កិច្ចការនៅក្នុងផ្ទះជាបំណិនជីវិត ដែលយុវវ័យគ្រប់រូបគួររៀន!

យុវជនជាទីស្រលាញ់! ពួកយើងខំរៀនខំសិក្សា ខំលត់ដំខ្លួនទាំងនៅសាលា នៅផ្ទះនិងនៅសហគមន៍ ពីព្រោះការលត់ដំនេះ ជាបំណិនធ្វើឲ្យយើងរឹងមាំនិងរឹងប៉ឹងនៅពេលអនាគតខាងមុខ។
នៅពេលដែលយើងត្រូវបានឪពុកម្តាយ លោកតាលោកយាយនៅក្នុងគ្រួសារនៅក្នុងសហគមន៍ដាស់តឿនប្រៀនប្រដៅ មិនមែនគាត់ស្អប់យើងទាំងអស់គ្នានោះទេ។ អ្វីដែលពួកគាត់ធ្វើគឺជាបំណងល្អ ដែលចង់ឲ្យយើងចេះ យើងដឹងសព្វយ៉ាងដើម្បីនឹងមានភាពរឹងមាំនៅពេលខាងមុខ។
ពេលយើងស្រណុកសុខស្រួលនៅពេលនេះ ខ្វះការលត់ដំ នឹងត្រូវជួបឧសគ្គនៅពេលខាងមុខ ព្រ យើងនឹងទន់ជ្រាយហើយងាយស្រួលនឹងចុះចាញ់ ហើយទទួលយកការបរាជ័យណាស់ ប៉ុន្តែនៅក្នុងករណីយើងមានបំណិននៃការតស៊ូ ការពុះពារ ការលំបាក ក៏ដូចជាការលត់ដំពីក្មេងវ័យទៅហើយនោះ យើងនឹងមានភាពបន្សាំនៅក្នុងខ្លួន ហើយអាចបត់បែន អាចដោះស្រាយបញ្ហាឬក៏មានភាពរឹងមាំនៅក្នុងការប្រឈមនឹងបញ្ហា។
បំណិនជីវិតដែលឪពុកម្តាយ លោកតាលោកយាយចែករំលែកនៅក្នុងគ្រួសារ រាប់តាំងពីកិច្ចការផ្ទះនានាគ្រប់យ៉ាង គឺសុទ្ធតែជាមេរៀននិងជាបទពិសោធន៍សម្រាប់អនាគតដែលយើងនឹងត្រូវជួបប្រទះទាំងអស់គ្នាដោយចៀសមិនរួច។ ទោះបីជាយើងជាអ្នកដែលមានធនធាន មានសមត្ថភាពយ៉ាងណក៏ដោយក៏រមែងជួបស្ថានភាពដែលទាមទារបំណិនទាំងនេះជានិច្ច។
អ្វីៗដែលយើងជួយចែករំលែកនេះ វាសុទ្ធសឹងតែជាគុណសម្បត្តិ សម្រាប់យើងផ្ទាល់ជាយុវជន ហើយនៅខាងក្រៅពិបាករករៀនបំផុត។ មេរៀននិងការអនុវត្តនៅក្នុងគ្រួសារមានតម្លៃខ្លាំងណាស់ ហើយមេរៀននេះ រៀននិងការអនុវត្តទន្ទឹមគ្នា ដូច្នេះកុំមើលស្រាល ហើយកុំខឹងនិងឪពុកម្តាយនិងលោកតាលោកយាយ។
ពួកយើងខ្លះដែលរស់នៅក្នុងគ្រួសារដែលមានជីវភាពធូរធារអាចមានមេផ្ទះ ដូច្នេះហើយទើបបានជាយើងខ្ជិល ប៉ុន្តែការខ្ជិលនេះហើយគឺជាការបោះបង់មេរៀននិងបទពិសោធដ៏មានតម្លៃ។ សូមយើងគិតឡើងវិញ កុំដល់ពេលដែលយើងបានជួបទើបស្រែករកគេជួយ ហើយបើយើងស្រែកឲ្យគេជួយក៏គេមិននឹងងាយស្រួលជួយយើងគ្រប់តែពេលវេលានោះដែរ។
កិច្ចការទាំងអស់នោះគឺជាកិច្ចការនិងជាការទទួលខុសត្រូវរៀងៗខ្លួនដែលយើងចាំបាច់ត្រូវតែចេះដោយខ្លួនឯង។
សរុបមកវិញកិច្ចការណាក៏ដោយនៅក្នុងផ្ទះមិនមែនជាកិច្ចការថោកទាបឡើយ។ កិច្ចការទាំងនោះគឺជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់អនាគត។ វាគឺជាកិច្ចការដែលនៅសាលាសឹងតែគ្មាន នរណាអាចបង្រៀនបាន។ សូមយុវវ័យកុំមើលស្រាលកិច្ចការនេះ នៅពេលដែលឪពុកម្តាយ ជីដូនជីតាប្រើគួរតែរីករាយនឹងធ្វើ ហើយរីករាយនឹងទទួលការស្តីបន្ទោស ពីព្រោះវាគឺជាមេរៀននៃបំណិនជីវិតដ៏មានតម្លៃសម្រាប់អនាគត៕
Daily Program
