ទោះគ្រោះថ្នាក់ចរចារណ៍ថយចុះ តែស្មារតីប្រុងប្រយ័ត្នគឺត្រូវតែមាន
គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ១.០៦២នាក់ នៅកម្ពុជាក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ឃើញថា ថយចុះប្រមាណជា ៨ ភាគរយ ប៉ុន្តែសូមកុំរំភើបនឹងការថយចុះនេះ ហើយគ្រប់គ្នាគួរតែលើកកំពស់ការគោរពច្បាប់ចរាចរណ៍បន្តទៀត ខណៈដែលពេលនេះនៅលើទ្រូងផ្លូវអ្នកដែលល្មើសឃើញមានច្រើន។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្លាក់ចុះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍នេះបាននិយាយថា នៅក្នុងចំណោមជនរងគ្រោះទាំងនោះមានប្រហែល ៨៣១នាក់ ឬ ៧៨ភាគរយនៃអ្នកស្លាប់ គឺជាអ្នកបើកបរយានយន្ត ហើយ ៦១ភាគរយនៃពួកគេមិនបានពាក់មួកសុវត្ថិភាពទេ។
ស្ថិតិដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានមួយចំនួន បាននិយាយបន្ថែមថា ក្រៅពីចំនួនអ្នកស្លាប់ គ្រោះថ្នាក់ចរាចរណ៍បានបង្ករបួសដល់មនុស្ស ២.២៥៦នាក់ ក្នុងអំឡុងពេលខែមករាដល់ខែកញ្ញា ឆ្នាំនេះ ដែលធ្លាក់ចុះ ២៤ភាគរយ ធៀបនឹងចំនួន ២.៩៦២នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថិតិក៏បានបង្ហាញទៀតថា កំណត់កត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងពេលនេះគឺមានចំនួន ១.៦៤១ករណី ធ្លាក់ចុះ ២៦ភាគរយ បើធៀបនឹងឆ្នាំមុន។
ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ថយ ចំនួនអ្នកស្លាប់ និង អ្នករបួសក៏ថយ ប៉ុន្តែកុំភ្លេចថា ភាគរយនៃអ្នកដែលរងគ្រោះគឺនៅតែខ្ពស់បំផុតគឺមិនពាក់មួកសុវត្ថិភាព ហើយនៅលើទ្រូងផ្លូវនាពេលបច្ចុប្បន្ននេះ អ្នកដែលបានកំពុងតែបញ្ជាយានយន្តជាពិសេសម៉ូតូនៅលើទ្រូងផ្លូវមានអ្នកដែលមិនពាក់មួកសុវត្ថិភាពគឺមាន កាន់តែច្រើន មិនថាចាស់មិនថាក្មេង មិនថាស្រីឬប្រុសឡើយ។
ករណីអ្នកធ្វើដំណើរមើលស្រាលការគោរពច្បាប់រចរណ៍និងធ្វេសប្រហែសមិនពាក់មួកសុវត្ថិភាពនេះឃើញថា កើតមានច្រើន នៅពេលដែលសមត្ថកិច្ចបានផ្អាកសកម្មភាពចុះត្រូតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ប្រមាណជា ជាង៣ខែកន្លងមកនេះ។
ក្រៅពីមិនពាក់មួកសុវត្ថិភាពហើយករណីអ្នកដំណើរមិនគោរពទិសចរាចរណ៍ ក៏ដូចជាភ្លើងបញ្ជាចរាចរណ៍ក៏មានច្រើនករណីដែរ ហើយឧស្សាហ៍ឃើញជាញឹកញាប់ផងដែរ ។ ទង្វើនិងសកម្មភាពទាំងនេះគឺសុទ្ធតែជា បញ្ហាអវិជ្ជមានដែលនឹងអាចប៉ះពាល់និងបង្កគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀតមិនខាន នៅពេលខាងមុខ បើកំណើនចេះតែកើនឡើងបែបនេះ។
សរុបទៅដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាគួរតែម្ចាស់ការនិងអនុវត្តកាតព្វកិច្ចជាពលរដ្ឋល្អ ហើយយកច្បាប់ជាធំ។ សូមកុំយកអាយុជីវិតមកលេងសើចដោយការធ្វេសប្រហែស ឬមើលស្រាលបែបនេះបន្តទៀត ពីព្រោះជាមធ្យមនៅក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍វានៅតែសម្លាប់មនុស្សប្រមាណជា ៤ នាក់ ស្របពេលដែល ផលវិបាកពីគ្រោះថ្នាក់ចរាចរណ៍នេះគឺមានរហូតដល់ទៅ ប្រមាណជា ៤៦៦ លានដុល្លារនៅក្នុងមួយឆ្នាំ៕