វីរបុរសស្រែចំការ ៖ ជីវប្រវត្តិលោក យ័ន ឡុងភីង «បិតាស្រូវកូនកាត់» អ្នករំដោះ មនុស្សរាប់រយលាននាក់ពីគ្រោះអត់ឃ្លាន

រឿងរ៉ាវនៃជីវិតរបស់លោកយ័ន ឡុងភីង (Yuan Longping, ១៩៣០ – ២០២១) មិនត្រឹម តែជា កែវភ្នែកឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចរបត់ដ៏អស្ចារ្យមួយនៃ សមរភូមិ​ប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់មនុស្សជាតិ។ លោកយ័ន ឡុងភីង ត្រូវ​បាន​ពិភព​លោក​ប្រសិទ្ធនាមឲ្យលោកថា ជា «បិតាស្រូវកូនកាត់» ឬ «លោកម្ចាស់ស្រូវ» សម្រាប់​របក​គំហើញបែបបដិវត្តន៍របស់លោក ដែលបានផ្លាស់ប្តូរមុខមាត់ផលិតកម្មស្រូវសកល។

ការឈឺចាប់ក្នុងវ័យកុមារ និងការប្តេជ្ញាចិត្តដ៏មុតមាំ

លោកយ័ន ឡុងភីង កើតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៣០ នាទីក្រុងប៉េកាំង ប្រទេសចិន។ បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​នា​កុមារ​ភាព ដែលគ្រួសារត្រូវឆ្លងកាត់ភាពអត់ឃ្លានជាច្រើនឆ្នាំ និងការ​ប្រឈមមុ​ខដោយ​ផ្ទាល់​នឹង​មហន្តរាយគ្រោះទុរភិក្សកម្រិតធ្ងន់នៅប្រទេសចិននាឆ្នាំ១៩៥៩-១៩៦១ បានក្លាយ​ជា​កម្លាំង​ចលករ​យ៉ាងជ្រាលជ្រៅ រុញឱ្យរូបលោកយ័ន ឡុងភីង តម្រង់​ទិស​ជីវិតទៅរក​ការសិក្សា​ផ្នែក​​ជីវវិទ្យា និង​កសិកម្ម រហូតបញ្ចប់ការសិក្សាពីវិទ្យាស្ថានកសិកម្មនិរតី (Southwest Agricultural College) នៅប្រទេសចិន នៅ​ឆ្នាំ១៩៥៣។ លោកបាន​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ថា​នឹង​ត្រូវ​តែ​រក​វិធី​បង្កើន​ទិន្នផល​ស្រូវ ដើម្បី​លុប​បំបាត់ភាពក្រីក្រ និងការអត់ឃ្លាន​ឱ្យ​ខាងតែបាន។

បដិវត្តន៍ស្រូវកូនកាត់ និងរបកគំហើញប្រវត្តិសាស្ត្រ

ក្នុងនាមជាសាស្ត្រាចារ្យក្សេត្រសាស្ត្រនៅសាកលវិទ្យាល័យកសិកម្មចាងស្ហ៉ា និងជាអគ្គនាយក​មជ្ឈ​មណ្ឌលជាតិចិនស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំស្រូវកូនកាត់ លោកយ័ន ឡុងភីងបានដើរ​តួយ៉ាង​សំខាន់​ក្នុង​ការស្វែងរកពូជស្រូវដែលកើនទិន្នផលក្នុងមួយហិកតា។

នាទសវត្សរ៍ឆ្នាំ១៩៧០ លោកយ័ន ឡុងភីង​បានដោះស្រាយបញ្ហាប្រឈមផ្នែក​បច្ចេកទេស​យ៉ាងធំ​មួយ ដោយសារ​ស្រូវជារុក្ខជាតិបន្តពូជដោយខ្លួនឯង (Autogamous) ដែលពិបាកក្នុង​ការ​បង្កាត់ពូជអេហ្វអ័ង (F1) លោក និងក្រុមការងារបានស្វែងរកឃើញពូជស្រូវព្រៃដែល​មាន «ហ្សែន​អារ​ឈ្មោល» ពិសេស ដែលអនុញ្ញាតឱ្យមានការបង្កាត់ពូជស្រូវកូនកាត់ដំបូង​បង្អស់​លើ​ពិភពលោក ដែល​អាច​ផ្តល់ទិន្នផលខ្ពស់ជាងស្រូវធម្មតាពី ២០% ទៅ ៣០%។

សមិទ្ធផលចុងក្រោយ និងមរតកសម្រាប់ពិភពលោក

ទោះបីជាឈានចូលដល់វ័យជរាយ៉ាងណាក៏ដោយ ក្តីបារម្ភអំពីស្បៀងអាហាររបស់ប្រជាជន និងការប្តេជ្ញាចិត្តរបស់លោក​មិន​ដែល​ថមថយឡើយ។

លោកយ័ន ឡុងភីងបានបន្តដឹកនាំការស្រាវជ្រាវរហូតបង្កើតពូជស្រូវដែលអាចដាំដុះលើដីប្រៃ និងដីខ្សោះ​ជីជាតិ​បានដោយជោគជ័យ ព្រមទាំងលោកបានចែករំលែក និងបានបណ្តុះ​បណ្តាល​​អ្នក​ជំនាញ​​កសិកម្ម​មក​ពីជាង ១០០ ប្រទេស (រួមទាំងតំបន់អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក​ផង) ដើម្បីរួមចំណែកពង្រឹង​សន្តិសុខ​ស្បៀង​សកល។

កិត្តិយស និងការចងចាំ

ការលះបង់ពេញមួយជីវិតរបស់លោក យ័ន ឡុងភីង បានធ្វើឲ្យលោក​ទទួលបាន​ការ​ទទួល​ស្គាល់​​ក្នុងកម្រិតកំពូល ៖

លោកទទួលពានរង្វាន់ស្បៀងអាហារពិភពលោក (World Food Prize) ឆ្នាំ២០០៤។​ពាន​រង្វាន់​វិទ្យាសាស្ត្រ​ក៏ត្រូវបានប្រគល់ជូនលោក យ័ន ឡុងភីង ដោយលោកម៉ូហាធៀ (Mahathir Science Award) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១១។

ចំណែកមេដាយសាធារណរដ្ឋ (Medal of the Republic) ដែលជាគ្រឿងឥស្សរយសថ្នាក់ជាតិ​ខ្ពស់​បំផុត​របស់ចិន ក៏ត្រូវបានប្រគល់ដល់អ្នកវិទ្យាសាស្រ្តដ៏ឆ្នើមរបស់ជាតិ គឺលោកយ័ន ឡុងភីងផងដែរ នៅឆ្នាំ២០១៩។

លោក យ័ន ឡុងភីង បានទទួលអនិច្ចកម្មនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩០ឆ្នាំ នៅទីក្រុងចាងសា ខេត្តហូណាន ប្រទេសចិន ដោយបានបន្សល់ទុកនូវបដិវត្តន៍កសិកម្ម និង​ពន្លឺ​នៃក្តី​សង្ឃឹម​សម្រាប់មនុស្សជាតិទាំងមូល។

Daily Program

Livesteam thumbnail
khmer popup image