ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់
ប្រាក់ឈ្នួលអប្បបរមា របស់បងប្អូនកម្មករ និយោជិតផ្នែកវិស័យ កាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម។ នេះគឺជាការថ្លែងបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖«ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៦នេះ ដែលបូកបន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផង បានកើនដល់ចំនួន២១០ដុល្លារ ក្នុង១ខែ ហើយប្រសិនបើជាបូករួមនិងអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងទៀត គឺប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរ (កម្ពុជា) មានចំនួនយ៉ាងតិច ២២៧ដុល្លារ ដល់ ២៤០ ដុល្លារអាម៉េរិក ក្នុង ១ខែ ខណៈដែលប្រាក់ឈ្នួលអប្បបរមា នៅប្រទេសស្រីលង្កាមានត្រឹមតែ ៩៧ដុល្លារ, មីយ៉ាន់មា ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៦ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៣២ដុល្លារ ទៅ ១៩២ដុល្លារ, វៀតណាមពី ១៤៨ដុល្លារ ទៅ ២១២ដុល្លារ, ឥណ្ឌូណេស៊ីពី ១៣៨ដុល្លារ ទៅ ៣៤០ដុល្លារ»។
ចំពោះលោករដ្ឋមន្ត្រីក្រសួងការងារ ក្រៅតែពីការដំឡើងប្រាក់ឈ្នួល គោលជាបន្តបន្ទាប់ជូន បងប្អូនកម្មករនិយោជិត រួចហើយនោះ ក្រសួងការងារ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏បានបើកការចរចាជាមួយវិស័យឯកជន និងសហជីពដើម្បីផ្តល់ប្រាក់សោហ៊ុយ ធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារជូនបងប្អូនកម្មករនិយោជិត ក្នុងបរិបទនៃវិបត្តិប្រេងជាសាកលដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ ដែលបានផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមដល់កម្មករ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួល គោលហើយនោះ ជាមធ្យមកម្មករម្នាក់ក្នុងវិស័យ កាត់ដេរទទួលបានប្រាក់ចំណូល ប្រមាណក្នុងរង្វង់ ៣០០ ដុល្លារបូកទាំងការថែម ម៉ោងត្រឹមម៉ោង៦ ល្ងាចព្រោះកម្មករនៅកម្ពុជាបច្ចុប្បន្ននេះ ទទួលបានមានប្រាក់ អត្ថប្រយោជន៍ទាំងសុខភាព ទាំងគ្រោះថ្នាក់ការងារ និងប្រាក់សោធន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ជាច្រើនដែលប្រសើរជាងច្បាប់៕