លោកមីស្ហ៉ាអេល សូម៊ែរ បិតាឯករាជ្យជាតិនៃប្រទេសប៉ាពួ នូវែល ហ្គីណេ
លោកមីស្ហ៉ាអេល សូម៊ែរ កើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៣៦ នៅទីក្រុងរ៉ាបូល ប្រទេសប៉ាពួ នូវែល ហ្គីណេ។ លោកបានធ្វើជានាយករដ្ឋមន្រ្តីប្រទេសនេះ បីដង គឺពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១១។
ជារដ្ឋមន្រ្តីប្រមុខនៃប្រទេសបន្ទាប់ពីសម័យអាណានិគមក្រោមអធិបតេយ្យភាពរបស់ប្រទេសអូស្រ្តាលី លោកត្រូវបានចាត់ទុកជា បិតាជាតិ សម្រាប់ការដឹកនាំប្រទេសប៉ាពួ នូវែល ហ្គីណេ នៅលើផ្លូវសន្តិភាពរហូតដល់បានទទួលឯករាជ្យភាព។
លោកមីស្ហ៉ាអេល សូម៊ែរ បានចូលរៀននៅសាលាបឋមដែលដឹកនាំដោយកងកម្លាំងគ្រប់គ្រងទឹកដីជប៉ុននៅអំឡុងសង្រ្គាមលោកលើកទី២។ លោករៀនអាន និងរៀនសរសេរភាសាជប៉ុន ហើយលោកក៏ជាសាសនិកកាតូលិកផងដែរ។ នៅឆ្នាំ១៩៥៧ លោកមីស្ហ៉ាអេល សូម៊ែរ បានទទួលសញ្ញាបត្រជាគ្រូបង្រៀន និងចាប់ផ្តើមបង្រៀននៅសាលាបឋម និងអនុវិទ្យាល័យ។
នៅក្នុងទសវត្សឆ្នាំ១៩៦០ លោកធ្វើការជាអ្នកផ្សព្វផ្សាយវិទ្យុ មុននឹងចូលប្រលូកក្នុងការងារនយោបាយ។ នៅឆ្នាំ១៩៦៧ លោកគឺជាស្ថានិកម្នាក់នៃគណបក្ស ប៉ាងហ្គូ។ លោកគឺជាស្ថាបត្យករម្នាក់នៃសម័យអន្តរកាលឆ្ពោះទៅកាន់ឯករាជ្យជាតិ ចេញពីអូស្រ្តាលីដែលទទួលបាននៅឆ្នាំ១៩៧៥ និងការចូលរួមសរសេររដ្ឋធម្មនុញ្ញនៃរដ្ឋថ្មីផងដែរ។
នៅពេលធ្វើជានាយករដ្ឋមន្រ្តីនៅលើឆាកអន្តរជាតិ លោកមីស្ហ៉ាអេល សូម៊ែរ បានចូលរួមក្នុងការចរចាពហុភាគីនានា ដែលសំដៅប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ លោកបានអំពាវនាវឲ្យប្រទេសឧស្សាហកម្មចាប់ផ្តើមប្រកាន់យកការទទួលខុសត្រូវលើរឿងទាំងនេះផងដែរ។
លោកមីស្ហ៉ាអេល សូម៊ែរ បានបញ្ចេញនូវការស្រឡាញ់យ៉ាងជ្រាលជ្រៅសម្រាប់វប្បធម៌នៃប្រទេសរបស់លោក។ លោកទទូចឲ្យរក្សាវប្បធម៌ម៉េឡានេស៊ី និងការផ្សះផ្សារ ដែលជាការរួមបញ្ចូលរវាងវប្បធម៌បុរាណប៉ាកាន និងអូស្រ្តានេស៊ី ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ នេះគឺបង្ហាញអំពីការគោរពដល់បុព្វបុរស ការចងក្រងជាសហគមន៍ និងសិល្បៈក្នុងពិធីជប់លៀង។ លោកមីស្ហ៉ាអេល សូម៊ែរ គឺជាអ្នកនយោបាយម្នាក់ដែលមិនញញើតញញើម និងប្រគល់តំណែងសំខាន់ៗដល់គូប្រជែងនយោបាយរបស់លោកឡើយ។
លោកមីស្ហ៉ាអេល សូម៊ែរ មិនបានឈរឈ្មោះសម្រាប់កៅអីជាតំណាងរាស្រ្ត និងអភិបាលនៃខេត្តសេពីតខាងកើត នៅអំឡុងកាលបោះឆ្នោតនីតិបញ្ញត្តិខែមិថុនា ឆ្នាំ២០១៧ ទៀតឡើយ។ ដូច្នេះលោកបានបញ្ចប់អាជីបដ៏វែងឆ្ងាយរយៈពេល ៤៩ឆ្នាំ នៅក្នុងអង្គការនីតិបញ្ញត្តិជាតិ។ លោកបានទទួលមរណភាពដោយជំងឺមហារីកលំពែង នៅអាយុ ៨៤ឆ្នាំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅរដ្ឋធានី ផត ម៉ូរ៉េសស្ប៊ី ប្រទេសប៉ាពួ នូវែល ហ្គីណេ។
ប្រទេសប៉ាពួ នូវែល ហ្គីណេ ក្នុងនាមជាអតីតប្រទេសក្រោមអាណានិគមអូស្រ្តាលី រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជិតខាងភាគខាងត្បូងនេះ ខ្លាំងជាងអ្នកជិតខាងភាគខាងលិច គឺប្រទេសឥណ្ឌូនេស៊ី។
ទោះបីជាយ៉ាងណា នៅឆ្នាំ២០០៦ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយកាន់តែអាក្រក់ បន្ទាប់ពី “ករណីសំណុំរឿង ម៉ូទី”។
នៅខែកញ្ញា ឆ្នាំ២០០៧ ប្រទេសអូស្រ្តាលីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃមេដឹកនាំប្រទេសជាសមាជិកនៃអង្គការ អេពិក (APEC) អង្គការសហប្រត្តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វ៊ិក ដែលរួមមានទាំងប្រទេសប៉ាពួ នូវែល ហ្គីណេផងដែរ។ ដូច្នេះ លោកមីស្ហ៉ាអេល សូម៊ែរ អាចទៅកាន់ប្រទេសអូស្រ្តាលីជាលើកទី១ ចាប់តាំងពីសំណុំរឿង ម៉ូទី។ រដ្ឋាភិបាលអូស្រ្តាលីលើកយោបល់ថា ទំនាក់ទំនងការទូត នឹងអាចចាប់ផ្តើមឡើងវិញរវាងរដ្ឋាភិបាលទាំងពីរ។