ឧត្តមនាវាឯក យី ស៊ុន ស៊ីន ៖ វរបុរសសង្រ្គាមជើងទឹកអមតៈ និងជាជញ្ជាំងដែក​ថែប ការពារជាតិកូរ៉េ

បេះដូងបម្រើមាតុភូមិដោយស្មោះត្រង់ ភាពក្លាហានឥតញញើត និងខួរក្បាលយុទ្ធសាស្ត្រ យោធាដ៏ប៉ិនប្រសប់ បានផ្លាស់ប្តូរវាសនានៃប្រជាជាតិកូរ៉េទាំងមូលក្នុង សង្គ្រាមឈ្លានពាន ដ៏ ជូរចត់របស់ជប៉ុន។ ឧត្តមនាវាឯក យី ស៊ុន ស៊ីន បន្តប្រយុទ្ធរហូតដល់ដំណក់​ឈាម​ចុង​ក្រោយ​ដើម្បី​ការពារទឹកដីកំណើត និងបន្សល់ទុកនូវកេរ្តិ៍ ឈ្មោះល្បីល្បាញរហូតមក​ដល់​បច្ចុប្បន្ន។

ដើមដំណើត និងផ្លូវជោគវាសនាយោធា

លោកយី ស៊ុន ស៊ីន កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៥៤៥ នាទីក្រុងសេអ៊ូល ក្នុងយុគសម័យ រាជវង្សចូស៊ុន។ លោកបានធំធាត់ឡើងក្នុងគ្រួសារមន្ត្រីរាជការដែលប្រកាន់ខ្ជាប់នូវ មនោគម​វិជ្ជាខុងជឺ។ អប់រំនៅលើមូលដ្ឋានគ្រឹះនៃសីលធម៌ និងការទទួលខុសត្រូវ​លោកបានចាប់ផ្តើម​ជីវិត​​ការងារដំបូងក្នុងវិស័យរដ្ឋបាលទំនាក់ទំនងធម្មតា។ យ៉ាងណាមិញដោយសារ​បេះដូង​ស្រឡាញ់ជាតិ និងឆន្ទៈមោះមុត លោកបានសម្រេចចិត្តប្តូរវាសនាមក ចូលរួមក្នុង​កង​ទ័ព​នៅ​អាយុ ៣១ឆ្នាំ នាឆ្នាំ១៥៧៦ ដោយបានបម្រើការនៅបន្ទាយព្រំដែនភាគឥសាន។ តាម​រយៈ​សមត្ថភាពដ៏ឆ្នើម និងភាពស៊ូទ្រាំខ្ពស់ លោកបានឡើងឋានៈជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៥៩១ លោកត្រូវបានតែងតាំងជាឧត្តមនាវាឯកនៃកងនាវាចម្បាំងប្រចាំទីក្រុងជេស៊ូ ភាគខាង​ត្បូង​កូរ៉េ។

ការធ្វើទំនើបកម្ម និងរបកគំហើញ «កប៉ាល់អណ្តើក»

ដោយមើលឃើញយ៉ាងច្បាស់ពីការគំរាមកំហែងនៃការឈ្លានពានពីប្រទេសជប៉ុន លោកយី ស៊ុន ស៊ីន មិនបានបង្អែបង្អង់ឡើយ។ លោកបានចាប់ផ្តើមធ្វើទំនើបកម្មកងទ័ពជើង​ទឹកយ៉ាង​ប្រញាប់​ប្រញាល់ រួមមានការជួសជុលនាវាចម្បាំងចាស់ៗ អភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ ពង្រឹង​បន្ទាយ​សមុទ្រ និងបង្កើនការហ្វឹកហ្វឺនកងទ័ព។ ក្នុងចំណោមនោះ ស្នាដៃដ៏ប្រពៃបំផុតរបស់​លោក​គឺការរួមចំណែកបង្កើត «កប៉ាល់អណ្តើក» ឬ ហ្គ៊ូប៊ូសុន (Geobukseon) ដែលជានាវា​ចម្បាំង​ពាសដែកបំពាក់កាំភ្លើងធំមានអានុភាពបំផ្លាញខ្ពស់ និងរចនាឡើងយ៉ាងពិសេស​សម្រាប់​កម្ទេច​សត្រូវលើផ្ទៃសមុទ្រ។

