អន់ដ្រេស បូនីហ្វ៉ាស្យ៉ូ វរបុរសឯករាជ្យជាតិហ្វីលីពីន
លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៨៦៣ នៅខណ្ឌតុនដូ ទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន។ លោកទទួលមរណភាពនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៨៩៧ នៅ ខេត្តម៉ារ៉ាហ្គុងដុន។ លោកគឺជារដ្ឋបុរសហ្វីលីពីន។ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំនានានៃបដិវត្តន៍ហ្វីលីពីន ប្រឆាំងនឹងរដ្ឋាភិបាលអាណានិគមអេស្ប៉ាញ។ ហើយគេអាចចាត់ទុកលោកគឺជាបុគ្គល ទី១នៅទ្វីបអាស៊ីដែលប្រឆាំងនឹងរដ្ឋាភិបាលអាណានិគមអឺរ៉ុប។
លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ គឺជាកូនប្រុសរបស់មន្រ្តីសាមញ្ញម្នាក់។ ឪពុករបស់លោក គឺលោកសាន់ទីស្យាហ្គូ រ៉ូសាឡេស បូនីហ្វាស្យ៉ូ និងម្តាយរបស់លោក គឺអ្នកស្រី កាតាលីណា ដឺ កាស្រ្ត៉ូ។ នៅពេលឪពុកម្តាយរបស់លោកបានទទួលមរណភាពនៅឆ្នាំ១៨៧០ លោកបានឈប់រៀន និងទទួលខុសត្រូវថែរក្សាបងប្អូនប្រុសស្រីរបស់លោកចំនួន ៥នាក់។ នៅអំឡុងទសវត្សឆ្នាំ១៨៨០ លោកបានក្លាយខ្លួនជាអ្នកជាតិនិយមដាច់ខាតម្នាក់។ នៅពេលលោកចូហ្ស៉េ រីហ្ស៉ាល បង្កើតរណសិរ្សឯករាជ្យហ្វីលីពីននៅឆ្នាំ១៨៩២ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ ក៏ជាសមាជិកដំបូងៗនៃរណសិរ្សនេះដែរ។
បន្ទាប់ពីជនជាតិអេស្ប៉ាញចាប់ខ្លួនលោករីហ្ស៉ាល នៅខែកក្កដា ឆ្នាំ១៨៩២។ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ បានសម្រេចចិត្តថា ប្រទេសហ្វីលីពីននឹងក្លាយជាប្រទេសឯករាជ្យបានតាមរយៈតែការធ្វើបដិវត្តប៉ុណ្ណោះ។ នៅថ្ងៃទី៧ ខែកក្កដា លោកបានបង្កើតអង្គការ កាទីពូណាន អង្គការកិត្តិយសដ៏ខ្ពង់ខ្ពស់ និងគួរឲ្យគោរពនៃកូនប្រុសប្រជាជាតិ ដែលជាអង្កការសម្ងាត់ប្រមូលផ្តុំដោយក្រុមប្រជាកសិករ និងជនវណ្ណៈកណ្តាល។ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ គឺជាសមាជិកសមាគមហ្វ្រ៉ង់ ម៉ាសុង ដែលជាសមាគមសម្ងាត់១ កើតឡើងនៅអឺរ៉ុបក្នុងសតវត្សទី១៧-១៨។ លោកតែងប្រើពិធីសាសនា ម៉ាសុង ដែលមានអារម្មណ៍នៃអាថ៌កំបាំង និងធ្វើសក្ការៈ។ ចំណែកអង្គការ កាទីពូណាន បានបញ្ចូលខ្លួនទៅក្នុងសហគមន៍ ដោយបង្កើតអង្គការជួយគ្នាទៅវិញទៅមក និងមានបង្កើតកម្មវិធីបង្រៀនសម្រាប់ប្រជាជនក្រីក្រ។ នៅឆ្នាំ១៨៩៦ អង្គការកាទីពូណាន មានសមាជិកច្រើនជាង ៣០០០០នាក់ ហើយវាក៏បានប្រតិបត្តិការដល់កម្រិតជាតិ តាមខេត្ត និងឃុំ-សង្កាត់។
មុនការដាក់ទោសប្រហារជីវិតលោករីហ្ស៉ាល ដោយតុលាការយោធាអាណានិគមអេស្ប៉ាញនៅឆ្នាំ១៨៩៦ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ បានប្រកាសឯករាជ្យហ្វីលីពីននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៨៩៦។ លើកនេះ ជនជាតិអេស្ប៉ាញ បានធ្វើប្រតិបត្តិការយោធាចាប់រូបលោក ហើយបានបង្ខំឲ្យលោកធ្វើការភៀសខ្លួនទៅជ្រកនៅភ្នំ ម៉ារីគីណា នៅខណៈពេលកងកម្លាំងបដិវត្តន៍ផ្សេងៗទៀត ដែលមានមួយដឹកនាំដោយឧត្តមសេនីយ៍ អេមីលីយ៉ូ អាហ្គ៊ីណាល់ដូ ហាក់មានសំណាងជាង បានវាយកាន់កាប់បានទីក្រុងមួយចំនួន។
នៅពេលលោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ ព្យាយាមរក្សាអំណាចក្នុងក្រុមអង្គការកាទីពូណាន ឧត្តមសេនីយ៍ អាហ្គ៊ីណាល់ដូ បានបញ្ជាឲ្យចាប់ខ្លួនលោក ហើយបានចោទប្រកាន់លោកពីបទក្បត់ជាតិ និងធ្វើការបះបោរ។ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ ត្រូវបានប្រកាសថាមានទោសដោយមិត្តចាស់ៗរបស់គាត់ ហើយត្រូវបានប្រហារជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៨៩៧។
ក្រោយមក អ្នកប្រវត្តិសាស្រ្តទាំងឡាយបានជោគជ័យក្នុងការបង្ហាញតួនាទីរបស់លោកដែលជាអ្នកក្រាលគ្រឹះសម្រាប់ឯករាជ្យនៃប្រជាជនហ្វីលីពីន។ លោកអន់ដ្រេស បូនីហ្វ៉ាស្យ៉ូ ក៏បានក្លាយខ្លួនជាវរបុរសជាតិ។ ប្រជាជនហ្វីលីពីនបានសាងសង់បូជនីយដ្ឋាន និងដាក់រូបតំណាងលោកជាច្រើន ដូចជា លើបណ្ណធនាគារ និងកាក់ប្រាក់ហ្វីលីពីន... ជាដើម។