ក្រសួងវប្បធម៌កម្ពុជាតវ៉ាដាច់ខាតចំពោះថៃចុះបញ្ជីបណ្ដុំ ប្រាសាទរខ្មែរ ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ខ្លួន

ក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី ១៣ ឧសភានេះ បានប្រកាសមិនទទួលស្គាល់ និងបដិសេធយ៉ាងដាច់ខាត ចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចុះបញ្ជីបណ្ដុំប្រាសាទបុរាណខ្មែរមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និង ទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។សកម្មភាពនេះ គឺខុសច្បាប់ ទុកជាមោឃៈ និង គ្មានអានុភាពផ្លូវច្បាប់ឡើយ។

ក្រសួងវប្បធម៌កម្ពុជា បានអះអាងថា ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាង សម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និង ការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និង លិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និង សមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC)។

ក្រសួងវប្បធម៌ ចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ទង្វើនេះ ជាការរំលោភលើអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

 

Daily Program

Livesteam thumbnail