ពុះពារឧបសគ្គនយោបាយ និងសមរភូមិ

នៅឆ្នាំ១៥៩២ សង្គ្រាមអ៊ីមជីនបានផ្ទុះឡើង នៅពេលកងទ័ពជប៉ុនវាយប្រហារ​យ៉ាងគំហុក​លើកូរ៉េ។ ទោះជាភាគីសត្រូវមានកម្លាំងច្រើនលើសលប់ លោកយី ស៊ុន ស៊ីន បានប្រើប្រាស់​ប្រៀប​ឈ្នះនៃចំណេះដឹងភូមិសាស្ត្រ ចរន្តទឹក និងយុទ្ធសាស្ត្រវាយឆ្មក់ រហូតទទួលបានជ័យ​ជម្នះ​នៅសមរភូមិសាចុង ហានសាន និងអន់ឡុបប៉ូ ដែលធ្វើឲ្យខ្សែទំនាក់ទំនងជប៉ុន​ត្រូវ​កាត់ផ្តាច់។

នៅក្នុងសមរភូមិ មីអុងយ៉ាង លោកបានបង្កើតអភិនិហារយោធាដ៏អស្ចារ្យ ដោយប្រើប្រាស់​នាវា​ចម្បាំងត្រឹមតែ ១៣ គ្រឿង ប្រឈមមុខ និងយកឈ្នះលើកងនាវាជប៉ុនរហូតដល់ ៣៣៣ គ្រឿង។ ជ័យជម្នះនេះបានស្តារសេចក្តីសង្ឃឹមជាតិ និងរារាំងការវាយប្រហារលើរាជធានី​បាន​សម្រេច។

បណ្តាំចុងក្រោយ និងកេរ្តិ៍ដំណែលអមតៈ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៥៩៨ ក្នុងសមរភូមិណ័រយ៉ាង ដែលជាការប៉ះទង្គិចគ្នាចុងក្រោយ ឧត្តម​នាវា​ឯក យី ស៊ុន ស៊ីន បានត្រូវគ្រាប់កាំភ្លើងសត្រូវរហូតរងរបួសធ្ងន់។ ក្នុងនាទីចុងក្រោយ​នៃ​ជីវិត លោកបានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលាក់បាំងការរបួសរបស់លោក ដើម្បីកុំឲ្យប៉ះពាល់ដល់​ស្មារតី​ប្រយុទ្ធរបស់កងទ័ព។ លោកបានទទួលមរណភាព ខណៈដែលកងទ័ពជប៉ុនកំពុងដក​ថយ​យ៉ាងប្រញាប់ប្រញាល់។

ក្រោយមរណភាព លោកទទួលបានងារកិត្តិយស ឆុងមូ កុង (Chungmu-gong) ដែល​មាន​ន័យ​ថា «ម្ចាស់កិត្តិយសនៃសេចក្តីស្មោះត្រង់ ក្លាហាន និងសង្គ្រាម»។ កំណត់ហេតុ​សង្គ្រាម​របស់​លោកណានជុង អ៊ីហ្គី (Nanjung Ilgi) បានក្លាយជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ។ រហូតមកដល់សព្វថ្ងៃ លោក យី ស៊ុន ស៊ីន នៅតែជានិមិត្តរូបអមតៈនៃភាពស្មោះត្រង់ ភាព​ក្លាហាន និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតដើម្បីជាតិមាតុភូមិកូរ៉េ។

 

Daily Program

Livesteam thumbnail
khmer popup image