សេវាកម្មកុម្ម៉ង់អាហារតាម App៖ និន្នាការទាន់សម័យ និងជម្រើសដ៏ពេញនិយមក្នុងសម័យឌីជីថល
នៅក្នុងបរិបទនៃសម័យកាលបច្ចេកវិទ្យាទំនើប ការមមាញឹកនឹងការងាររហូតគ្មានពេលទៅទទួលទានអាហារនៅខាងក្រៅ ឬគ្មានពេលធ្វើម្ហូបអាហារដោយខ្លួនឯង មិនមែនជាបញ្ហាប្រឈមទៀតឡើយសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង។ បច្ចុប្បន្ន សេវាកម្មបញ្ជាទិញអាហារ និងភេសជ្ជៈតាមប្រព័ន្ធបច្ចេកវិទ្យា mobile app បាននិងកំពុងពេញនិយមយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ និងបុគ្គលិកការិយាល័យ។
នៅក្នុងរាជធានីភ្នំពេញ កម្មវិធីកុម្ម៉ង់អាហារ (Food App) និងទំព័របណ្តាញសង្គមហ្វេសប៊ុកជាច្រើន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើងជាប្រចាំ។
លោក តុង ស៊ីវអាន ស្ថាបនិក និងជាអ្នកបង្កើតកម្មវិធី «Food App» បានគូសបញ្ជាក់ថា ស្របតាមភាពស៊ីវិល័យ និងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ប្រជាជនកម្ពុជាកំពុងបង្កើនការចាប់អារម្មណ៍លើការបញ្ជាទិញម្ហូបអាហារតាមកម្មវិធីទូរស័ព្ទពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារពួកគេមិនចង់ចំណាយពេលធ្វើដំណើរ និងជៀសវាងការកកស្ទះចរាចរណ៍។
លោក តុង ស៊ីវអាន បានរៀបរាប់ពីដើម នៃការបង្កើតកម្មវិធីនេះថា៖ «មូលហេតុដែលខ្ញុំបង្កើត Food App នេះឡើង ដោយសារតែយើងសម្លឹងឃើញថា ប្រទេសកម្ពុជាយើងសព្វថ្ងៃមានការរីកចម្រើនខាងជីវភាពរស់នៅ ហើយចរាចរណ៍តាមផ្លូវមានការកកស្ទះខ្លាំង ធ្វើឱ្យប្រជាជនយើងពិបាកធ្វើដំណើរទៅភោជនីយដ្ឋាន។ ដូច្នេះ យើងក៏បានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់»។
ស្ថាបនិកទម្រង់សេវាកម្មរូបនេះបានបន្តថា លោកបានចាប់ផ្តើមអភិវឌ្ឍន៍កម្មវិធី Food App នេះឡើងតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ទោះបីជាដំបូងឡើយមានអ្នកប្រើប្រាស់នៅមានកម្រិត ប៉ុន្តែមួយរយៈចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់បានស្ទុះកើនឡើងយ៉ាងខ្លាំងដូចការរំពឹងទុក។ លោកបានបន្ថែមទៀតថា៖ «[សំឡេងទី១] ចំនួនអ្នកប្រើប្រាស់អែបរបស់ក្រុមហ៊ុនយើងខ្ញុំ មានរហូតដល់ជាង ៥ ០០០ នាក់។ ចំណែកហាងដៃគូនៅក្នុងដៃជាក់ស្តែង មានប្រមាណជាង ៣៥០ ហាង និងមានជាង ១៥០ ហាងទៀត ដែលយើងកំពុងបញ្ចូល (Upload) ទៅក្នុងប្រព័ន្ធបន្ថែម»។
ការសហការជាមួយហាងអាហារ និងភេសជ្ជៈជិត ៥០០ ហាង បានផ្តល់ជម្រើសយ៉ាងសម្បូរបែបដល់អតិថិជន។ ដើម្បីធានាបាននូវគុណភាព អាហារ និងភេសជ្ជៈទាំងអស់ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅក្នុងទូរក្សា កំដៅ/ត្រជាក់ ដែលបំពាក់នៅលើម៉ូតូដឹកជញ្ជូន។ ចំពោះថ្លៃសេវាដឹកជញ្ជូនវិញ គឺមានតម្លៃ ១ ដុល្លារ សម្រាប់តំបន់ក្នុងរាជធានីភ្នំពេញ និង ២ ដុល្លារ សម្រាប់តំបន់ជាយក្រុង ដោយប្រើប្រាស់រយៈពេលដឹកជញ្ជូនចន្លោះពី ៣០ ទៅ ៤៥ នាទីប៉ុណ្ណោះ។
ក្នុងមួយថ្ងៃៗ ក្រុមហ៊ុនទទួលបានការបញ្ជាទិញប្រហែលជាង ៥០០ អកឌ័រ (Orders) ដោយម៉ោងមមាញឹកជាងគេមាន ៣ ពេល គឺ៖ ពេលព្រឹក (ម៉ោង ៧:០០ ដល់ ៩:០០), ពេលថ្ងៃត្រង់ (ម៉ោង ១១:០០ ដល់ ១:០០), និងពេលល្ងាច (ម៉ោង ៣:00 ដល់ ៧:០០)។
លោក ស៊ីវ វ៉ាន់ បុគ្គលិកក្រុមហ៊ុនមួយរូបក្នុងរាជធានីភ្នំពេញ បានចែករំលែកទស្សនៈថា៖ «យុវវ័យបច្ចុប្បន្ននិយមប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន។ បើគាត់មិនបានទៅហាងដោយផ្ទាល់ គាត់នឹងបញ្ជាទិញតាមអែប ដែលនេះជាទំនើបកម្មនៃសេវាកម្មមួយដ៏ល្អ។ សម្រាប់ខ្ញុំ ខ្ញុំឱ្យតម្លៃពី ៤០ ទៅ ៥០ ភាគរយ លើការបញ្ជាទិញបែបថ្មីនេះ»។
ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាកម្មដឹកជញ្ជូនអាហារនៅកម្ពុជា គឺស្របទៅនឹងនិន្នាការតំបន់។ យោងតាមរបាយការណ៍ «ការកើនឡើងពាណិជ្ជកម្មអនឡាញរបស់អាស៊ី» ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក TNS បានបង្ហាញថា កំណើនពាណិជ្ជកម្មអនឡាញយ៉ាងរហ័សនៅក្នុងប្រទេសចិន បានក្លាយជាគំរូ និងជាកម្លាំងរុញច្រានយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែស្ទុះឡើងយ៉ាងខ្លាំងក្លាផងដែរ៕