អាពីងមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែតម្លៃគួរសម

អាពីង ដែលជាសត្វរស់នៅក្នុងរូងដី តែក្រោយពេលបំពងរួចមានរសជាតិឆ្ងាញ់នៅក្នុងកែវភ្នែកពលរដ្ឋទូទៅ ហើយគេតែងតែយកវាមកទទួលទាន ឬជាឱសថបុរាណទៀតនោះ។ តាមពិតនៅសម័យបច្ចុប្បន្ននេះ វាមានតម្លៃសេដ្ឋកិច្ច និងកំពុងមានទីផ្សារគ្រាន់បើផងដែរ។

ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃសត្វអាពីងនេះ អ្នកស្រី ណុល សល់ អាយុ ៣៣ ឆ្នាំ បានឱ្យកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពដឹងថា អាពីងជាសត្វដែលកំពុងមានតម្លៃផ្នែកសេដ្ឋកិច្ច និងឱសថ ដោយសារវាជាអាហារប្រូតេអ៊ីន និងជាឱសថព្យាបាលជំងឺមួយចំនួនចំពោះមនុស្ស មិនថាក្មេង ចាស់ ប្រុសឬស្រី ជាពិសេសបំប៉នកម្លាំងផ្លូវភេទ។

នៅពេលនេះ អ្នកស្រី ណុល សល់ ដែលជាកសិករលក់អាពីងក្នុងខេត្តកំពង់ចាម កំពុងមមាញឹកក្នុងការលក់ ដើររកប្រមូលផល និងចែកចាយ ដែលអ្នកស្រីបានចិញ្ចឹមទៅឱ្យអតិថិជននៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។ ប៉ុន្តែទម្រាំមុខរបរនេះជោគជ័យដល់សព្វថ្ងៃ អ្នកស្រីបានប្រឈមមុខនឹងការបរាជ័យប្រមាណជា ១០ ដងរួចមកហើយ។

អ្នកស្រី ណុល សល់ បានបន្តថា៖ «មុខរបរអាពីងនេះជាការរួមផ្សំទេ ព្រោះខ្ញុំទំនេរពីស្រែចម្ការ បានជាខ្ញុំឆ្លៀតទៅជីកអាពីងយកមកលក់។ អាពីងនេះ យើងទៅរកខ្លួនឯងខ្លះ ហើយនិងទិញពីគេខ្លះ។ អាពីងជាសត្វព្រៃធម្មជាតិនៅក្នុងដី ដល់ពេលយើងចិញ្ចឹមអត់កើតទេ វានៅក្នុងរូង ដល់ពេលយើងយកមកក្រៅអ៊ីចឹង តែបួនឬប្រាំថ្ងៃគឺវាស្លាប់»។

អ្នកស្រី ណុល សល់ បានចាប់ផ្តើមមុខរបរនេះរយៈពេលជិត ១៥ ឆ្នាំ ហើយពេលនេះក្នុងមួយខែៗអ្នកស្រីអាចលក់អាពីងបានរាប់រយក្បាល ដោយជាមធ្យមអ្នកស្រីអាចលក់អាពីងឱ្យអតិថិជន ក្នុងមួយថ្ងៃបានពី ១០០ ក្បាល ទៅ ១៥០០ ក្បាល ដោយក្នុងមួយក្បាលតម្លៃ ៣០០០ រៀល។

អ្នកស្រី ណុល សល់ បន្តថា៖ «ពេលយើងយកមក យើងយកពីព្រៃមកក្នុងធុង យើងយកមកញិចវា។ យកមកញិចវាហើយ យើងយកលាងទឹក លាងទឹកឱ្យស្អាតបីបួនទឹក យើងយកប្រឡាក់គ្រឿង។ ប្រឡាក់គ្រឿងហើយ យើងដាក់បំពង បំពងហើយយើងយកដាក់លើថាស។ ការរកវាពីមុនមកតំបន់នេះសម្បូរអាពីង តែឥឡូវនេះតំបន់យើងនេះវាមិនសូវសម្បូរទេ ជួនកាលមួយព្រឹកយើងដើរបាន ៧ ទៅ ១០ ក្បាលអីទេ តែឥឡូវច្រើនតែយកពីខាងព្រះវិហារ កំពង់ធំ រតនគីរី»។

អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ន អាជីវករដែលទិញលក់បន្តនៅតំបន់នេះមានគ្នាជាង ១០ នាក់ ដោយចាំទិញយកមកចែកគ្នា ក្នុងនោះមានអ្នកខ្លះចៀនចម្អិន និងខ្លះទៀតលក់ទាំងរស់តែម្តង ហើយរដូវដែលសម្បូរអាពីងជាងគេ គឺក្នុងអំឡុងខែកក្កដានេះតែម្តង។

អាពីងបំពង មិនត្រឹមតែពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ អ្នកលក់បានប្រាប់ថា ភ្ញៀវបរទេសមកពីចិន ឬវៀតណាម ក៏ចូលចិត្តទិញនិងទទួលទានដែរ ប៉ុន្តែបើភ្ញៀវទេសចរស្បែកសមកពីអឺរ៉ុប ឬអាមេរិក ហាក់មានការញញើតបន្តិច។

អ្នកស្រី ណុល សល់ បន្ថែមថា៖ «ដើមទុនទិញវាក្នុងមួយថាស យើងទិញវាមកមិនក្រោម ២០ ដុល្លារទេ។ ដំបូងៗប្រហែលជា ៣០ ម៉ឺនរៀល ៤០ ម៉ឺនរៀល វាចេះតែឡើងបន្តិចម្តងៗ រហូតដល់ ៨០ ម៉ឺនរៀលប៉ុណ្ណឹងឯង។ អាពីងគេយកទៅធ្វើថ្នាំ ចាស់បុរាណយើងមក គេច្រើនតែយកទៅធ្វើ អារស់ៗអ៊ីចឹង ភ្ញៀវខ្លះគាត់ទិញយកទៅធ្វើថ្នាំត្រាំស្រា ជាតៗគ្នា គាត់ចេះតែតាមគ្នា គាត់ចេះតែញាំទៅស្រួលខ្លួន ចុកដៃចុកជើងឬរោយក»។

អ្នកស្រីបន្ថែមថា សត្វអាពីង ដូចជាប្រទាលមួយមុខដែរ គឺជាថ្នាំ បើនៅរស់ អាពីងភ្លើងគេយកទៅត្រាំស្រាសហើយលាយជាមួយផ្លែឈើទុករយៈពេលមួយខែ ឬក៏ពីរខែទើបញាំ ធ្វើឱ្យបាត់ចុកដៃចុកជើង បាត់ក្អក។ និយាយឱ្យចំទៅ បើពេលដែលយើងលក់ដាច់ច្រើន អ្នកដែលនៅតាមចំការក៏គាត់អាចរកលុយបានច្រើនដែរ។

សូមបញ្ជាក់ថា សត្វអាពីងនេះ ច្រើនឃើញគេលក់នៅតំបន់ចំណតរថយន្តផ្សារស្គន់ និងតាមភោជនីយដ្ឋាននានាក្នុងតំបន់ស្គន់ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានឆ្លងកាត់នៅទីនោះ មិនដែលរំលងឡើយ ពោលគឺឆ្លៀតចូលទិញជាហូរហែ ដោយញុំាផ្ទាល់នៅកន្លែង ញុំាតាមរថយន្ត និងទិញផ្ញើអ្នកផ្ទះ៕

 

Daily Program

Livesteam thumbnail
khmer popup image