ល្វីសទី៩ ស្តេចដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព

ល្វីសទី៩ គឺជាស្តេចបារាំងនៃរាជ្យវង្សកាពេត្យៀង។ ព្រះអង្គប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​១២១៤ នៅភូមិព័រស៊ី នៅតំបន់ប៉ារីសសព្វថ្ងៃ។ ព្រះអង្គគឺជាកូនទី២​នៃស្តេចល្វីសទី៨ ដែល​ហៅ​ថា ស្តេចតោ និងម្ចាស់ក្សត្រី ប្លង់ ដឺ កាស្ទីល។

ស្តេចល្វីសទី៩ ដឹកនាំរាជ្យដោយយកលំនាំតាមតម្លៃនៃគ្រិស្តសាសនា​ ដែលចូលរួមចំណែក​ស្ថាបនា​គំនិត​ដែលថា អំណាចខាងដួងព្រលឹង និងនយោបាយ អាចត្រូវបានសណ្ឋិតនៅ​លើ​បុគ្គល​ម្នាក់។ ព្រះអង្គបានបន្ថយអំណាចហួសហេតុនៃរបបសក្តិភូមិ​ដើម្បីជាគុណប្រយោជន៍​ដល់​​ផលប្រយោជន៍រួម និងអភិវឌ្ឍ​​យុត្តិធម៌រាជ្យវង្ស ឬដែលព្រះរាជា​ត្រូវលេចឡើង​ជាចៅក្រម​កំពូល។  តាមរបៀបនេះ ព្រះអង្គបានធ្វើឲ្យបារាំងរីកចម្រើនពីរាជានិយមបែបសក្តិភូមិ ទៅជា​រាជា​និយមបែបទំនើប ហើយមិនពឹងផ្អែកតែទៅការប្រើប្រាស់អំណាចផ្ទាល់របស់ស្តេចទៅលើ​ស្តេចត្រាញ់ និងដែនដីចំណុះ តែក៏ប្រើអំណាចស្តេចក្នុងនាមជាប្រមុខរដ្ឋជាមួយ​និងប្រជាជន​របស់​​ទ្រង់។

ស្តេចល្វីសទី៩ គឺជាព្រះមហាក្សត្រកំណែទម្រង់ដ៏មានប្រសិទ្ធភាព និងបានទុកជាមរតកនូវ​រាជាណាចក្រ​មួយ ដែលប្រជាជននឹងស្ថិតនៅក្រោមអំណាចយុត្តិធម៌។ ព្រះអង្គបញ្ជាឲ្យមាន​ការ​​បន្ថយ​ការប្រើទារុណកម្ម ហាមឃាត់ការសងសឹកផ្ទាល់ខ្លួន ហើយបានអនុញ្ញាតឲ្យ​ប្រជារាស្ត្រ​​​អាចដាក់ពាក្យបណ្តឹងទៅកាន់ព្រះមហាក្សត្រ ដើម្បី​កែប្រែការផ្តន្ទាទោស។ កិត្តិសព្ទ​របស់ទ្រង់បានឆ្លងហួសពីព្រំដែននៃរាជាណាចក្រ ហើយភាពយុត្តិធម៌ជាអ្នកកាត់ក្តី​របស់​ទ្រង់​ក៏​ត្រូវបានស្នើសុំឲ្យធ្វើដោយរាជាណាចក្រផ្សេងៗនៅអឺរ៉ុបផងដែរ។ ព្រះអង្គក៏បានបង្កើត​រូបិយបណ្ណ​​​តែមួយសម្រាប់រាជាណាចក្រ ហើយក្លាយជាអ្នកចាប់ផ្តើមបង្កើតស្ថាបននានា ដែល​ក្រោយ​មក បានក្លាយជាព្រឹទ្ធសភា ឬតុលាការត្រួតពិនិត្យគណនេយ្យ។

ដោយមានសេចក្តីស្រឡាញ់សាសនា និងជំនឿយ៉ាងខ្លាំង ទ្រង់បានសាងសង់ព្រះវិហារ និង​មណ្ឌល​​​សប្បុរសជាច្រើន ដែលបានជួយសង្រ្គោះដល់ប្រជារាស្រ្តទន់ខ្សោយ។

