ពហិការរបស់ពលរដ្ឋអាចមានចន្លោះប្រហោងបើមិនបោសសម្អាតផលិតផលក្លែងប្រភព!

សព្វថ្ងៃនេះ ពលរដ្ឋភាគច្រើនបំផុតគឺបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើចលនាពហិកាលើទំនិញពីប្រភពដែលកំពុងមានអរិភាពនឹងកម្ពុជាយើង ប៉ុន្តែទន្ទឹមនឹងអ្វីដែលពលរដ្ឋបាននិងកំពុងតាំងចិត្ត និងអនុវត្ត ក៏មានក្តីបារម្ភជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផលដែលត្រូវគេក្លែងប្រភព។

ករណីក្លែងប្រភពទំនិញនេះត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដោយមានតាំងពីស្ករស ម្សៅស៊ុប រហូតដល់ផលិតផលអាហារកែច្នៃមួយចំនួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែបន្តមានក្តីបារម្ភ ដែលសកម្មភាពនេះធ្វើឡើងដោយក្រុមជនដែលគ្មានមនសិការជាតិ ដោយសារខួរក្បាលរបស់ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

នៅលើបណ្តាញសង្គម ពលរដ្ឋនៅតែបង្ហាញក្តីបារម្ភថា ក្រុមជនអគតិទាំងនោះដឹងច្បាស់ថា ប្រសិនបើដាក់ប្រភពដើមពិតប្រាកដ ពលរដ្ឋយើង σនឹងមិនប្រើប្រាស់ និងមិនទទួលទានឡើយ ពីព្រោះតែស្មារតី និងការឈឺចាប់ដែលប្រទេសម្ចាស់ផលិតផលបានធ្វើមកលើបូរណភាពទឹកដីរបស់យើង។ ដូច្នេះហើយទើបបានជាពួកគេយកទំនិញពីទីនោះ មកវេចខ្ចប់ឡើងវិញដាក់ស្លាកថាជាផលិតផលមកពីប្រទេសផ្សេង ឬសូម្បីតែផលិតផលក្នុងស្រុកក៏ដោយ ក៏ពួកគេគ្រាន់តែដាក់លេខបាកូតថ្មី បន្ថែមអាស័យដ្ឋាន និងធ្វើកម្មបោកប្រាស់តែប៉ុណ្ណោះ។

ទោះបីជាមានការបកអាក្រាត និងប្រកាសរកឃើញដោយសមត្ថកិច្ចជំនាញជាបន្តបន្ទាប់ក្តី ក៏ពលរដ្ឋនៅតែមានសេចក្តីសង្ស័យថា សកម្មភាពគ្មានស្មារតីជាតិនិយម ល្មើសច្បាប់ និងក្បត់ទំនុកចិត្តពលរដ្ឋនេះនៅតែបន្តមាន។ ពួកគេក៏សង្ឃឹមផងដែរថា ស្ថាប័នជំនាញនឹងបន្តស្រាវជ្រាវឱ្យហ្មត់ចត់ ហើយចាត់វិធានការឱ្យខានតែបាន ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមាន។

នរណាក៏ចង់មាន នរណាក៏ចង់បានដែរ ប៉ុន្តែសូមកុំចង់មានបានតាមរយៈសកម្មភាពបែបនោះ។ សកម្មភាពបែបនោះ ប្រសិនបើរកឃើញពិតប្រាកដ គួរតែមានការស្រាវជ្រាវរកប្រភពដើម ហើយបុគ្គលជាមេក្លោងគួរតែទទួលទោសតាមផ្លូវច្បាប់ មិនមែនរកឃើញស្ងាត់ៗ ប៉ុន្តែចំណាត់ការពិតប្រាកដនៅពីក្រោយការរកឃើញនោះហាក់គ្មានតម្លាភាពនោះឡើយ។

ដើម្បីឱ្យស្មារតីជាតិនិយមរបស់យើងបន្តមានប្រសិទ្ធភាព និងពលរដ្ឋអាចរក្សាការតាំងចិត្តដ៏រឹងមាំពិតប្រាកដបាន ការពង្រឹង និងអនុវត្តច្បាប់ដោយគ្មាននិន្នាការ គ្មានចេតនាបង្កប់ និងគ្មានកត្តាផលប្រយោជន៍លាយឡំ គឺជារឿងដែលយើងពិតជាអាចធ្វើបាន ហើយស្មារតីជាតិនិយមរបស់យើងនឹងកាន់តែមានប្រសិទ្ធភាព។

ជារួមមក ការចូលរួមរបស់ពលរដ្ឋក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល ដោយផ្អែកលើស្មារតីជាតិនិយម គឺជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ និងបូរណភាពទឹកដី។ ទន្ទឹមនឹងនេះ ការក្លែងបន្លំប្រភពដើមទំនិញ គឺជាទង្វើបំពានច្បាប់ បោកប្រាស់អ្នកប្រើប្រាស់ និងធ្វើឱ្យបាត់បង់ទំនុកចិត្តសង្គម។ ដូច្នេះ ស្ថាប័នមានសមត្ថកិច្ចគួរបន្តស្រាវជ្រាវ ពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ដោយតម្លាភាព ស្មើភាព និងគ្មានការលើកលែងចំពោះជនល្មើស ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ រក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងធានាថាស្មារតីជាតិនិយមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍នីតិរដ្ឋ។

 

Daily Program

Livesteam thumbnail