«តើគ្រប់សកម្មភាពរបស់បងប្អូនគ្រីស្តបរិស័ទ បង្ហាញពីវត្តមានព្រះជាម្ចាស់?»

បកស្រាយដោយ៖ (លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)
បូ. រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រលាញ់! ជីវិតម្នាក់ៗ គឺមានភាពខុសគ្នា ដែលយើងហៅថាជាព្រះអំណោយទាន! ព្រះវិញ្ញាណដ៏វិសុទ្ធមានសកម្មភាពនៅក្នុងព្រះសហគមន៍រ និងនៅលើគ្រីស្តបរិស័ទម្នាក់ៗ។ ជីវិតរបស់យើងរស់នៅបានក៏ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ជាពិសេសសម្រាប់អស់បងប្អូនដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក និងលាភថ្ងាស។ យើងមានលក្ខណៈជាគ្រីស្តបរិស័ទ ដោយសារយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈអគ្គសញ្ញាលាភថ្ងាស។
បងប្អូន! យើងម្នាក់មានព្រះវិញ្ញាណដ៏វិសុទ្ធ ហេតុនេះអ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យយើងម្នាក់ៗ យើងហៅថាព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ សមត្ថភាព ឬក៏អ្វីគ្រប់យ៉ាងដែលយើងមាននៅក្នុងជីវិតរបស់យើងមានសកម្មភាពផ្សេងគ្នា ដែលនេះគឺជាអំណោយទាន ឬក៏ជាព្រះពរមកពីព្រះជាម្ចាស់។ សម្រាប់រឿងអំណោយទាននេះជាចំណុចមួយដែលយើងអាចចែករំលែកឲ្យបងប្អូនឯទៀតៗបាន ដែលបងប្អូនខ្លះមាន តែបងប្អូនខ្លះអត់។
បងប្អូនណាដែលមានភាពឆ្លាតវៃ បានយកព្រះអំណោយទានដែលខ្លួនបានទទួលពីព្រះជាម្ចាស់នោះទៅជួយអ្នកដទៃ និងជួយសង្គម ដែលធ្វើឲ្យព្រះសហកមន៍មានការរីកចម្រើនទៅមុខ ជាពិសេសរីកចម្រើនខាងផ្លូវវិញ្ញាណ។ ដូច្នេះជីវិតនៅក្នុងព្រះសហគមន៍គឺមានព្រះអំណោយទានច្រើន ដែលធ្វើឲ្យយើងអាចមានលក្ខណៈខុសៗគ្នាដូចជារាងកាយមួយរបស់ព្រះអម្ចាស់ដែលមានអាវៈជីវៈខុសៗគ្នា។
ប៉ុន្តែយើងម្នាក់ៗក៏ជារួបកាយតែមួយរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តដែរ។ បងប្អូនជាទីស្រលាញ់! ការបែងចែកព្រះវិញ្ញាណនោះ វាមានសារៈសំខាន់ជាពិសេសអ្វីដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ទៅអស់បងប្អូនដែលនៅជុំវិញខ្លួនឲ្យបានទទួលដូចយើងដែរ។ យើងអាចអញ្ជើញព្រះវិញ្ញាណជូនទៅបងប្អូន ដោយសារយើងចង់លើកទឹកចិត្តគ្នា ឬនៅពេលយើងអធិដ្ឋានជាមួយគ្នាសុំព្រះវិញ្ញាណយាងមកនៅក្នុងអង្គប្រជុំរបស់យើង។
ពេលនោះហើយ ជាវេលាដែលព្រះវិញ្ញាណមានស្រាប់នៅក្នុងខ្លួនយើងម្នាក់ៗបញ្ចេញរស្មី បញ្ចេញសកម្មភាពដើម្បីឲ្យការជួបជុំគ្នារបស់យើងមានជីវិតរស់រវើក។ ដូច្នេះដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺអស់បងប្អូន យើងអាចចែករំលែកដំណឹងល្អទាំងនេះតាមរយៈការទូលអង្វរទៅកាន់ព្រះបិតាដែលជាប្រភពដើមនៃយើងទាំងអស់គ្នា។ ជារួមការអធិដ្ឋានដែលយើងម្នាក់ៗអាចសុំឲ្យព្រះវិញ្ញាណដ៏វិសុទ្ធទៅដល់អ្នកដទៃ ហើយអំណោយទានដែលយើងមានគឺត្រូវចែកចាយ! នេះជាមាគារបស់ព្រះជាម្ចាស់ដែលប្រភពដើមនៃយើងទាំងអស់គ្នា។ អាមែន
ដោយ ឆាក លាំង
Daily Program
