឹងហើយ ថាមានតែការអធិដ្ឋាន ប្រព្រឹត្តអំពើល្អ និងខិតខំព្យាយាមមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់ ជាពិសេសការស្តាប់ព្រះបន្ទូលរបស់ទ្រង់ ព្យាយាមនៅជាមួយព្រះអង្គ ព្យាយាមស្រឡាញ់អ្នកដទៃ សូម្បីតែខ្មាំងសត្រូវរបស់យើងក៏ដោយ។ ការខិតខំប្រតិបត្តិតាមព្រះហឫទ័យនេះហើយនិងនាំឲ្យយើង បាននៅជាប់ជាមួយព្រះជាម្ចាស់ និងទទួលបានជីវិតពេញបរិបូរណ៍ កាន់តែពិសេសជាងនេះទៅទៀតនោះ ខ្ញុំមានអំណរសប្បាយនៅក្នុងជីវិតរស់នៅ ទោះស្ថិតក្នុងទុក្ខលំបាកយ៉ាងណាក៏ដោយ។ 

បងប្អូនជាទីស្រឡាញ់! ហេតុនេះហើយសូមបងប្អូនខិតខំព្យាយាមនៅជាមួយព្រះជាម្ចាស់ ពីព្រោះព្រះជាម្ចាស់តែងបានគង់នៅជាមួយយើងគ្រប់ៗគ្នាហើយ។ សកម្មភាពដែលយើងត្រូវធ្វើគឺរស់នៅដោយក្តីស្រឡាញ់ចំពោះអស់បងប្អូននៅជុំវិញខ្លួន ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខិតខំចែករំលែកពន្លឺនៃក្តីសង្ឃឹមដែលមកពីព្រះវិញ្ញាណទៅបងប្អូន ជាពិសេសអ្នកដែលកំពុងតែជួបការលំបាក់រួមាន៖ មនុស្សចាស់ជោរា ស្រ្តីមេម៉ាយ កុមារកំព្រា...ជាដើម។ល៕  អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail