ក្រុមការងារស្វែងរកការពិតចុះសិក្សាអំពីការគំរាមកំហែងលើគ្រីស្តបិរស័ទនៅរដ្ឋបេងហ្គាលខាងលិច
ក្រុមការងារស្វែងរកការពិតរបស់គណបក្សប្រឆាំងមួយបានចុះធ្វើការស្រាវជ្រាវ អំពីការចោទប្រកាន់ទាក់ទងនឹងការគំរាមកំហែង ការវាយប្រហារលើព្រះវិហារ និងការរឹតត្បិតលើការអនុវត្តសាសនា ដែលប៉ះពាល់ដល់សហគមន៍គ្រិស្តបរិស័ទ នៅក្នុងស្រុកមួយចំនួននៃរដ្ឋ បេងហ្គាលខាងលិច (West Bengal) ដែលស្ថិតនៅ ភាគខាងកើតប្រទេសឥណ្ឌា។
ការចុះអង្កេតសិក្សានេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយហ្វូងមនុស្ស ដែលបង្ខំឱ្យកម្មវិធីជួបជុំសិក្សាព្រះគម្ពីររបស់គ្រីស្តបរិស័ទ ជនជាតិដើមភាគតិចត្រូវបញ្ចប់មុនពេលកំណត់។
ក្រុមការងារដែលមានសមាជិកបីរូបមកពីគណបក្ស All India Trinamool Congress ដែលដឹកនាំដោយសមាជិកសភា អ្នកស្រី សាហ្គារីកា ហ្គូស (Sagarika Ghose )បានចុះទៅពិនិត្យមើលស្ថាប័នគ្រីស្តសាសនា ព្រះវិហារ និងគ្រឹះស្ថានអប់រំនៅក្នុងស្រុកមួយចំនួននៅក្នុងរដ្ឋនោះ ។
ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារមួយកាលពីថ្ងៃទី ៩ ខែតុលា នៅព្រះវិហារ សន្តល្វីស ( St. Louis Parish) ក្នុងតំបន់ ចាឡាខាលី( Jalarkhali) ស្រុក ណាឌៀ (Nadia)។ នៅទីនោះ កម្មវិធីសិក្សាព្រះគម្ពីររបស់ជនជាតិ សានតាលី (Santali )ដែលគ្រោងធ្វើឡើងរយៈពេល ៤ ថ្ងៃ ត្រូវបានរំខាន បន្ទាប់ពីមានហ្វូងមនុស្សមួយក្រុមបានបំផ្លាញទ្រព្យសម្បត្តិព្រះវិហារ និងវាយប្រហារលើគ្រីស្តបរិស័ទ ក្នុងតំបន់។ ក្រោយមក ភូមិភាគ នៃព្រះសហគមន៍បានណែនាំឱ្យអ្នករៀបចំកម្មវិធីបញ្ចប់ការជួបជុំមុនពេលកំណត់ ដោយសារហេតុផលសុវត្ថិភាព។
ជនជាតិ សានតាលី គឺជាជនជាតិដើមភាគតិចដែលរស់នៅភាគច្រើនក្នុងតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌា ជាពិសេសនៅក្នុងរដ្ឋ បេងហ្គាលខាងលិច, រដ្ឋចាខាន ( Jharkhand) អូឌីសា (Odisha) និង ប៊ីហា (Bihar) ។
