ប្រធានអាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជា ជម្រុញឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការឱ្យបានរហ័សលើករណីគ្រឿងញៀន

លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.) បានអំពាវនាវដល់អភិបាលរាជធានី និងខេត្ត ឱ្យឆ្លើយតបបានកាន់តែរហ័សទាន់ចិត្តបន្ថែមទៀត ចំពោះករណីពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា ត្រូវចៀសវាងការអូសបន្លាយពេល បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។

នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ (២៦ មិថុនា) ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក នេត សាវឿន បានព្រមានថា សកម្មភាពយឺតយ៉ាវអាចនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់យុវជន និងសិស្សានុសិស្សរបស់កម្ពុជា។

«ប្រសិនបើយើងមិនចាត់វិធានការឱ្យបានទាន់ពេលវេលានោះទេ គ្រឿងញៀននឹងបំផ្លាញអនាគតរបស់សិស្សានុសិស្ស និងយុវជនរបស់យើង»។

លោកឧបនាយករដ្ឋមន្ត្រីបានទទួលស្គាល់នូវក្តីបារម្ភរបស់សាធារណជនចំពោះការយឺតយ៉ាវក្នុងការបង្ក្រាប បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយលោកបានកត់សម្គាល់ថា ករណីខ្លះដែលបានដាក់ជូនតាមរយៈកម្មវិធីទូរស័ព្ទដៃ «No Drug» មិនត្រូវបានធ្វើការស៊ើបអង្កេតឱ្យបានឆាប់រហ័សនោះទេ។

លោកបានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋបានរអ៊ូរទាំអំពីការឆ្លើយតបយឺតយ៉ាវចំពោះសេចក្តីរាយការណ៍របស់ពួកគាត់ ហើយសូម្បីតែតាមរយៈសេចក្តីរាយការណ៍ដែលខ្ញុំបានពិនិត្យដោយផ្ទាល់នៅលើកម្មវិធី No Drug App ក៏ដោយ ក៏ការស៊ើបអង្កេតមួយចំនួនមិនទាន់បានធ្វើឡើងទាន់ពេលវេលានៅឡើយដែរ»។

ហេតុដូច្នេះហើយលោកនេត សាវឿន បានជម្រុញឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវមានភាពសកម្ម ឆ្លើយតបបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ក្នុងការដោះស្រាយសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន ចាប់ពីពេលនេះតទៅ។

យោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ បានឱ្យដឹងថា ស្ថានភាពសកលលោកក្នុងឆ្នាំ២០២៥ និងឆមាសទីមួយនៃឆ្នាំ២០២៦នេះ គឺពោរពេញទៅដោយភាពផុយស្រួយ ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមផ្នែកសន្តិសុខកាន់តែខ្លាំង ដែលបង្កឱកាសឱ្យបណ្តាញឧក្រិដ្ឋជនពង្រីកការជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែនផ្សេងៗទៀត។

សម្តេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា បទល្មើសគ្រឿងញៀនកាន់តែមានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធជាមួយទម្រង់នៃបទល្មើសមិនមែនប្រពៃណីផ្សេងៗ ដែលបង្កើតជាបញ្ហាប្រឈមថ្មីៗ និងស្មុគស្មាញសម្រាប់បណ្តាប្រទេសនានានៅជុំវិញពិភពលោក។

ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងវិវត្តទាំងនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) បានជ្រើសរើសប្រធានបទសម្រាប់ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់លើតម្រូវការនៃវិធីសាស្ត្រច្នៃប្រឌិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនសកលដែលកំពុងបន្តកើតមាន និងកំពុងលេចឡើងថ្មី។

ដោយឆ្លុះបញ្ចាំងពីប្រធានបទអន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវស្លោកជាតិថា៖ «រួមគ្នាឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី តាមរយៈនវានុវត្តន៍»។

 

Daily Program

Livesteam thumbnail