សង្គមគួររកមូលហេតុ! ករណីនៅពីក្រោយហ្វូងមនុស្សព្រួតគ្នាបង្កអំពើហិង្សា

សម្រាប់ករណីផ្ទុះហិង្សាវាយរថយន្តមួយគ្រឿងឡើងខ្ទេចកាលពីថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ វាគឺជារឿងត្រឹមត្រូវហើយដែលសមត្ថកិច្ចត្រូវស៊ើបអង្កេតស្វែងរកជនបង្កអំពើហិង្សានេះមកទទួលខុសត្រូវ ប៉ុន្តែស្ថាប័នផ្សេងជាពិសេសអ្នកជំនាញខាងសង្គមគួរតែសិក្សារកមូលហេតុដែលជាឬសគល់ ។​

រឿងរ៉ាងអំពើហិង្សាដោយ​មិន​ដឹងហេតុផល​ច្បាស់លាស់នេះ ត្រូវបានគេដឹងថា បានកើតមានឡើងផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦​ សមត្ថកិច្ចបានកំពុងតែធ្វើនិងបំពេញភារកិច្ចនេះ ប៉ុន្តែខាងអ្នកជំនាញសង្គមគួរតែសិក្សារកមូលហេតុពិតពីក្រោយករណីនេះ ដើម្បីបង្ការកុំអោយវាកើតមានបញ្ហាបែបនេះបន្តទៀត ។

មកដល់ពេលនេះនៅក្នុងចំណោមអ្នកដែលចូលរួមប្រព្រឹត្តអំពើហិង្សាទាំងនេះមានអ្នកខ្លះមិនមែនជាអ្នកដែលនៅក្នុងហេតុការណ៍នេះតាំងពីដើមមកទេ។ ពួកគេអាចនឹងចូលរួមក្រោយពេលដែលមនុស្សជាច្រើនដេញវាយប្រហាររថយន្តនេះ ដូច្នេះហើយអ្នកវិទ្យាសាស្រ្តសង្គមគួរតែសិក្សាវាឲ្យស៊ីជម្រៅរកមូលហេតុ ពិតប្រាកដដើម្បីព្យាបាលជំងឺសង្គមនេះឲ្យត្រូវ ដើម្បីកុំអោយមនុស្សនាំគ្នាប្រព្រឹត្តហិង្សាជាក្រុមខុសច្បាប់ខុសទម្លាប់របស់ប្រទេស​។​

យើងខ្ញុំសង្កេតឃើញថា តាំងពីករណីគ្រោះថ្នាក់ចរាចរណ៍នៅឬស្សីកែវពាក់ព័ន្ធនឹងកូនចៅហ្វាយស្រុកម្នាក់ក៏មហាជនជាច្រើនចូលរួមដែរ​តែមហាជនមានការអត់ធ្មត់ច្រើននៅកាលនោះ ។ ក្រោយមកករណីគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបងបង្កឡើងដោយកូនប្រុសស្នងការរងម្នាក់ក៏មហាជនរិះគន់និងចាប់អារម្មណ៍ច្រើនណាស់ ទោះនៅកន្លែងកើតហេតុជាត់ស្តែងមិនកើតមានក្តី ប៉ុន្តែនៅលើបណ្តាញសង្គមគឺមានការផ្ទុះច្រើន។​

មកដល់ពេលនេះឲ្យតែឮសូរករណីបែបនេះសមាជិកសង្គមយើងមិនដឹងយ៉ាងម៉េចទេ គឺអត់មានសួរក្បាលកន្ទុយឬសាច់រឿងវែងឆ្ងាយអីទេ គឺដឹងតែសំដែងសកម្មភាពយ៉ាងងងឹតងងុលដូចជាករណីវាយកម្ទេចរថយន្តនៅថ្ងៃចុងក្រោយនៃថ្ងៃបុណ្យចូលឆ្នាំឥចឹង ។

នេះអាចដោយសារតែអារម្មណ៍នៃភាពស្អប់ខ្ពើមអំពើអយុត្តិធម៌នៃសង្គម ហើយវាក៏អាចដោយសារតែអារម្មណ៍ឆេវឆាវមិនគិតវែងឆ្ងាយ អស់ជំនឿលើច្បាប់ក៏មិនដឹង​ បានជាគ្រប់គ្នាមិនយកច្បាប់ជាគោលទេ គឺយកមហាជនជារួម ហើយចេញសេចក្តីសន្និដ្ឋាននិងចូលរួមទាំងភ្នែន ខ្វះការគិតលើផលវិបាកមកលើខ្លួន ។​

ផ្អែកតាមសក្ខីកម្មនេះ យើងខ្ញុំគិតថាយើងទាំងអស់គ្នាជាពិសេសស្ថាប័នសង្គមធំៗដែលមានជំនាញស្រាវជ្រាវខាងសង្គម គួរតែមានការសិក្សាគួរតែមានការស្រាវជ្រាវរកហេតុរកផល ដើម្បីយើងដឹងសគល់នៃបញ្ហាហើយនាំគ្នារកមធ្យោបាយទប់ស្កាត់។ នៅក្នុងករណីយើងចេះតែបណ្តែតបណ្តោយ វាអាចក្លាយជាបញ្ហាសង្គមចាក់ស្រេះកាន់តែពិបាកដោះស្រាយនៅពេលអនាគត៕

 

 

Daily Program

Livesteam thumbnail