អាឡឺម៉ង់ ទាមទារនូវការធានាសន្តិសុខដែលអាចទុកចិត្តបានដើម្បីសន្តិភាព

នៅពេលមកដល់ទីក្រុងគៀវដើម្បីពិភាក្សាអំពីការចូលរួមចំណែករបស់ទីក្រុងប៊ែរឡាំងសម្រាប់ដំណើរការសន្តិភាពដែលអាចកើតឡើងនៅក្នុងសង្រ្គាមរវាងរុស្ស៊ីអ៊ុយក្រែន អនុ​អធិការ​បតី​អាឡឺម៉ង់ លោកឡាស គ្លីនបេល កាលពីថ្ងៃចន្ទ បានសុំនូវការធានាសន្តិសុខ​ដែលអាច​​ទុកចិត្ត​បានដើម្បីធានាសន្តិភាពដោយចីរភាពសម្រាប់​អ៊ុយក្រែន។  លោក​បាន​ថ្លែង​ថា ក្នុងការងារ​សហការ​ជិតស្និទ្ធជាមួយលោកអធិការបតីសហព័ន្ធ លោកព្យាយាមកំណត់អំពី​របៀប​ដែល​អាឡឺម៉ង់​អាចគាំទ្រ ឲ្យបានកាន់តែប្រសើរសម្រាប់អ៊ុយក្រែន ក្នុងដំណើរការសន្តិភាព​ដែល​អាច​កើត​មានជាយថាហេតុ។ លោកក៏បានអំពាវនាវ​ឲ្យមានបទឈប់បាញ់ផងដែរ។ លោក​បាន​​សន្យាថា ៖ “អាឡឺម៉ងទទួលស្គាល់ទំនួលខុសត្រូវរបស់ខ្លួន”​ក្នុងខណៈដែលទទួលឃើញ​កិច្ច​ព្រមព្រៀងរវាងមេដឹកនាំអឺរ៉ុប និងអាម៉េរិកអំពីការធានាសន្តិសុខ​ដែលនាំមកសម្រាប់​ទីក្រុង​គៀវ​បង្ហាញឲ្យឃើញនូវការលំបាក។

កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា នៅទីក្រុងវ៉ាស៊ីនតុន លោកហ្វ្រ៊ីឌ្រីច ម៉ឺហ្ស៍ អធិការបតីអាឡឺម៉ង់​ក៏​ធ្លាប់បានប្រកាសថា ៖ “វាប្រាកដច្បាស់ណាស់ថា អឺរ៉ុបត្រូវតែពាក់ព័ន្ធ​នៅ​ក្នុងការ ធានា​នេះ”។

កាលពីថ្ងៃអាទិត្យ ថ្ងៃឯករាជ្យភាពអ៊ុយក្រែន ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី ជាថ្មីម្តង​ទៀត បានសុំឲ្យមានការដាក់ពង្រាយកងទ័ពបរទេសនៅអ៊ុយក្រែនបន្ទាប់ពីចប់សង្រ្គាម។ ប៉ុន្តែ​រហូតមកដល់ពេលនេះ លោកហ្វ្រ៊ីឌ្រីច ម៉ឺហ្ស៍ មិនបានផ្តល់ការលំអិតច្បាស់លាស់អំពីលទ្ធភាព​នៃការចូលរួមអន្តរាគមន៍របស់កងទ័ពសហព័ន្ធអាឡឺម់ង់នៅលើទឹកដីអ៊ុយក្រែននោះទេ។

ចំណែកទាហានរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា ដណ្តើមបាន​ទីក្រុងថ្មីនៅក្នុងតំបន់ ឌីនីប្រ៉ូប៉េត្រូវ ដែលជាទឹកដីនៅភាគកណ្តាលខាងកើតអ៊ុយក្រែន។

