ថ្ងៃប្រឡងកាន់តែគៀកហើយ !​ ក្រៅពីខំប្រឹងរៀន សូមត្រៀមស្មារតីឲ្យរឹងប៉ឹងផងប្អូនៗ

កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានកំពុងតែរំកិលសន្សំៗមកដល់ហើយ ពោលគឺប្រមាណជា​ត្រឹម១សប្តាហ៍១ថ្ងៃប៉ុណ្ណោះ ដូច្នេះក្រៅពីរំលឹកមេរៀនគឺគួរលៃលកហាត់ពុតស្មារតី ត្រៀមចិត្តនិងត្រៀមកាយឲ្យហើយ ។

ជាការពិតការប៉ះទង្គិចនៅព្រំដែនបានធ្វើឲ្យការប្រឡងដ៏សំខាន់នេះត្រូវពន្យារពេលដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ។​

មកដល់ពេលនេះ តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និង កីឡា បានត្រៀមរៀបចំវិញ្ញាសារអស់ហើយ ដោយនៅក្នុងនោះសម្រាប់ប្អូនៗដែលត្រូវប្រឡងជ្រើសរើសថ្នាក់វិទ្យាសាស្រ្តគឺមាន ៧ មុខ ហើយប្អូនៗដែលសម្រេចចិត្តយកថ្នាក់វិទ្យាសាស្រ្តសង្គមក៏មាន៧មុខដែរ ដោយរយៈពេលប្រឡងគឺស្មើគ្នាគឺ២ថ្ងៃដូចគ្នា គ្រាន់តែមុខវិជ្ជាត្រូវប្រឡងគឺខុសគ្នាភាគច្រើន ។​

សម្រាប់ប្អូនៗសិស្សានុសិស្សដែលជ្រើសរើសថ្នាក់វិទ្យាសាស្រ្តគឺមានមុខវិជ្ជាប្រវត្តិសាស្រ្ត​ និងភាសាបរទេស មានរយៈពេល៦០នាទី ពិន្ទុខ្ពស់បំផុតមួយមុខគឺ​៥០ ។ មុខវិជ្ជាជីវវិទ្យា អក្សរសាស្រ្តខ្មែរ រូបវិទ្យា និង គីមីវិទ្យា គឺមានរយៈពេល ៩០ នាទី​មានពិន្ទុរខ្ពស់គឺ៧៥ដូចគ្នា ។ ប៉ុន្តែសម្រាប់មុខវិជ្ជាគណិតវិទ្យាគឺ មានរយៈពេលយូរជាងគេគឺដល់ទៅ​១៥០ នាទី ដោយពិន្ទុរគឺ ១២៥ ពិន្ទុ។​

សម្រាប់ប្អូនៗសិស្សានុសិស្សដែលជ្រើសរើសថ្នាក់សិក្សាសង្គមវិញគឺមាន មានផែនដីនិងបរិស្ថានវិទ្យា បូកនិងភាសាបរទេសរយៈពេល៦០នាទីមានពិន្ទុរខ្ពស់បំផុត៥០ ដោយឡែកមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា គណិតវិទ្យា សីលធម៌និងពលរដ្ឋវិជ្ជាគឺមានរយៈពេល៩០នាទីមានពិន្ទុរខ្ពស់បំផុត ៧៥​។ ហើយមុខវិជ្ជាអក្សរសាស្រ្តខ្មែរគឺមានរយៈបេល ១៥០ នាទី មានពិន្ទុរដល់ទៅ១២៥​។​

ប្អូនៗមកដល់ពេលនេះគឺជាពេលដែលត្រូវរកវិញ្ញាសារប្រឡងចាស់មកធ្វើឡើងវិញដើម្បីឲ្យថ្នឹក និង ចេញចាត់ចែងពេលវេលាឲ្យត្រឹមត្រូវ ក្រៅពីនោះគឺត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតី បំប៉នសុខភាព ដោយហូបចុកអីប្រយ័ត្នប្រយែង កុំហូបចុកអាហារដែលអាចនាំឲ្យមានអាការៈឈឺពោះ ឫ ក៏ងាយនឹង​មានបញ្ហាសុខភាព ។

ក្រៅពីនោះ ប្អូនៗក៏គួរតែលៃលកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីបំប៉នសុខភាព ។ ការគេងឆ្អែតមួយថ្ងៃទី ៦ទៅ៨ម៉ោងស្កប់ល្អគឺវាមានអត្ថប្រយោជន៍ណាស់ ហើយក៏គួរតែហាត់ប្រាណនិង រៀនបង្វឹកស្មារតីឲ្យរឹងប៉ឹង កុំភ័យព្រួយ​រក្សាចិត្តឲ្យស្ងប់ ហើយធ្វើកិច្ចការប្រឡងឲ្យបានហ្មត់ចត់​ចេះមួយណាធ្វើមួយនោះមុន ។

សរុបទៅនៅពេលដែលកាលបរិច្ឆេទកាន់តែគៀកយើងសម្រុករៀនពេកភ្លេចបាយភ្លេចទឹកមិនបានសម្រាកគឺរឹតតែស្មុគស្មាញទៅវិញទេ ។ សំខាន់ជិតប្រឡងបែបនេះព្យាយាមអប់រំចិត្តសម្រួលអារម្មណ៍ ដើម្បីរក្សាជំហររឹងមាំនៅពេលប្រឡងមកដល់៕

 

Daily Program

Livesteam thumbnail