ល្បែងយុទ្ធសាស្ត្ររុស្ស៊ី-អ៊ីរ៉ង់ នៅច្រកសមុទ្រអ័រមូស ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន​អង្គុយ​​មិន​សុខ

ទីក្រុងវ៉ាស៊ីនតោនប្រឈមមុខនឹងសេណារីយ៉ូដ៏អាក្រក់បំផុតនៅមជ្ឈិមបូព៌ា! នៅខណៈដែល​ស្ថានការណ៍​សន្តិសុខនៅក្នុងច្រកសមុទ្រអ័រមូស (Hormuz) កំពុងធ្លាក់ចុះទៅក្នុងភាព​ប្រទូស្ត​រាយ​​ដ៏ស្រួចស្រាវ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមចែករំលែក​សមត្ថភាពយោធា​ជឿនលឿន​ចុង​ក្រោយ​បំផុតរបស់ខ្លួនទៅឱ្យអ៊ីរ៉ង់ តាមរបៀបដែលមិនធ្លាប់មានពីមុន​។

យោងតាមការបើកកកាយពីសារព័ត៌មានហ្វាយនេនស្យល់ ថែមស៍ (Financial Times) បានឲ្យ​ដឹង​ថា ទំនាក់ទំនងដៃ​គូ​រវាងទី​​ក្រុងម៉ូស្គូ និងទីក្រុងតេអេង់ បានឈានហួសពីកម្រិតនៃការ​ទិញ​លក់​អាវុធធម្មតា ពោលគឺ​រុស្ស៊ីបានផ្តល់បច្ចេកវិទ្យាយោធាកម្រិតខ្ពស់ដើម្បីឱ្យអ៊ីរ៉ង់អាច​ប្រឈម​មុខផ្ទាល់ជាមួយ​ឥទ្ធិពល​សហរដ្ឋអាម៉េរិក។

ចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការនេះ គឺកម្មវិធីសម្ងាត់អូសបន្លាយច្រើនឆ្នាំមួយ​ដែល​មានលេខកូដ ស៊ី ៤៣០ អេល "C430L" ដែលត្រូវគេរាយការណ៍ថាបានចាប់ផ្តើម​តាំងពីឆ្នាំ​២០២៣។ គោល​បំ​ណង​យុទ្ធសាស្ត្រនៃគម្រោងនេះ គឺការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាដើម្បី​ឱ្យ​អ៊ីរ៉ង់​មាន​សមត្ថភាព​អភិវឌ្ឍ និងផលិតមីស៊ីលហោះល្បឿនលឿនជាងសំឡេង (Supersonic Cruise Missile) ដ៏មានសមត្ថភាព។

លោកជីម ឡាមស៊ុន (Jim Lamson) ដែលជាអតីតអ្នកវិភាគ​យោធានៃ​ទីភ្នាក់ងារ​ចារកិច្ច​កណ្តាល​អាម៉េរិក (CIA) បានគូសបញ្ជាក់នៅក្នុងសារព័ត៌មានហ្វាយនេនស្យល់ ថែមស៍ ថា ៖​«គឺពិសេស​នៅ​ក្នុង​ច្រក​សមុទ្រអ័រមូស ដែលជាចំណុចក្តៅគគុកស្រាប់។ មីស៊ីលទាំងនេះ​នឹង​ផ្តល់​ឱ្យអ៊ីរ៉ង់នូវ​ប្រព័ន្ធ​អាវុធ​យុទ្ធសាស្ត្រថ្មីមួយ ប្រកបដោយគុណភាពខ្ពស់ និងជាការ​គំរាម​កំហែងដោយ​ផ្ទាល់ដល់នាវានៃ​កងទ័ពជើងទឹកអាម៉េរិក (US Navy)»។

អ្វីដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភបំផុត គឺល្បឿនដ៏លឿន និងសមត្ថភាពហោះហើរ​ក្នុង​រយៈ​កម្ពស់​ទាបខ្លាំងនៃមីស៊ីលទាំងនេះ ដែលធ្វើឱ្យប្រព័ន្ធការពារ និងរ៉ាដារបស់នាវា​ចម្បាំង​អាម៉េរិក​មាន​ពេលវេលាតិចតួចបំផុតក្នុងការព្យាករអំពីទិសដៅ ឬចាប់បាញ់ទម្លាក់វាបាន​ទាន់​ពេល​វេលា។

បេះដូងនៃប្រតិបត្តិការសម្ងាត់នេះ គឺសហគ្រាសផលិតអាវុធយក្សរុស្ស៊ី អេនភីអូ ម៉ាស្ហ៊ីណូស្រ្ត៉ូយ៉េនីញ៉ា (NPO Mashinostroyenia)។ ក្រុមហ៊ុននេះគឺជានិមិត្តរូបនៃបច្ចេកវិទ្យា​មីស៊ីលរុស្ស៊ី ប៉ុន្តែត្រូវបានរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០១៤ ដោយសារ​តួនាទី​របស់ក្រុមហ៊ុននេះក្នុង​ការ​​គាំទ្រកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះ មានលោកអាឡិកហ្សេនឌើ ចេបាកូវ (Alexander Chebakov) ដែលជាអ្នកជំនាញខាងមីស៊ីលគ្រូស ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ចំនួន ៣លើក ក្នុងឆ្នាំ២០២៣ មុននឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ជាផ្លូវការ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២៣។ អ្វីដែលខុសប្លែកពីមុន។ ប្រសិនបើកាលពីពេលកន្លងទៅ អ៊ីរ៉ង់គ្រាន់តែ​ជា​អ្នកផ្គត់ផ្គង់ដ្រូន ស្ហ៉ាហេដ (Shahed) ឱ្យរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន លើកនេះ រុស្ស៊ីវិញជាអ្នក​បាន​បញ្ជូន​អ្នកជំនាញជឿនលឿនរបស់ខ្លួនឱ្យទៅជួយអ៊ីរ៉ង់ដោយផ្ទាល់ ដើម្បីឱ្យ​ទីក្រុង​តេអេរ៉ង់​អាច​បង្កើតខ្សែចង្វាក់ផលិតកម្មអាវុធនេះដោយខ្លួនឯងនាពេលអនាគត។

ជាច្រើនទសវត្សរ៍មកហើយដែលអ៊ីរ៉ង់បានព្យាយាមបិទគម្លាតយោធាជាមួយអាម៉េរិក។ ​ទោះ​បី​ជា​អ៊ីរ៉ង់មានឧស្សាហកម្មផ្ទាល់ខ្លួនក្នុងការផលិតរ៉េអាកទ័រ និងមីស៊ីលបាលីស្ទីកឆ្លាតវៃ រួម​ទាំង​អាវុធល្បឿនលឿនជាងសំឡេង ៥ដង ក៏ដោយ ប៉ុន្តែការ​គ្រប់គ្រង​បច្ចេកវិទ្យា​មីស៊ីលល្បឿន​លឿន​​ក្នុងចម្ងាយឆ្ងាយដល់លំហអាកាស នៅតែជា​ឧបសគ្គ​ធំមួយ​ស្ទើរ​តែហួសពីដែន​សមត្ថភាព​របស់ពួកគេ។

 

Daily Program

Livesteam thumbnail
khmer popup image