យោងតាមសេចក្តីរាយការណ៍​ប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ីបាន​ឲ្យ​ដឹងថា កងកម្លាំង​រុស្ស៊ី​ដណ្តើមបានទីក្រុងហ្ស៉ាប៉ូរីហ្ស្កេ ដែលស្ថិតនៅចម្ងាយប្រមាណ ២០​គម នៅ​ភាគ​ខាងលិច​នៃ​ទីក្រុងវ៉េលីកា ណូវ៉ូស៊ីលកា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់​រុស្ស៊ី​​តាំង​​​ពីខែមករា។ ទាហានរុស្ស៊ីបានដណ្តើមបានដីបន្ថែមទៀតនៅប៉ុន្មានខែចុងក្រោយ​នេះ​ប្រឈម​នឹងកងកម្លាំង​អ៊ុយក្រែនដែលមានមិនសូវច្រើន និងមិនមានសព្វាវុធគ្រប់គ្រាន់។ កាល​ពី​​សប្តាហ៍​មុន ប្រទេស​​រុស្ស៊ីបានអះអាងអំពីការចាប់យកទីក្រុងជាច្រើននៅភាគខាងកើត ដែល​រុស្ស៊ី​នៅបន្ត​វឌ្ឍនភាពរបស់ខ្លួន។

ប៉ុន្តែកាលពីថ្ងៃអាទិត្យ អគ្គមេបញ្ជការកងទ័ពអ៊ុយក្រែន លោកអូឡេសានដ្រ៍ សៀរស្គី  បាន​អះអាង​ថា ទាហានរបស់អ៊ុយក្រែនបានដណ្តើមមកវិញនៅភូមិចំនួន ៣នៅតំបន់ភាគខាង​កើត​នៃ​​ខេត្តដូណេត ដែលពីមុនធ្លាក់នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅទីក្រុងគៀវ លោក​ចូណាស ហ្គ៉ា អ្នកជំនិតនឹងនាយករដ្ឋមន្រ្តីណ័រវ៉េស ក៏បានថ្លែងថា រដ្ឋាភិបាលណ័រវេស បាន​ត្រៀមនឹងចំណាយប្រាក់ ៨៥ពាន់លានគូរ៉ូន ឬប្រហែល ៧,២ ពាន់លានអឺរ៉ុប ជាជំនួយ​សម្រាប់​អ៊ុយក្រែននៅឆ្នាំក្រោយ ហើយប្រសិនបើសំណើរត្រូវបាន​សភា​អនុម័ត ទឹកប្រាក់នឹង​ឡើង​ដល់ ២៧៥ ពាន់លានគូរ៉ូន ឬជាង ២៣ពាន់លានអឺរ៉ូ ជាជំនួយសរុប សម្រាប់​ទាំង​ខាង​ស៊ីវីល និងយោធា ដែលប្រទេសណ័រវ៉េស ដែលជាអ្នកគាំទ្រដ៏សំខាន់មួយរបស់អ៊ុយក្រែន ត្រៀម​​នឹងផ្តល់ដល់ទីក្រុងគៀវក្នុងអំឡុងរយៈពេលពីឆ្នាំ២០២៣-២០៣០។  នៅក្នុងសេចក្តីប្រកាសមួយ លោកចូណាស ហ្គ៉ា បានថ្លែងថា រដ្ឋាភិបាលណ័រវេស​ប្រាថ្នា​នឹង​បន្ថែម​ជំនួយពិសេសម្រាប់អ៊ុយក្រែននៅឆ្នាំក្រោយ និងការរួមវិភាគ​ទានជាសរុបឡើងដល់ ៨៥​ពាន់​​លានគូរ៉ូន ឬប្រមាណ ៧,២ ពាន់លានអឺរ៉ូ ក្នុងជំនួយទាំងយោធា និងស៊ីវិល។ លោកបាន​បង្ហាញ​ដែរថា ទន្ទឹមពេលនឹងមានការចរចាអំពីបទឈប់បាញ់មួយ វាមានសារសំខាន់នឹង​បញ្ជាក់​​អំពីការគាំទ្រខ្លាំងក្លា និងនៅបន្តសម្រាប់អ៊ុយក្រែន នៅលើផែនការ​នយោបាយ សេដ្ឋកិច្ច និងយោធា។

 

Daily Program

Livesteam thumbnail