កុំភ្លេចក្រុមគ្រួសារយុទ្ធជនពលី

បងប្អូននៅភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តនានាដែលនៅឆ្ងាយពីតំបន់នៃសង្រ្គាមដ៏ក្តៅគគុក គឺក្រៅពីបំពេញការងារទទួលខុសត្រូវ និង មុខរបររកចំណូលប្រចាំថ្ងៃឆ្លៀតពេលលៃលកជួយ ជាថវិកា របស់របរ នំចំណី ជាពិសេសស្បៀងអាហារដល់បងប្អូនវីរៈកងទ័ពយើងដែលកំពុងតែជាប់ដៃនៅសមរភូមិនានា និងជនភៀសសឹកដែលបន្តកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែរឿងមួយ ដែលយើងមិនគួរភ្លេចនោះ គឺក្រុមគ្រួសារយុទ្ធជនពលី ។

ចាប់តាំងពីកម្លាំងយោធាថៃបានបង្កជម្លោះឡើងវិញនៅថ្ងៃទី០៧ ខែធ្នូ មកដល់ពេលនេះកងកម្លាំងយោធាថៃបានពង្រីកវិសាលភាពនៃសង្រ្គាមបន្ថែមទៀតហើយដោយនៅក្នុងចំណោមខេត្តដែលជាប់នឹងព្រំដែនថៃទាំង៧របស់កម្ពុជា គឺយោធាថៃបានវាយប្រហារ៦ខេត្តហើយនៅពេលនេះ គឺមានចាប់ពីព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង់ ពោធិសាត់ ហើយនៅអាធ្រាតនៃថ្ងៃទី ១៣ ខែដដែលកម្លាំងយោធាថៃបាន បាញ់ប្រហារមកលើខេត្តកោះកុងមួយបន្ថែមទៀត និងព្រឹកមិញនេះ បានទម្លាក់គ្រាប់នៅស្រីស្នំខេត្តសៀមរាបក្បែរជំរំជនភៀសសឹករស់នៅ។

សព្វថ្ងៃនេះអាវុធយុទ្ធភ័ណ្ឌដែលយោធាថៃបានវាយប្រហារមកលើប្រទេសកម្ពុជាគឺសុទ្ធតែទំនើបៗមានតាំងពីយន្តហោះ ប្រព័ន្ធសព្វាវុធនៅលើគោក ហើយគឺរហូតដល់នាវាចំបាំង ដែលមកដល់ពេលនេះជនភៀសសឹកបានកើនឡើងលើស៣០ ម៉ឺននាក់​ហើយប្រសិនបើស្ថានភាពនេះនៅតែបន្តវានិងកើនឡើងថែមទៀត ។ នៅពេលនេះនៅតាមបណ្តាខេត្តដែលរងការវាយប្រហារពីយោធាថៃ ឡើងស្ងាត់ ដូច្នេះការគិតគូរទីជម្រក ស្បៀងអាហារហូបចុក ថ្នាំសង្កូវ បញ្ហាសុខភាព គឺចាំបាច់ត្រូវតែគិតគូរដល់បងប្អូន ។

យើងដឹងថា បងប្អូនវីរៈកងទ័ពគឺជាគោលដៅចំបង បន្ទាប់មកគឺបងប្អូនជនភៀសសឹក ប៉ុន្តែក្រុមគ្រួសារពលីជាពិសេសគឺក្រុមគ្រួសារដែលមានជីវភាពខ្ចះខាតគឺក៏ចាំបាច់ដែលយើងត្រូវតែ​យកចិត្តទុកដាក់ចំពោះពូកគេផងដែរ ។ អ្នកដែលបានដឹងបានស្គាល់ បានឃើញ បានជួប គួរតែសិក្សានិងពិនិត្យលទ្ធភាពជួយទ្រទ្រង់ជីវភាពពួកគេផងដែរ ពីព្រោះការបាត់បង់របស់ពួកគេគឺពិតជាធំធេងណាស់ ។ សូមកុំបោះបង់ពួកគេ យើងដាច់ខាតត្រូវតែជួយគ្នា នៅក្នុងគ្រានេះ ការជួយគ្នា ការរួមសាមគ្គីគ្នា គឺជារឿងដ៏សំខាន់នឹងចាំបាច់បំផុត ដើម្បីប្រឈមមុខនឹងការលំបាកទាំងឡាយ ។

សង្រ្គាមនៅតាមព្រំដែននៅពេលនេះគឺវាសាហាវជាងពេកណាៗទាំងអស់ ដូច្នេះដើម្បីយើងទាំងអស់គ្នា ដាច់ខាតគឺត្រូវតែរួបរួមគ្នាជាធ្លុងតែមួយ ហើយមូលមតិគ្នាគ្រប់និន្នាការគ្រប់មជ្ឈដ្ឋាន ឈរលើគោលដៅតែមួយតាមភារកិច្ចនិងទំនួលខុសត្រូវ ហើយឆ្លៀតពេលវេលាជួយគ្នាបន្ថែមទៀត ។ កាលណាដែលយើងក៏ជួយដល់ ក្រុមគ្រួសារពួកគេផងដែរនោះ គឺជាកម្លាំងចិត្តមួយ ដល់បងប្អូនវីរកងទ័ពមិនមានអារម្មណ៍ភ័យព្រួយនឹងជីវភាពក្រុមគ្រួសារនៅសមរភូមិក្រោយរបស់ពួកគេ៕

Daily Program

Livesteam thumbnail