ដោយសារជីវភាព ពលរដ្ឋមួយចំនួនសម្រេចចិត្តយកផ្លូវសាធារណៈស្នាក់នៅ

នៅពេលដែលអ្នករស់នៅភ្នំពេញភាគច្រើនកំពុងដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងមានផាសុខភាព បុរសឈ្មោះ តិច សុវណ្ណារឹទ្ធ អាយុ ៤០ ឆ្នាំ មិនមានវាសនាល្អបែបនោះឡើយ។ នៅពេលយប់ ងងឹតគ្របដណ្តប់ទីក្រុង គាត់បានដេកក្រោមដំបូលមេឃលើម៉ូតូកង់បីរបស់គាត់ ដែលចតតាមដងផ្លូវរៀងរាល់យប់។

លោក តិច សុវណ្ណារឹទ្ធ ស្ថិតនៅក្នុងចំណោមអ្នករត់កង់បីជាច្រើននាក់ ដែលបានយកម៉ូតូកង់បីធ្វើជាកន្លែងដេក ដើម្បីសន្សំលុយចេញពីការជួលបន្ទប់។ នៅតាមផ្លូវ ជាពិសេសពេលយប់ គេសង្កេតឃើញមានអ្នករត់ម៉ូតូកង់បីមួយចំនួនបានយកយានយន្តរបស់ពួកគេធ្វើជាផ្ទះស្នាក់នៅ។ ការស្នាក់នៅបែបនេះ គឺដោយសារតែស្ថានភាពប្រាក់ចំណូលបន្តធ្លាក់ចុះ សមាជិកគ្រួសារច្រើននៅក្នុងបន្ទប់ជួលតែមួយ និងផ្លូវទៅកាន់បន្ទប់ជួលមានចម្ងាយឆ្ងាយទៀតនោះ ទើបសម្រេចចិត្តយកកង់បីជាផ្ទះស្នាក់នៅ។

ពាក់ព័ន្ធនឹងចំណុចទាំងនេះ លោក តិច សុវណ្ណារឹទ្ធ អាយុ ៤០ ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី នៅម្តុំផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ម្តាយរបស់លោកមានផ្ទះតូចមួយជាន់ទីបី នៅម្តុំផ្សារកណ្តាល រាជធានីភ្នំពេញ ហើយការយកម៉ូតូកង់បីសម្រាប់សម្រាកពេលយប់ គឺដោយសារតែជាផ្ទះរបស់ម្តាយ និងមានសមាជិកក្នុងគ្រួសារច្រើនទៀតនោះ ព្រមទាំងមិនចង់ឱ្យមានការចង្អៀត និងដាក់បន្ទុកលើគ្រួសារ។

លោក តិច សុវណ្ណារឹទ្ធ បានឱ្យដឹងថា៖ «ខ្ញុំអត់ដែលឡើងផ្ទះទេ។ ខ្ញុំសម្រាកពេលយប់តែលើកង់បីនេះ ហូបបាយក៏លើកង់បីនេះដែរ។ ខ្ញុំចំណាយមួយថ្ងៃអស់មួយម៉ឺនប្រាំពាន់រៀល ពេលព្រលឹម ពេលថ្ងៃ និងពេលល្ងាច»។

ដោយឡែក លោក សៀន សុធឿន អាយុ ៤៥ ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីម្តុំរមណីដ្ឋានវត្តភ្នំ បានឱ្យដឹងថា ការដែលលោកយកយានយន្តរបស់លោកធ្វើជាកន្លែងសម្រាប់ស្នាក់នៅ គឺដោយសារតែផ្លូវត្រឡប់ទៅបន្ទប់ជួលមានរយៈចម្ងាយឆ្ងាយ ហើយលោករត់ម៉ូតូកង់បីរហូតដល់ពាក់កណ្តាលអាធ្រាតទៀតនោះ និងដើម្បីសន្សំពេលវេលាសម្រាប់ប្រកបរបររកស៊ីនៅពេលព្រឹកព្រលឹម។ លោកបានបន្តថា ការសម្រាកនេះវាមិនស្រួលទេ គឺតែងតែបារម្ភនេះបារម្ភនោះ រួមទាំងសន្តិសុខពេលយប់ស្ងាត់ ប៉ុន្តែជីវិតគឺបែបនេះ។

លោក សៀន សុធឿន បន្ថែមថា៖ «ខ្លាចដែរខ្ញុំ។ ខ្លាចរឿងសន្តិសុខ។ អ៊ីចឹងហើយ បានខ្ញុំសម្រាកនៅទីប្រជុំជនកន្លែងមនុស្សច្រើន ពួកជនខិលខូចមិនហ៊ានទេ។ វាមិនហ៊ានមកបៀតបៀនយើងដែរ។ គ្នាយើងអ្នករត់កង់បីដូចគ្នាស្គាល់គ្នា ជួយមើលគ្នាមិនអីទេ»។

លោក សៀន សុធឿន បន្តថា លោកមានគ្រួសារ និងកូនសរុបសមាជិក ៧ នាក់ ហើយការចំណាយសម្រាប់ខ្លួនលោកមួយពេល ៥ ពាន់រៀល និងថ្លៃជួលផ្ទះសម្រាប់ប្រពន្ធ និងកូនស្នាក់នៅ មួយខែ ១០០ ដុល្លារ បូកទាំងថ្លៃអគ្គិសនី និងថ្លៃទឹកស្អាត។

ស្រដៀងគ្នានេះដែរ លោក អ៊ុក វណ្ណដឿន អាយុ ៤៤ ឆ្នាំ ដែលរត់ម៉ូតូកង់បី និងយកវាធ្វើជាបន្ទប់ដេកនោះ បានឱ្យដឹងថា៖ «ខ្ញុំប្រើប្រាស់បន្ទប់ទឹកជួនកាលនៅការ៉ាស់សាំង (ស្ថានីយ៍ប្រេងឥន្ធនៈ) យើងតាមឆ្ងាយជិត។ ខ្ញុំពិសារបាយក្រៅមួយថ្ងៃបីពេល មួយថ្ងៃអស់ ១៥០០០ រៀល»។

អ្នករត់កង់បីជាច្រើនបាននិយាយអំពីចំណូលនៅទាបជាងកាលពីមុនកូវីដ-១៩។ បច្ចុប្បន្ន ពួកគាត់រកចំណូលបានប្រមាណជា ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។

តាមរយៈការសង្កេតនៅជុំវិញសណ្ឋាគារ និងតំបន់មួយចំនួននៅរាជធានីភ្នំពេញ អ្នកដែលមានរបរដឹកជញ្ជូន ជាពិសេសគឺម៉ូតូកង់បី និងតាក់ស៊ីតាមអេប ជាច្រើនយកផ្លូវសាធារណៈជាកន្លែងសម្រាកទាំងថ្ងៃទាំងយប់របស់ពួកគេ។

គួរដឹងផងដែរ តាមសេចក្តីរាយការណ៍ព័ត៌មានបរទេសបានឱ្យដឹងថា ស្ថានភាពដេកលើយានយន្តនេះក៏កើតមានផងដែរ នៅប្រទេសមួយចំនួនដូចជានៅវៀតណាម និងចិនជាដើម។ ស្ថានភាពបែបនេះច្រើនកើតឡើងស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់៕

 

Daily Program

Livesteam thumbnail
khmer popup image