មហាសន្និបាត FABC បញ្ចប់កិច្ចប្រជុំពេញអង្គ អំពាវនាវឱ្យបំពេញបេសកកម្មបែបស៊ីណូដ

មហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោក​​អភិបាលកាតូលិកអាស៊ី បានបញ្ចប់កាលពីថ្ងៃទី ២៦ ខែកក្កដា ជាមួយនឹងពិធីអរព្រះគុណយ៉ាងអធិកអធមនៅព្រះវិហារកាតូលិកព្រះជាម្ចាស់​លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្នុងទីក្រុងហ្សាការតា ដែលត្រូវបានដឹកនាំដោយកាឌីណាល់អ៊ីញ៉ាស៊ីអូស ស៊ូហារីយ៉ូ (Ignatius Suharyo) រួមជាមួយលោកអភិបាលអន់តូនីញូស ស៊ូបៀនតូ ប៊ុនយ៉ាមីន (Antonius Subianto Bunjamin) កាឌីណាល់ហ្វីលីព នេរី ហ្វើរ៉ាវ (Filipe Neri Ferrão) ព្រមទាំងលោកអភិបាល និងលោកបូជាចារ្យជាច្រើនអង្គមកពីទូទាំងទ្វីបអាស៊ី។

ដោយឆ្លុះបញ្ចាំងពីបេតិកភណ្ឌពហុវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី តំណាងប្រជុំបានជួបជុំគ្នានៅខាងក្រៅមុនចាប់ផ្តើមពិធីអភិបូជា ដើម្បីថតរូបអនុស្សាវរីយ៍ជាក្រុម អមដោយរបាំប្រពៃណី Jai មកពីតំបន់ Ngada នៃខេត្ត East Nusa Tenggara។ ពិធីបុណ្យដ៏ប្រកបដោយភាពរស់រវើកនេះបានបន្តនៅខាងក្នុងព្រះវិហារ ដោយក្បួនដង្ហែចូលមានសម្តែងរបាំទីម័រ ក្បួនដង្ហែរតង្វាយមានសម្តែងរបាំសត្វស្លាបមកពីកាលីម៉ាន់តាន់ ហើយការអធិស្ឋានរបស់សាសនិកត្រូវបានប្រកាសជាភាសាតំបន់ឥណ្ឌូនេស៊ីជាច្រើន រួមមានភាសា Sundanese, Nias, Toraja និង Lamaholot។

នៅក្នុងអត្ថបទអធិប្បាយធម៌របស់លោក ប្រធាន FABC គឺកាឌីណាល់ហ្វើរ៉ាវ បានរំលឹកអ្នកចូលរួមថា ស៊ីណូដាល គឺជាវិថីខាងវិញ្ញាណនៃការរស់នៅក្នុងជីវិតជាព្រះសហគមន៍ ជាជាងគ្រាន់តែជាវិធីសាស្ត្រគ្រប់គ្រងរដ្ឋបាល។ លោកបានជម្រុញឱ្យតំណាងប្រជុំតភ្ជាប់ជំនាន់មនុស្ស ដោយសាងសង់ស្ពានរវាងប្រាជ្ញារបស់មនុស្សចាស់ និងថាមពលរបស់យុវជន ព្រមទាំងលើកទឹកចិត្តឱ្យពួកគេវាយតម្លៃរាល់យុទ្ធសាស្ត្រគង្វាលកិច្ចទាំងអស់តាមរយៈប្រសិទ្ធភាពនៃការលើកកម្ពស់ការរួបរួម ការចូលរួម សន្តិភាព និងការយកចិត្តទុកដាក់ចំពោះជនក្រីក្រ និងជនងាយរងគ្រោះ។

នៅចុងបញ្ចប់នៃពិធីអភិបូជា មហាសន្និបាតបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវសារចុងក្រោយរបស់ខ្លួនផ្ញើជូនប្រជាជនអាស៊ី ដែលមានចំណងជើងថា «អ្នករាល់គ្នានឹងបានឃើញការអស្ចារ្យ​លើសនេះ​ទៅទៀត» ដែលត្រូវបានចុះហត្ថលេខាដោយកាឌីណាល់ហ្វើរ៉ាវ និងបានអានជាសាធារណៈដោយលោកអគ្គអភិបាល ហ្គីលប៊ឺត អាមៀ ហ្គាសេរ៉ា (Gilbert Armea Garcera) ដើម្បីអំពាវនាវឱ្យគ្រីស្តសាសនិកកាតូលិកនៅអាស៊ី ដើរតួជាអ្នកកសាងស្ពានយ៉ាងសកម្មនៃកា​រ​ផ្សះផ្សារ កិច្ចសន្ទនា និងក្តីសង្ឃឹម។ បន្ទាប់ពីពិធីអរព្រះគុណ តំណាងប្រជុំបានធ្វើដំណើរដោយនិមិត្តរូបឆ្លងកាត់ «ផ្លូវមិត្ត​ភាព​រូង​ក្រោមដី» តភ្ជាប់​ពី​ព្រះវិហារ​កាតូលិក​ក្នុងទីក្រុងហ្សាការតា ទៅកាន់វិហារឥស្លាម Istiqlal ដែលនៅជាប់នោះ ដោយបានបង្ហាញជារូបរាងជាក់ស្តែងនូវប្រធានបទនៃមហាសន្និបាត និងជាសញ្ញាបញ្ជាក់ថា ស៊ីណូដាល តម្រូវឱ្យព្រះសហគមន៍ឈានជើងចេញពីទ្វាររបស់ខ្លួន ដើម្បីលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក សន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាងនៃសាសនាផ្សេងៗនៅទូទាំងទ្វីប៕

Daily Program

Livesteam thumbnail