ប្រជុំប៉ាស្តូរាលលើកទី២៦ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង៖ ផ្តោតលើ «បេសកកម្ម និងការផ្លាស់ប្តូរនៃការបម្រើ»
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានបើកកិច្ចប្រជុំប៉ាស្តូរាលលើកទី២៦ ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាល អែនរីកេ ហ្វីការេដូ ដើម្បីពិចារណាស្វែងរកទិសដៅថ្មីក្នុងការបម្រើ និងស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ៖ ការស្ងៀមស្ងាត់ អធិដ្ឋាន, ស្តាប់ព្រះបន្ទូល, ស្តាប់បងប្អូន, ស្តាប់តាមរយៈព្រឹត្តិការណ៍នានា។
ក្នុងឱកាសនោះ លោកអភិបាលបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៥ សម្រាប់ការផ្លាស់ប្តូរនៃការបម្រើ៖
១. ពីភាពមមាញឹក មកស្វែងរកបេសកកម្មពិត៖ ព្រះសហគមន៍មិនមែនត្រឹមតែជាអគារនោះទេ ប៉ុន្តែជាសហគមន៍រស់នៅ និងបម្រើដោយផ្អែកលើជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។
២. ពីការនិយាយ ទៅជាការស្តាប់ដោយបេះដូង៖ ចូលទៅក្នុងដួងចិត្តអ្នកដទៃ ដើម្បីយល់ពីកង្វល់ និងធ្វើឱ្យពួកគេដឹងថាខ្លួនមានតម្លៃ និងមិនឯកោ។
៣. ពីទស្សនៈចង្អៀត ទៅជាការបើកចំហ៖ ដើរជាមួយមនុស្សគ្រប់គ្នាតាមដំណើរជីវិតជាក់ស្តែង ដោយមិនបង្ខិតបង្ខំល្បឿននៃការរីកចម្រើនក្នុងជំនឿឡើយ។
៤. ពីការផ្តោតលើចំនួន ទៅជាគុណភាពនៃទំនាក់ទំនង៖ ផ្តោតលើការកសាងទំនាក់ទំនងជិតស្និទ្ធ ការស្គាល់គ្នា និងការនៅក្បែរគ្នាក្នុងគ្រាលំបាក ជាជាងការវាស់វែងត្រឹមតែតួលេខ។
៥. ពីគ្រួសារត្រឹមជាអ្នកទទួល ទៅជាអ្នកប្រកាសដំណឹងល្អ៖ ទទួលស្គាល់ និងផ្តល់ឱកាសឱ្យគ្រួសារចូលរួមយ៉ាងសកម្មក្នុងការប្រកាសដំណឹងល្អ តាមរយៈការរស់នៅ និងការអប់រំកូនៗប្រចាំថ្ងៃ។
ការផ្លាស់ប្តូរដែលផ្តើមចេញពីការស្ងៀមស្ងាត់ ការអធិដ្ឋាន និងការស្តាប់គ្នាទៅវិញទៅមក នឹងធ្វើឱ្យព្រះសហគមន៍កាន់តែមានជីវិត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មនុស្សគ្រប់រូប។
