«គ្រីស្តបរិស័ទ និងអគ្គសញ្ញាលើកលែងទោស»

បកស្រាយដោយ៖ (លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)

បូ. រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រឡាញ់យើងដឹងហើយថា យើងមានជីវិតថ្មីដ៏រុងរឿង ចាប់តាំងពីយើងបានទទួលអគ្គសញ្ញាជ្រមុជទឹក ជាជីវិតថ្មីដែលយើងមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។ ជាពេលវេលាមួយដែលផ្តល់ឱកាសឲ្យយើងបានរស់នៅរបៀបថ្មី ប៉ុន្តែដោយសារជាមនុស្សលោក ដែលទន់ខ្សោយតែងតែចាញ់ការល្បួងជាច្រើនរាប់មិនអស់ ហើយក៏ធ្លាក់ខ្លួនទៅក្នុងអំពើបាបរាប់មិនអស់។ សូម្បីតែយើងតែយើងបានខិតខំតាំងចិត្តធ្វើអំពើល្អ ដើម្បីជៀសវាងអំពើបាបក៏ដោយ តែជូនកាលយើងត្រូវធ្លាក់ក្នុងអំពើបាបដដែលៗ។

បងប្អូន! ព្រះសហគមន៍យើងបានទទួលបទពិសោធន៍របស់មនុស្ស ជាពិសេសគ្រីស្តបរិស័ទ ឬក៏អស់អ្នកដែលជឿលើព្រះជាម្ចាស់ តែងតែមានសេចក្តីសង្ឃឹមជានិច្ចថានិងបានត្រឡប់ទៅរកព្រះជាម្ចាស់វិញ ទទួលស្គាល់ថាព្រះអង្គ ជាព្រះជាម្ចាស់ដែលមានក្តីមេត្តាករុណា។ សូមបងប្អូនក្រឡេកទៅមើលព្រះគម្ពីរលោកលូកា ជំពូកទី១៥ «រឿងកូនពៅវង្វេង ឬក៏មានឈ្មោះមួយទៀតថាព្រះបិតាដែលមានធម៍មេត្តាករុណា» ក្នុងសេចក្តីរឿងនេះបានបញ្ចាក់ថាទោះកូនពៅបានបំផ្លាញនាំឲ្យមានការខូចខាតទ្រព្យសម្បតិ្តច្រើន និងតំលៃនៃជីវិតរបស់ខ្លួនផ្ទាល់ក៏ដោយ។ តែនៅពេលគាត់ភ្ញាក់ខ្លួន ក៏បានត្រឡប់ទៅរកព្រះបិតា ដែលទន្ទឹងរងចាំគាត់តាំងពីចម្ងាយ។

រឿងរ៉ាវកូនពៅវង្វេងនេះ ធ្វើឲ្យគ្រីស្តបរិស័ទយើងយល់ តាមរយៈព្រះគម្ពីរដែលបានបង្ហាញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មានសេចក្តីសង្ឃឹមថាព្រះអង្គនិងទទួលស្វាគមន៍យើង នៅពេលត្រឡប់ទៅរកព្រះអង្គវិញយ៉ាងនោះដែរ។ ការត្រឡប់ទៅរកព្រះជាម្ចាស់ តាមបទពិសោធន៍របស់ព្រះសហគម៍យើងមានអគ្គសញ្ញាលើកលែងទោស ឬអគ្គសញ្ញាសម្រុះសម្រួល។ ការលើកលែងទោសមកពីព្រះជាម្ចាស់កើតមាន ពេលយើងទៅសុំការលើកលែងទោស យើងមិនត្រឹមតែសុំសម្រុះសម្រួលជាមួយព្រះជាម្ចាស់នោះទេ យើងក៏កំពុងសម្រុះសម្រួ​ល​ជា​មួយព្រះសហគមន៍ចំពោះបាបរបស់យើង ព្រោះថាបាបរបស់យើងធ្វើឲ្យព្រះសហគមន៍មានដំបៅផងដែរ។

បងប្អូនក៏អាចឃើញផងដែរ ជុំវិញរឿងរ៉ាវសាវគវង្វេងជំនឿរបស់ខ្លួន ឧទាហរណ៍៖ លោកសិលា បានវង្វេងជំនឿរបស់ខ្លួនដោយបដិសេធមិនស្គាល់ព្រះយេស៊ូ។ តែក្រោយមកគាត់បានត្រឡប់មកវិញ ហើយកែប្រែចិត្តគំនិត។ មួយវិញទៀតនៅក្នុងរឿងសន្តប៉ូលដែលតែងតែបៀតបៀនជីវិតអ្នកដទៃ និងព្រះជាម្ចាស់។ តែក្រោយពីព្រះយេស៊ូបានត្រាស់ហៅគាត់ សន្តប៉ូលបានកែប្រែចិត្តគំនិត សោកស្តាយចិត្តគំនិត និងរាល់កំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តកន្លងមកផងដែរ។

បងប្អូន! អគ្គសញ្ញាលើកលែងទោស ជាឱកាសមួយឲ្យបងប្អូនកែរប្រែ និងត្រឡប់មករកព្រះជាម្ចាស់វិញ។ កត្តាសំខាន់សម្រាប់អគ្គសញ្ញាលើកលែងទោសគឺបងប្អូនត្រូវតែមានចិត្តសោកស្តាយនូវអំពើបាប សោកស្តាយរាល់កំហុសដែលបានប្រព្រឹត្តិកន្លងមក។ ការស្រាយបាបជួយឲ្យយើងជម្រះបាបចាស់ និងងាកមកការប្រព្រឹត្តសេចក្តីល្អវិញ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail