អង្គការសហប្រជាជាតិថា មនុស្ស ៦៤៥ លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ ២០២៥

របាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅលើពិភពលោក ដែលរៀបចំរួមគ្នាដោយទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំ បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៦៤៥ លាននាក់ ដែលតំណាងឱ្យ ៧,៨ ភាគរយនៃចំនួនប្រជាជនពិភពលោក បានប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ ២០២៥។

របាយការណ៍ដែលរៀបចំដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានគូសបញ្ជាក់ថា តួលេខចំនួន ៦៤៥ លាននាក់ បង្ហាញថា ភាពអត់ឃ្លានទូទាំងពិភពលោកបានធ្លាក់ចុះជាង ១៤ លាននាក់ បើធៀបនឹងឆ្នាំ ២០២៤។

ទោះបីជាស្ថិតិបង្ហាញការធ្លាក់ចុះក៏ដោយ ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា ចំនួននេះនៅតែគួរឱ្យព្រួយបារម្ភ ហើយចាំបាច់ត្រូវមានសកម្មភាពបន្ទាន់ ព្រោះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យទាក់ទងនឹងអាកាសធាតុអាចបន្តគំរាមកំហែងដល់ប្រព័ន្ធស្បៀងអាហារសកល។

លោក ម៉ាស៊ីម៉ូ តូរ៉េរ៉ូ (Máximo Torero) ប្រធានសេដ្ឋវិទូរបស់ FAO បាននិយាយថា ការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស (Hormuz) ដែលជាផ្លូវសំខាន់សម្រាប់ថាមពល និងធាតុចូលផ្នែកកសិកម្ម គឺជាក្តីបារម្ភបន្ទាន់បំផុត។ ជាពិសេស វាធ្វើឱ្យតម្លៃប្រេងឥន្ធនៈ ជី និងការដឹកជញ្ជូនកើនឡើង ដែលនាំឱ្យថ្លៃដើមផលិតកម្មស្បៀងអាហារនៅទូទាំងពិភពលោកកើនឡើងផងដែរ។

លើសពីនេះ អ្នកសេដ្ឋកិច្ចរបស់ FAO បានសង្កេតឃើញថា បាតុភូតអាកាសធាតុអែលនីញ៉ូ (El Niño) ដ៏ខ្លាំងក្លា ក៏អាចបន្ថែមសម្ពាធដោយរំខានដល់ផលិតកម្មកសិកម្មនៅក្នុងតំបន់ងាយរងគ្រោះផងដែរ។

Daily Program

Livesteam thumbnail
khmer popup image