ល្វីស ម៉ោនបាតថិន កំពូលឧត្តមនាវាឯកអង់គ្លេសនាសង្រ្គាមលោកលើទី២
លោកល្វីស ម៉ោនបាតថិន កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩០០ នៅទីក្រុងវីនស័រ ចក្រភពអង់គ្លេស។ លោកគឺជាឧត្តមនាវាឯកនៃកងនាវាចម្បាំងចក្រភពអង់គ្លេស។
ពីខែវិច្ឆិកា ឆ្នាំ១៩១៤ ដល់ខែកក្កដា ឆ្នាំ១៩១៦ លោកល្វីស ម៉ោនបាតថិន បានសិក្សានៅសកលវិទ្យាល័យភូមិន្ទនាវាចរណ៍ចក្រភពអង់គ្លេស នៅទីក្រុងដាកម៉ៅ បន្ទាប់មកនៅមូលដ្ឋានកងទ័ពជើងទឹកនៅដឺវ៉នផត។
ជាមេបញ្ជាការកងនាវានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៣៧ លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ចូលរួមក្នុងការស្ថាបនាម៉ូដែលនៃនាវាពិឃាតថ្មីរបស់អង់គ្លេស គឺ អេចអេមអេស ខេលលី HMS Kelly ហើយលោកត្រូវបានតែងតាំងជាមេបញ្ជាការកងនាវាពិឃាតទី៥ របស់ចក្រភពអង់គ្លេសនៅខែកញ្ញា ឆ្នាំ១៩៣៩។
កងនាវាពិឃាតនេះគឺជាអ្នកធ្វើបេសកកម្មអមការពារក្បួនកប៉ាលដឹងជញ្ជូន និងតាមប្រមាញ់នាវាមុជទឹកអាឡឺម៉ង យូ ប៊ូត នៅសមុទ្រខាងជើង និងចូលរួមជម្លៀសកងទ័ពសម្ព័ន្ធមិត្តនៅណ័រវេស នៅខែឧសភា ឆ្នាំ១៩៤០ បន្ទាប់មកអមការពារក្បួននាវាដឹកនាំជញ្ជូនស្បៀងដែលសំដៅទៅប្រទេសម៉ាលតា នៅសមុទ្រមេឌីទែរ៉ាណេ។
នៅខែតុលា ឆ្នាំ១៩៤១ លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ត្រូវបានតែងតាំងជាមេបញ្ជាការនៃប្រតិបត្តិការរួមគ្នា។ ការងាររបស់លោករួមបញ្ជូលការរៀបចំយុទ្ធសាស្រ្តយោធាដែលសំដៅរំដោះអឺរ៉ុបខាងលិច។
លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន គិតគូរ និងបង្កើតកងអង្គភាពទ័ពឆ្នើមផ្សេងៗរបស់ចក្រភពអង់គ្លេស។ ក្រោមបញ្ជាការរបស់លោក កងទ័ពជើងទឹក និងកុំម៉ង់ដូចក្រភពអង់គ្លេស បានបង្កើននូវប្រតិបត្តិការយោធាជាច្រើនប្រឆាំងនឹងកងទ័ពអាឡឺម៉ង់ ដែលបោះទីតាំងនៅប្រទេសបារាំង និងណ័រវ៉េស។ លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ក៏បានចូលរួមក្នុងប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបញ្ឆោតកងទ័ពអាឡឺម៉ង់ផងដែរ។
ក្នុងឋានៈជាឧត្តមនាវាឯក លោកល្វីស ម៉ោនបាតថិន ក៏បានធ្វើជាប្រមុខមេបញ្ជាការនៃកងកម្លាំងសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ (SEAC, South East Asia Command) ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៤៥។
លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន បានដឹកនាំដោយជោគជ័យនូវយុទ្ធនាការយោធាជាច្រើនដោយសហការជាមួយចិន ប្រឆាំងនឹងជប៉ុន។ លោកបានឈានទៅដល់ដណ្តើមបានភូមានៅឆ្នាំ១៩៤៤ និងបង្ខំឲ្យកងពលកងទ័ពជប៉ុនជាច្រើនចុះចាញ់។ បញ្ហាភូមាត្រូវបានដោះស្រាយ ហើយលោកបង្វែកងកម្លាំងសម្ព័ន្ធមិត្តប្រឆាំងនឹងកងទ័ពជប៉ុននៅម៉ាឡេស៊ី ដែលត្រូវរំដោះបាននៅឆ្នាំ១៩៤៥។
បញ្ជាការអាស៊ីអាគ្នេយ៍ ឬ SEAC ដែលមានមូលដ្ឋាននៅទីក្រុងកូឡំបូ ប្រទេសស៊ីឡង់ សព្វថ្ងៃជាប្រទេសស្រីលង្ការ គឺជាអង្គភាពដែលបង្កើតឡើងដើម្បីទទួលបន្ទុកប្រតិបត្តិការយោធារបស់ក្រុមសម្ព័ន្ធមិត្តនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងសង្រ្គាមលោកលើកទី២។
នៅខែសីហា ឆ្នាំ១៩៤៣ ក្រុមសម្ព័ន្ធមិត្តបង្កើត SEAC ដើម្បីចាប់ផ្តើមដំណើរការភារកិច្ចទទួលខុសត្រូវនៃបញ្ជាការដ្ឋានយុទ្ធសាស្រ្តសម្រាប់ឥណ្ឌារបស់អង់គ្លេស និងបញ្ជាការដ្ឋាននៃប្រជាជាតិផ្សេងៗ នៅក្នុងតំបន់។ នៅខែតុលា ឆ្នាំ១៩៤៣ លោកនាយករដ្ឋមន្រ្តីអង់គ្លេស វីលស្តុន ឆឺលឈីល បានតែងតាំង លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ជាមេបញ្ជាការកំពូលនៃក្រុមសម្ព័ន្ធមិត្តសម្រាប់អាស៊ីអាគ្នេយ៍។
លោកល្វីស ម៉ោនបាតថិន បានទទួលមរណភាពដោយការធ្វើឃាតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៩ នៅអាយុ ៧៩ឆ្នាំ នៅក្នុងការបំផ្ទុះកប៉ាល ស្ហ៉ាដូ ទី៥ (Shadow V) នៅឈូងសមុទ្រដូណេហ្គាល់ នៅក្បែរភូមិមូឡាម័រ ប្រទេសអៀរឡង់។