មីយ៉ាម៉ូតូ មូសាស្ហ៊ី ៖ វីរបុរសដាវពីរអមតៈ និងកំពូលអ្នកយុទ្ធសាស្ត្រ និយម​នៃ​ដែនដី​​អាទិត្យរះ

កើតនៅក្នុងឆ្នាំ១៥៨៤ នៅខេត្តមីម៉ាសាកា ប្រទេសជប៉ុន លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី (Miyamoto Musashi) មិនត្រឹមតែជាឈ្មោះរបស់សាមូរ៉ៃម្នាក់នោះទេ ប៉ុន្តែជាពាក្យ​ស្លោក​តំណាង​ឱ្យ​ភាព​ឥត​ខ្ចោះនៃសិល្បៈ យុទ្ធសាស្ត្រ និងទស្សនវិជ្ជាចម្បាំងរបស់ប្រទេសជប៉ុន។

ដោយមានកេរ្តិ៍ឈ្មោះប្រយុទ្ធមិនដែលចាញ់ និងក្បាច់ដាវពីរ លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី បាន​ចាប់​ផ្តើម​ជីវិត​ជា​យុទ្ធជនតាំងពីអាយុ ១៣ឆ្នាំ។ លោកបានចាកចេញពីស្រុកកំណើត​នៅឆ្នាំ​១៥៩៩ ដើម្បី​ស្វែង​រក​ផ្លូវដើរដោយខ្លួនឯង។ បន្ទាប់ពីមហាសមរភូមិសេគីហ្គាហារ៉ា បង្រួប​បង្រួម​ប្រទេសជប៉ុន លោកបានក្លាយជា «រ៉ូណិន» ឬសាមូរ៉ៃឯករាជ្យ គ្មានម្ចាស់ ដែលលោក​បាន​ចំណាយ​ពេល​ពេញ​​មួយជីវិតដើម្បីដុះខាត់សមត្ថភាពរហូតបង្កើតបានជា «យុទ្ធគុន​ដាវ​ពីរ» ដ៏ល្បីល្បាញ។ ពេញមួយអាជីពជាអ្នកប្រយុទ្ធ លោកបានឆ្លងកាត់ការប្រយុទ្ធតតាំង​តទល់​គ្នា​លើសពី ៦០ ដង ដោយមិនដែលស្គាល់ពាក្យថាចាញ់នោះឡើយ។

ព្រឹត្តិការណ៍ប្រយុទ្ធដ៏ល្បីល្បាញបំផុត បានកើតឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៦១២ នៅ​លើ​កោះហ្វ៊ូម៉ា ប្រកួតជាមួយកំពូលអ្នកប្រើដាវ លោកសាសាគី កូជីរ៉ូ។ នៅក្នុងការប្រកួតនោះ លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី បានយកឈ្នះគូប្រកួតដោយប្រើត្រឹម «ដាវឈើ» ដែលលោកបាន​ដក​ចេញ​ពីចង្វារទូកនៅរវាងផ្លូវធ្វើដំណើរតែប៉ុណ្ណោះ។

ក្នុងជីវិតចុងក្រោយ និងមរតកអក្សរសាស្ត្រ-សិល្បៈ ក្រៅពីជីវិតលើសមរភូមិ លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី ក៏ជាអ្នកសរសេរអក្សរក្បាច់ចិន និងជាវិចិត្រករគំនូរទឹកថ្នាំដ៏មានជំនាញខ្ពស់ ដែល​ស្នាដៃ​របស់លោកត្រូវគេរក្សាទុកក្នុងវិចិត្រសាលនានារហូតមកដល់សព្វថ្ងៃ។ លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី ធ្លាប់បានបម្រើជាមេបញ្ជាការកងទ័ព និងរស់នៅក្រុងគូម៉ាម៉ូតូ ក្រោមការឧបត្ថម្ភ​ពី​អភិបាល​ខេត្ត ហូសូកាវ៉ា តាដាតូស្ហ៊ី។

