ឧក្រិដ្ឋកម្មអនឡាញគឺជារោគសង្គមថ្មី ត្រូវ​ប្រុងប្រយ័ត្នខ្ពស់!​

ឧក្រិដ្ឋកម្មអនឡាញជាឧក្រិដ្ឋកម្មថ្មី ហើយវាគឺជារោគសង្គមថ្មីបំផុតមួយនៅកម្ពុជា ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែស្វែងយល់ហើយព្យាយាមបង្ការខ្លួនកុំអោយពាក់ព័ន្ធនឹងករណីនេះ បើមិនដូច្នេះទេ យើងអាចនឹងរងគ្រោះដោយមិនដឹងខ្លួន​។​

បើតាមរបាយការណ៍របស់សមត្ថកិច្ច រោគសង្គមមួយនេះ មាននៅកម្ពុជា ប៉ុន្តែទំនងជាមិនសូវមានពលរដ្ឋកម្ពុជារងគ្រោះនៅឡើយទេ តែនៅពេលអនាគត ពិតជាពិបាកព្យាករណ៍ណាស់ ដែលយើងចាំបាច់ត្រូវតែព្យាយាមនៅឲ្យឆ្ងាយពីវា។​

ដូចជារោគសង្គមមុនៗដែរ ជាពិសេសគឺគ្រឿងញៀន ដំបូងឡើយវាគ្រាន់តែជាឧក្រិដ្ឋកម្មឆ្លងកាត់ ដោយយកកម្ពុជាគឺជាផ្លូវឆ្លងកាត់ ទៅប្រទេសទី៣ ក្រោយមកវាត្រូវបានបញ្ជ្រាបចូលហើយនៅពេលនេះវាបានចាក់ចូលយ៉ាងជ្រៅទៅក្នុងកោសិកា នៃសង្គម​ដែលយើងកំពុងតែយកចិត្តទុកដាក់នៅឡើយ។

សមត្ថកិច្ចប៉ូលីសបានបង្ហាញនូវករណីបង្រ្កាបឧក្រិដ្ឋកម្មនេះជាច្រើនករណី ហើយក៏មានជនបរទេសជាឧកិ្រដ្ឋជន ជាជនសង្ស័យជាច្រើនដែលត្រូវបានឃាត់ខ្លួន។ ក្រៅពីនោះក៏មានជនរងគ្រោះជាច្រើនភាគច្រើន គឺជាជនបរទេសត្រូវបានជួយសង្រ្គោះជាបន្តបន្ទាប់។

នៅពេលនេះទោះបីជាពលរដ្ឋយើងនៅមានសុវត្ថិភាពពីឧក្រិដ្ឋកម្មនេះក៏ដោយ ប៉ុន្តែដើម្បីបង្ការខ្លួន យើងចាំបាច់ត្រូវតែដឹងខ្លះៗ ដើម្បីបង្ការនិងការពារខ្លួនទៅថ្ងៃអនាគត។​

យើងទាំងអស់គ្នាចាំបាច់ត្រូវតែដឹងថា ដំបូងវាអាចជាជនបរទេស​ ប៉ុន្តែនៅថ្ងៃណាមួយ ពួកឧក្រិដ្ឋជនក៏អាចតម្រង់គោលដៅមកលើយើងផងដែរ ទោះបីជាវាដឹងថា យើងជាប្រជាពលរដ្ឋនៅក្នុងប្រទេសមិនសូវសំបូរធនធាន ដោយ។

ដើម្បីការពារខ្លួន យើងចាំបាច់ត្រូវតែ​ប្រុងប្រយ័ត្នលើការប្រើប្រាស់ទូរស័ព្ទ អ៊ីម៉ែល និង ការលេងបណ្តាញសង្គមផ្សេងៗ ។ នៅពេលទទួលបានសារតាមអ៊ីម៉ែលក្តី តាម SMS ក្តី​តាម ឆាត ក្តី អ្នកមិនស្គាល់កុំឆ្លើយតប។

សូមការពារព័ត៌មានផ្ទាល់ខ្លួននានា តាំងពីអត្តសញ្ញាណប័ណ្ណ លេខកុងគណនីធនាគារ លិខិតឆ្លងដែន ហើយជាពិសេសគឺលេខសម្ងាត់មធ្យោបាយទំនាក់ទំនងនានា។

រាល់គណនីបណ្តាញសង្គម និងប្រព័ន្ធអេឡិចត្រូនិចត្រូវមានលេខសម្ងាត់ដែលរឹងមាំ ពិបាកគេចំណាំ ហើយត្រូវប្រុងប្រយ័ត្ន​រឿងទិញទំនិញតាមអនឡាញ ឫក៏ការបណ្តាក់ទុនតាមអនឡាញ។

សរុបទៅដើម្បីការពារខ្លួនប្រឆាំងនឹងរោគសង្គមថ្មីនេះគឺចាំបាច់ត្រូវតែលើកកំពស់ការប្រុងប្រយ័ត្ន ហើយការពាររាល់ព័ត៌មានផ្តាល់ខ្លួន របស់យើង ហើយព្យាយាមតាមដាននិន្នាការនៃល្បិចថ្មីៗ​របស់ពួកវាតាមព័ត៌មានដែលមានប្រភពច្បាស់លាស់៕

 

Daily Program

Livesteam thumbnail