ភ្លើងប្រច័ណ្ឌ បើគិតជាកំដៅគឺអាចដុតបំផ្លាញលោកទាំងមូលបាន

កុំលេងសើចចំពោះរឿងប្រច័ណ្ឌ ពីព្រោះថានៅពេលដែលមនុស្សម្នាក់មានបញ្ហានេះនៅក្នុងចិត្ត វាប្រៀបបាននឹងកំដៅដែលមានសីតុណ្ហាភាពរាប់ពាន់អង្សាររហូតដល់ដុតបំផ្លាញលោកទាំងមូលបាន។
ព្រោះតែកំហឹងនៃភ្លើងប្រច័ណ្ឌនេះ មនុស្សមិនថាប្រុសឬស្រី ឬជាតិសាសាន៍ណានោះទេ គឺកំដៅក្តៅមហិមា ដូច្នេះហើយបានជាអ្នកប្រច័ណ្ឌនៅក្នុងខ្លួនគឺរមែងហ៊ានសំរេចចិត្តដោយគ្មានរួញរាឡើយ ហើយប្រពឹត្តអំពើអ្វីៗទាំងអស់ ទោះបីជាអំពើឬទង្វើនោះវាអាចនាំទុក្ខទោសមកដល់ខ្លួនវិញក៏ដោយចុះ។
ករណីនេះ តាមបណ្តោយផ្លូវ២៦៥ ម្ដុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ កាលពីវេលាម៉ោងប្រហែល២៣:៣០នាទី មានស្រ្តីពីរូបត្រូវមានពិរុទ្ធ សមត្ថកិច្ចកំពុងតែឃាត់ខ្លួន ក្រោយពេលអ្នកទាំងពីរបាននាំគ្នាប្រើរថយន្តហើយដេញស្ទាក់រួចបំបុកឡានស្រ្តីម្នាក់ ហើយនាំគ្នាប្រើប្រាស់អំពើហិង្សាទៅលើស្រ្តីម្នាក់នោះ។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនអ្នកទំាងពីរ បានអះអាងថា នារីដែលត្រូវបានពួកគេប្រើប្រាស់អំពើហិង្សាលើ បានទៅគំរាមនិងគោះទ្វារផ្ទះរបស់ខ្លួន មូលហេតុនៃការដេញបុកនិងវាយនេះ ដោយសារតែស្ត្រីខាងលើបានគំរាមថា ដុតផ្ទះនិងធ្វើឲ្យក្រុមគ្រួសារវិនាសពាក់ព័ន្ធនឹងបញ្ហាស្នេហ៍ត្រីកោណ ទើបកើតជាកំហឹងដេញបុក និងវាយតែម្ដង។
នេះគឺជាករណីដោះស្រាយបញ្ហាដោយការប្រច័ណ្ឌនេះអែង ហើយក្រៅពីអំពើនេះកន្លងមកនៅមានអំពើសាហាវៗនិងអសីលធម៌ជាច្រើនទៀត ដែលបានកើតមានដោយសារតែប្រច័ណ្ឌ ដូចជាអំពើឃាតកម្ម សម្លាប់ខ្លួន ប្រើប្រាស់ទឹកអាស៊ីត។
រឿងប្រច័ណ្ឌនេះអត់មានរើសអ្នកមានអ្នក្រ អ្នកតូចតាច មន្រ្តីអ្វីនោះទេ គឺគ្រប់ឋានៈទាំងអស់ ប្រសិនបើមិនចេះគ្រប់គ្រងអារម្មណ៍ និងចេះរំសាយកំហឹងទេនោះ។ នៅពេលដែលអ្នកមានបញ្ហានេះ កើតមានឡើងទោះបីជាខឹងប៉ុណ្ណា សូមកុំប្រើប្រាសហិង្សា និងអំពើអកុសល ហើយបណ្តោយឲ្យក្លាយជាទាសករនៃកំហឹង នោះហិង្សានឹងដុតរោលខ្លួនយើងឱ្យវិនាស។
កើតជាមនុស្សនរណាក៏មានកំហឹង មានការប្រច័ណ្ឌ ប៉ុន្តែនៅពេលដែលកើតមានគឺប្រើប្រាស់សតិ សម្បជញ្ញៈ ហើយអត់ធ្មត់ រួចហើយព្យាយាមដោះស្រាយដោយប្រើប្រាស់ច្បាប់ ដែលកម្ពុជានៅពេលនេះមាន គឺច្បាប់ឯកពន្ធភាព ដែលច្បាប់នោះចូលជាធរមាន តាំងពីឆ្នាំ២០០៦ ហើយក៏មានចែងដាក់ទោសជាប្រាក់និងពន្ធនាគារផងដែរចំពោះជនដែលរំលោភច្បាប់នេះ៕
Daily Program
