សម្រាប់ស្រុកយើងរឿងគ្រីបតូកុំអាលពាក់ព័ន្ធ ដោយសារមិនស្របច្បាប់ !

នៅប្រទេសគេការជួញដូរគ្រីបតូអាចមិនអី ប៉ុន្តែសម្រាប់កម្ពុជាការពាក់ព័ន្ធនឹងគ្រីបតូគួរកុំអាលអី ដោយសារតែវាគឺជាឧបករណ៍នៃការទូទាត់ដែលមិនត្រូវបានទទួលស្គាល់ដោយរដ្ឋនៅឡើយទេ ។

តាមសេចក្តីប្រកាសមួយដែលចេញដោយធនាគារជាតិនៃកម្ពុជាដែលជាស្ថាប័នអាណាព្យាបាលនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាពាក់ព័ន្ធនឹងការសម្រេចដកអាជ្ញាប័ណ្ណចំពោះ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.)កាលពីថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ច្បាស់ណាស់ ។

នៅក្នុងលិខិតនោះធនាគារជាតិនៃកម្ពុជា បានរំលឹកប្រជាពលរដ្ឋកម្ពុជាឲ្យមានការប្រុងប្រយ័ត្នចំពោះ ចរាចរទិញ លក់ ឫទូទាត់ទ្រព្យសកម្មគ្រីបតូ  ពីព្រោះវាមិនមែនជាឧបករណ៍ជួញដូរស្របច្បាប់នៅកម្ពុជាឡើយ ។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ប្រតិបត្តិការនិងការទូទាត់គ្រីបតូឡើយ ហើយក៏ប្រកាសថា មកដល់បច្ចុប្បន្ននេះ មិនទាន់មានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណាមួយ បានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូនៅឡើយទេ ។

ពាក់ព័ន្ធនឹងគ្រីបតូនេះ ទោះបីជាវាមិនស្របច្បាប់ ហើយធនាគារជាតិមិនទទួលស្គាល់ក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណក៏ដោយវាអាចមានពលរដ្ឋខ្លះបានកំពុងតែជួញដូរ ហើយក្រៅពីនោះគឺមានជនបរទេស ។

តាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា មិនបាននិយាយលំអិតអំពីចរាចរណ៍គ្រីបតូនេះទេ ប៉ុន្តែគេសង្ស័យថា ការសម្រេចដកអាជ្ញាប័ណ្ណចំពោះ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក គឺអាចពាក់ព័ន្ធនឹងករណីនេះ ។

ក្រុមហ៊ុននេះនៅមុនពេលដែលធនាគារជាតិកម្ពុជាបានប្រកាសដកអាជ្ញាប័ណ្ណនោះ គឺគេដឹងថា ក្រុមហ៊ុនមេរបស់ស្ថាប័នមួយនេះ គឺត្រូវបានក្រសួងរតនាគាសហរដ្ឋអាមេរិកសម្រេច រាំងខ្ទប់ប្រតិបត្តិការរបស់ក្រុមហ៊ុន នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ក្រោមហេតុផលថា ក្រុមហ៊ុន មួយនេះ ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញងងឹតនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលគេដឹងថា វាគឺជាក្រុមហ៊ុនមួយដែលមានការជួញដូគ្រីបតូមួយសកម្ម។

សរុបទៅ សូមលើកកំពស់ការប្រុងប្រយ័ត្ន នៅពេលដែលប្រព័ន្ធច្បាប់មិនទទួលស្គាល់ហើយយើងនាំគ្នាទៅពាក់ព័ន្ធយើងគ្មានមូលដ្ឋានច្បាប់ការពារផលប្រយោជន៍និងបញ្ហារបស់យើងបានឡើយ ដូច្នេះប្រសិនបើអាចគួរកុំអោយ យើងទៅពាក់ព័ន្ធនឹងវាអីនៅពេលនេះ ។ យើងអាចនឹងខាតប្រយោជន៍ខាតលុយ ហើយខាតពេលវេលា បន្ថែមពីនោះយើងក៏អាចប្រឈមមុខនឹងមានទោសទណ្ឌផងដែរ៕

 

Daily Program

Livesteam thumbnail