តើយុវជនដែលជាប់បាក់ឌុបរួច គួររៀនបន្ត ឬធ្វើការងារ?
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសលទ្ធផល យុវជនជាសិស្សានុសិស្សដែលបានប្រឡងបាក់ឌុប ទន្ទឹមនឹងនេះ យុវជននៅតែមានភាពស្រពិចស្រពិលថា ខ្លួនគួរបន្តការសិក្សា ឬក៏ចាប់យកឱកាសការងារ ឬបង្កើតមុខរបរក្រោយពីខ្លួនបានប្រឡងជាប់។ យ៉ាងណាមិញ អ្នកជំនាញបានណែនាំឱ្យយុវជនគួរបន្តការសិក្សាឱ្យបានជាអតិបរិមា មុននឹងសម្រេចចិត្តជ្រើសរើសការងារ ឬបង្កើតមុខរបរ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងថា យុវជន និងយុវនារី គួរចាប់យកឱកាសសិក្សាបន្តទៀត ជាជាងការស្វែងរកការងារ ឬបង្កើតមុខរបរដោយគ្មានគោលដៅច្បាស់លាស់។ ការបន្តការសិក្សាមានសារសំខាន់ ដោយសារតែបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ហើយការអប់រំប្រហាក់ប្រហែលកម្រិតថ្នាក់បាក់ឌុបមានច្រើនគួរសមនៅក្នុងសង្គម។
លោក យង់ គឹមអេង បានឱ្យដឹងថា៖ «ដូច្នេះហើយបើសិនជាការសិក្សាអប់រំត្រឹមកម្រិតបាក់ឌុប មិនអាចប្រជែងទីផ្សារការងារទៅថ្ងៃអនាគតបានល្អប្រពៃនោះទេ។ អ៊ីចឹងគាត់ (យុវជន) ត្រូវធ្វើយ៉ាងណាត្រូវស្វែងរកចំណេះវិជ្ជាថ្នាក់មហាវិទ្យាល័យ ព្រោះកាលណាយុវជនកាន់តែមានសមត្ថភាព កាន់តែទទួលបានការអប់រំកាន់តែខ្ពស់ គេរកឃើញថាអត្រានៃភាពក្រីក្រក្នុងចំណោមអ្នកចេះដឹងកាន់តែតិចដែរ»។
អ្នកជំនាញបន្តថា យើងឃើញថាដើម្បីរួចផុតពីភាពក្រីក្រ មានតែខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ទោះបីជាការសិក្សាមានភាពលំបាក និងឧបសគ្គខ្លះ តែវាអាចនាំយុវជនចេញផុតពីភាពក្រីក្រ។
លោក យង់ គឹមអេង បន្ថែមថា៖ «យុវជនដែលអត់លទ្ធភាព គាត់មានជម្រើស ២យ៉ាង៖ ទី១ គឺគាត់ធ្វើការបណ្តើរ រៀនបណ្តើរ ដើម្បីរកលុយបង់ថ្លៃសាលា ឬក៏សុំអាហារូបករណ៍គេបាន។ ទី២ ខ្ញុំចង់លើកឡើង គឺការសុំអាហារូបករណ៍ហ្នឹង ទី១ គាត់អាចធ្វើការបានលុយ គាត់អាចរៀនបណ្តើរធ្វើការបណ្តើរ, ទី២ អាចដាក់សុំអាហារូបករណ៍គេ បើសិនជាយើងអត់លទ្ធភាព គ្មានការងារធ្វើទេ យើងសុំអាហារូបករណ៍គេមក»។
លោក យង់ គឹមអេង បន្តថា ការបោះបង់ចោលការសិក្សាត្រឹមកម្រិតបាក់ឌុបនោះ អ្នកជំនាញមិនលើកទឹកចិត្តឱ្យយុវជនសម្រេចចិត្តធ្វើបែបនេះនោះទេ តែប្រសិនបើយុវជនមិនអាចសិក្សានៅថ្នាក់ទូទៅបានទេ យុវជនអាចជ្រើសរើសសិក្សាថ្នាក់វិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាអ្នកជំនាញ ដែលនឹងអាចធ្វើកិច្ចការងារមួយច្បាស់លាស់នៅពេលអនាគត។
លោក យង់ គឹមអេង បន្ថែមទៀតថា៖ «នៅពេលដែលយើងចង់ផ្លាស់ប្តូរជីវភាព ទាល់តែយើងលះបង់ ហ៊ានពុះពារ ហ៊ានជម្នះការលំបាកដែលនៅចំពោះមុខសិន កុំយកការលំបាកទាំងឡាយមកដាក់ពីមុខធ្វើឱ្យយើងដើរទៅមុខមិនរួចសម្រាប់ការសិក្សា»។