នៅដើមឆ្នាំ១៦៤៥ ដោយដឹងថាសុខភាពទន់ខ្សោយ និងវេលាចុងក្រោយខិតជិតមកដល់ លោក​​បានជម្នះការឈឺចាប់ឡើងទៅកាន់ «រូងភ្នំរ៉េហ្គង់ដូ» (រូងភ្នំនៃវិញ្ញាណ) ដើម្បី​សរសេរ​ចងក្រង​នូវរាល់បទពិសោធន៍ជីវិត។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៦៤៥ លោកបាន​ប្រគល់​ដាវ​ជា​អនុស្សាវរីយ៍ដល់សិស្សឈ្មោះ អូគីណាហ្គា យ៉ូរីយូគី និងបានប្រគល់ស្នាដៃ​មហា​សម្បត្តិ​គឺ​សៀវភៅ «ក្បួនតម្រាចក្រទាំង៥» (The Book of Five Rings) ទៅឱ្យសិស្សសំណព្វឈ្មោះ តេរ៉ាអូ កាត់ស៊ូណូប៊ូ ព្រមទាំង «អត្ថបទ ៣៥ប្រការនៃក្បាច់គុន» ទៅឱ្យ តេរ៉ាអូ គូម៉ាណូស៊ូកេ។

រហូតមកដល់បច្ចុប្បន្ន សៀវភៅ «ក្បួនតម្រាចក្រទាំង៥» របស់លោកបានក្លាយជាគម្ពីរ​យុទ្ធសាស្ត្រ​​​ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់អ្នកដឹកនាំ និងអ្នកជំនួញទូទាំងពិភពលោក ស្រប​ពេល​​​ពេល​ដែលរូបលោកផ្ទាល់បានក្លាយជានិមិត្តរូបអមតៈនៅក្នុងវប្បធម៌​ប្រជាប្រិយ​ទំនើប រាប់​ចាប់​ពី​ភាពយន្ត រឿងម៉ង់ហ្គា រហូតដល់វីដេអូហ្គេម។

លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី បានទទួល​មរណភាព​នៅ​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ១៦៤៥។ សពរបស់​លោក​ត្រូវបានរៀបចំបំពាក់ដោយអាវក្រោះ មួក និង​គ្រឿង​បរិក្ខារយោធាពេញលេញ​ទៅតាម​បំណង​ប្រាថ្នា និងត្រូវបានបញ្ចុះនៅភូមិ តេណាហ្គាយូហ្គេ ខេត្តអេហ៊ីមេ។

ប្រទេសជប៉ុន នាសម័យកាលរបស់លោកមីយ៉ាម៉ូតូ មូសាស្ហ៊ី មានការផ្លាស់ប្តូរ​រូបរាងយ៉ាង​ធំ​ធេង​មួយបានកើតឡើងចំពោះអាវុធយុទ្ធភ័ណ្ឌ។ ក្នុងអំឡុង​ពាក់កណ្តាល​ទីពីរ​នៃសតវត្សរ៍ទី​១៦ កាំភ្លើងដែលត្រូវបាននាំចូលដោយជនជាតិព័រទុយហ្គាល់ថ្មីៗ ទាំងនោះ បាន​ក្លាយជាអាវុធ​ដ៏​មានប្រៀប និងសម្រេចជោគជ័យនៅលើសមរភូមិ។ ​ប៉ុន្តែនៅពេលប្រទេស​​កំពុងមាន​សុខ​សន្តិភាព ក្រុមសាម៉ូរ៉ៃបានបែរខ្នងដាក់អាវុធកាំភ្លើង ដែលពួកគេមិនចូល​ចិត្ត ហើយបាន​ត្រឡប់​​​មកបង្កើតចំណងស្នេហ៍ជាប្រពៃណីជាថ្មីជាមួយនឹងដាវជប៉ុននីហុងតូវិញ។

 

 

Daily Program

Livesteam thumbnail
khmer popup image