ស្របតាមសេចក្តីសន្យារបស់ទ្រង់ ដែលបានប្រកាស បន្ទាប់ពីជំងឺធ្ងន់ធ្ងរ និងត្រូវបាន​ព្យាបាល​ជា​ឡើងវិញ ឬត្រូវបានហៅថា ជាការអស្ចារ្យ ស្តេចល្វីសទី៩ បាន​ចេញដំណើរទៅប្រយុទ្ធ​ជាមួយ​បងប្អូន​របស់ទ្រង់ មានព្រះអម្ចាស់ រ៉ូប៊ែរ ដាកស្ត័រ ព្រះអង្គម្ចាស់ អាល់ហ្វូន ដឺ ព័រត្យេ និង​ព្រះ​អង្គម្ចាស់ ស្ហ៉ាល៍ ដង់ហ្ស៊ូ នៅឯប្រទេសអេហ្ស៊ីប ក្នុងសង្គ្រាមសាសនាលើកទី៧។ នៅ​ពេល​ត្រឡប់​មកវិញ ព្រះអង្គមានការជឿជាក់ថា ការបរាជ័យរបស់ទ្រង់មានមូលហេតុមកពី​ស្ថានភាព​​​អសីលធម៌ក្នុងរាជាណាចក្រ ដូច្នេះព្រះអង្គបានខិតខំកែលម្អអំណាចរបស់ខ្លួន និង​ស្តារ​​​ឡើងវិញនូវសីលធម៌របស់គ្រិស្តសាសនានិក។

សព្វថ្ងៃនេះ ស្តេចល្វីសទី៩ ត្រូវបានចាត់ទុកជាស្តេចដែលបានផ្តល់ឲ្យ​ប្រទេសបារាំងនូវ​សេដ្ឋកិច្ច​​ថ្មី បញ្ញាជន និងសិល្បៈ ជាច្រើន។

ក្នុងនាមជាស្តេចគ្រិស្តសាសនិក ស្តេចល្វីសទី៩ ធ្វើឲ្យប្រជារាស្រ្តមានការគោរពតាមគោល​គំនិត​​​សំខាន់​ពីរ ដែលគេជឿថា នឹងនាំមកនូវសេចក្តីសង្គ្រោះអស់កល្បជានិច្ច ទាំង​សម្រាប់​ទ្រង់ និង​សម្រាប់​ប្រជាជនរបស់ទ្រង់ នោះគឺ យុត្តិធម៌មកជាលើកដំបូង បន្ទាប់មកគឺសន្តិភាព។ ស្តេច​ល្វីសទី៩ ចង់បង្ហាញខ្លួនឲ្យមានរូបភាព ដូចជា ព្រះមហាក្សត្រសាឡូម៉ុង។​ ដូច្នេះព្រះ​អង្គ​បាន​ខិតខំធ្វើឲ្យសន្តិភាពកើតមានក្នុងកិច្ចការដែលទ្រង់ពាក់ព័ន្ធ និង​ព្យាយាម​លុប​បំបាត់​ជម្លោះ។ កេរ្តិ៍ឈ្មោះរបស់ទ្រង់ បានធ្វើឲ្យទ្រង់ក្លាយជាជម្រើសសំខាន់សម្រាប់​គូ​ប្រជែង​នានា​ដែល​កំពុងស្វែងរកអាជ្ញាកណ្តាលសម្រុះសម្រួល ហើយសកម្មភាពរបស់ទ្រង់​បាន​ពង្រីកនៅ​ទូទាំង​ពិភពគ្រិស្តសាសនា ដែលដូច្នេះព្រះអង្គនឹងក្លាយជាអ្នកបង្កើតសន្តិភាព។

នៅឆ្នាំ១២៧០ ស្តេចល្វីសទី៩ បានចេញដំណើរទៅទុយនេស៊ី សម្រាប់សង្រ្គាមសាសនា​លើក​ទី​៨ ដែលជាពេលព្រះអង្គបានចូលទីវង្គត់ដោយជំងឺ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១២៧០ នៅ​ទីក្រុង​​កាកថាហ្ស៍ ជិតទីក្រុងទូនីស ប្រទេសទុយនេស៊ីសព្វថ្ងៃ។

Daily Program

Livesteam thumbnail