ទឹកជំនន់មិនមែននាំគ្រោះមហន្តដោយត្រឹមដោយសារទឹកទេ តែក៏នាំមកនូវហានិភ័យដែលយើងមិនគួរមើលរំលងជាច្រើន

រដូវវស្សាជារៀងរាល់ឆ្នាំ តែងនាំមកនូវទឹកភ្លៀងដែលជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែនៅពេលបរិមាណទឹកភ្លៀងលើសកម្រិត ដូចជានៅតំបន់មួយចំនួននាពេលនេះ វាបានក្លាយជាគ្រោះទឹកជំនន់ ដែលជាគ្រោះមហន្តរាយបង្កផលប៉ះពាល់មិនត្រឹមតែលើទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងដែរ។

ការអំពាវនាវរបស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដែលបានចេញនាពេលថ្មីៗនេះ គឺជាសារមួយដែលសមស្រប និងទាន់ពេលវេលា។ ជាការពិតណាស់ នៅពេលទឹកជំនន់កើតឡើង ហានិភ័យមិនបញ្ចប់ត្រឹមការលិចលង់ផ្ទះសម្បែង ឬដំណាំកសិកម្មនោះទេ។ ជំងឺឆ្លងជាច្រើនដូចជា គ្រុនឈាម គ្រុនចាញ់ គ្រុនឈីក ជំងឺរាគ រាកមួល ជំងឺសើស្បែក ពុលអាហារ និងជំងឺផ្លូវដង្ហើម អាចរីករាលដាលយ៉ាងឆាប់រហ័ស ប្រសិនបើការរស់នៅ និងអនាម័យមិនត្រូវបានយកចិត្តទុកដាក់។

ក្រៅពីបញ្ហាសុខភាព សត្វអសិរពិសដូចជាពស់ ក៏ជាហានិភ័យមួយដែលមិនអាចមើលរំលងបានដែរ។ នៅពេលទឹកលិច ទីជម្រករបស់សត្វទាំងនេះត្រូវបានបំផ្លាញ ធ្វើឱ្យវាស្វែងរកទីជម្រកថ្មី ដែលជារឿយៗនៅជិតលំនៅឋានរបស់មនុស្ស។ ការប្រុងប្រយ័ត្ន និងការរៀបចំបរិវេណស្នាក់នៅឱ្យមានសុវត្ថិភាព គឺជាវិធានការចាំបាច់ក្នុងការកាត់បន្ថយហានិភ័យនៃការចឹក ឬខាំពីសត្វអសិរពិសនានា។

មិនតែប៉ុណ្ណោះ បញ្ហាអគ្គិសនី និងសំណង់អគារដែលរងការខូចខាតដោយទឹក ក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ ខ្សែភ្លើងរលាត់ដាច់ ឬអគារដែលរងការប៉ះពាល់ដោយទឹក គឺជាបញ្ហាដែលទាមទារឱ្យមានការត្រួតពិនិត្យ និងការប្រុងប្រយ័ត្នខ្ពស់មុនពេលប្រើប្រាស់ ឬចូលស្នាក់នៅវិញ ពីព្រោះអគ្គិសនីអាចឆក់យកជីវិតមនុស្ស ហើយសំណង់រលំក៏សុទ្ធតែជារឿងដែលមិនអាចធ្វេសប្រហែសបានឡើយ។

វិធានការបង្ការដែលក្រសួងសុខាភិបាលបានណែនាំ ដូចជាការប្រើប្រាស់ទឹកស្អាត ឬទឹកដែលបានដាំពុះឱ្យឆ្អិន ការរក្សាអនាម័យអាហារ និងការលាងដៃជាមួយសាប៊ូជាប្រចាំ មើលទៅជារឿងសាមញ្ញ ប៉ុន្តែវាជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងជំងឺ។ វិធានការទាំងនេះត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប មិនអាចពឹងផ្អែកលើអាជ្ញាធរ ឬបុគ្គលិកសុខាភិបាលតែម្នាក់ឯងបានឡើយ។

ជាមួយគ្នានេះ ប្រព័ន្ធសុខាភិបាលក៏ត្រូវត្រៀមខ្លួនឱ្យបានរួចជាស្រេច តាមរយៈការបម្រុងទុកឱសថ សម្ភារៈសង្គ្រោះ និងកម្លាំងបុគ្គលិកឱ្យគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលានៅពេលមានករណីបន្ទាន់។

ជារួម ទឹកជំនន់គឺជាគ្រោះធម្មជាតិដែលមិនអាចទប់ស្កាត់បានទាំងស្រុងឡើយ ប៉ុន្តែផលប៉ះពាល់របស់វាអាចត្រូវបានកាត់បន្ថយ ប្រសិនបើមានការត្រៀមលក្ខណៈ ការយល់ដឹង និងការចូលរួមពីគ្រប់ភាគី។ ការប្រុងប្រយ័ត្នមិនមែនជាការភ័យខ្លាចនោះទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះសុខភាព សុវត្ថិភាព និងជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។

 

Daily Program

Livesteam thumbnail