រឿងព្រំដែនទាមទារពេលរាប់ឆ្នាំ! សំខាន់កុំបោះបង់ការតស៊ូព្យាយាម

រឿងទំនាស់ត្រឹមដីភូមិដើម្បីទទួលបានយុត្តិធម៌ មានការសុខចិត្តសុខកាយ នឹងគ្នាករណីខ្លះត្រូវដោះស្រាយតជំនាន់ ដូច្នេះករណីដោះស្រាយបញ្ហាព្រំដែនវាទាមទារពេលវេលានិងការតស៊ូ អំណត់ ហើយព្យាយាម ដោយមិនកំណត់ សំខាន់យើងកុំបោះបង់ការព្យាយាម ។​

អរិភាពព្រំដែនកាលពីឆ្នាំ២០២៥ គឺធ្ងន់ធ្ងរ ភាគីទាំងសងខាង ពោលគឺកម្ពុជានិងថៃសុទ្ធតែមានទាហានពលី ប្រជាជនស៊ីវិលគ្រោះថ្នាក់ដល់ជីវិត របួសពិការដូចគ្នា ហើយទំហំនៃការខូចខាតក៏មានដូចគ្នា ហើយនៅពេលនេះទំនាស់នេះនៅមិនទាន់ដោះស្រាយចប់ឡើយ វានៅតែបន្ត។

នៅពេលដែលទំនាស់នេះបន្តរាជរដ្ឋាភិបាលក៏មិននៅស្ងៀមដែរ​ ជាក់ស្តែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយ លោក ស៊ីហាសាក់ ភួងគៀតកែវ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃ។

នេះជាជំនួបទ្វេរភាគីទល់មុខគ្នាដំបូងដែលកម្ពុជានិងថៃទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

តាមការប្រកាសរបស់លោក ប្រាក់ សុខុន បានឲ្យដឹងថា ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់ប្រទេសទាំងពីរ ។

ជាការពិតមកដល់ពេលនេះថៃបានបន្តកាន់កាប់ទឹកដីកម្ពុជានៅចំណុចមួយចំនួន ហើយធ្វើសកម្មភាពជាច្រើនដែលខុសច្បាប់ ហើយកម្ពុជាពិតជាបានតវ៉ាផ្នែកការទូតដោយសន្តិវិធីជាបន្តបន្ទាប់ ។​ នៅក្នុងស្ថានភាពបែបនេះ ដំណោះស្រាយគឺការទូតជាច្រកដ៏សំខាន់ ដូច្នេះសង្ឃឹមថា យើងនឹងបន្តរួបរួមគ្នាខិតខំតស៊ូផ្នែកច្បាប់និងយន្តការផ្សេងៗដើម្បីដោះស្រាយ បញ្ហាទោះជាត្រូវចំណាយពេលវេលាយូរយ៉ាងណាក៏ដោយ ។

 

Daily Program

Livesteam thumbnail