ចង់ធ្វើដំណើរទៅព្រលានថ្មីសន្សំសំចៃ គួរសាកល្បងសេវាកម្មរថយន្តក្រុងសាធារណៈមួយខ្សែរថ្មី

ខ្សែរត់រថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ - AIRPORT EXPRESS BUS គឺជាសេវាកម្មថ្មីដែលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)បានដាក់ឲ្យដំណើរការដើម្បីសម្រួលដល់ការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មី។

ជាការពិតសម្រាប់ការធ្វើដំណើរពីតំបន់កណ្តាលរាជធានីទៅអាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោគឺឆ្ងាយហើយតម្លៃវិញក៏ទំនងជាថ្លៃជាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលបិទទ្វារដែរ ប៉ុន្តែការដាក់ឲ្យដំណើរការនូវខ្សែរត់រថយន្តក្រុងសាធារណៈថ្មីនេះវាពិតជាជួយច្រើន។​

នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការ សេវាកម្មដឹកជញ្ជូនថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងក៏បានប្រកាសសេវាកម្មនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដូចគ្នាផងដែរ។​

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានអះអាងថា ខ្សែរត់រថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ - AIRPORT EXPRESS BUS ជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងទៀតថា ប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS គឺចាប់ផ្តើមប្រតិបត្តិការចាប់ពីម៉ោង ០៥និង៣០នាទី ដល់ម៉ោង២៣ និង៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ហើយមួយ ទិសដៅទៀត គឺ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។

 

ប្រភពដដែលបានបន្តថា សេវាកម្មនេះមានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង គឺ សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយានកម្ពុជា,  សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ចំណុចធនាគារប្រេដ BRED BANK ​និង មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ចំណុចផ្សារទំនើបអ៊ីអនមានជ័យ។

សរុបទៅក្រៅពីសេវារថយន្តក្រុងសធាធារណៈគឺមានសេវាកម្មដឹកជញ្ជូនផ្សេងៗទៀត ប៉ុន្តែតម្លៃគឺអាចថ្លៃពីព្រោះចម្ងាយផ្លូវអាចលើសពី២០ គីឡូម៉ែត្រ ដូច្នេះរថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ - AIRPORT EXPRESS BUS អាចជាជម្រើសដ៏ប្រសើរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសង្ឃឹមថា អ្នកដំណើរនឹងយកចិត្តទុកដាក់លៃលកម៉ោងពេលឲ្យបានត្រឹមត្រូវពីព្រោះថា សេវាកម្មនេះមិនអាចកំណត់ម៉ោងច្បាស់លាស់បានឡើយអាស្រ័យដោយស្ថានភាពចរាចរណ៍ជាក់ស្តែង៕

 

Daily Program

Livesteam thumbnail