ភ្លើងឆេះព្រៃបំផ្លិចបំផ្លាញអឺរ៉ុប អេស្ប៉ាញ ព័រទុយហ្គាល់ និងបារាំង ស្ថិតនៅជួរមុខ

យោងតាមទិន្នន័យថ្មីពីអង្គការសុខភាពពិភពលោក (OMS) បានឲ្យដឹងថា អឺរ៉ុបឆេះកាន់តែ ខ្លាំងឡើងៗ។ ក្នុងអំឡុងពេល ៤ឆ្នាំ ផ្ទៃដីដែលត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ បានកើន ឡើង ៥៧%។ គ្រាន់តែនៅឆ្នាំ២០២៥ ភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញផ្ទៃដី ២,២ លានហិចតា នៅទ្វីបអឺរ៉ុប ទល់នឹង ១,៤ លាន​ហិចតា នៅឆ្នាំ ២០២២។

ប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ស្ថិតនៅក្នុងចំណោមប្រទេសដែលរងផល ប៉ះពាល់ខ្លាំងបំផុត។ ចំនួនអគ្គីភ័យដែលបានកើតឡើងនៅទីនោះបានកើនឡើង ២ដង ក្នុង រយៈពេលតែមួយឆ្នាំ។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន រដ្ឋាភិបាលអេស្ប៉ាញបានចេញក្រឹត្យ បន្ទាន់សម្រាប់ជាតិ ​បន្ទាប់ពី​មានការរីកធំឡើង​នៃភ្លើងឆេះព្រៃជាច្រើនកន្លែង​នៅជុំវិញទីក្រុង ម៉ាឌ្រីដ។ មនុស្សជិត ១០០០០​នាក់ ត្រូវបានជម្លៀស។ អាជ្ញាធរតំបន់បានវាយតម្លៃអំពីភ្លើង ឆេះព្រៃទាំងនេះថា វាគឺអាក្រក់អាក្រីបំផុតមិនដែលធ្លាប់មាននៅក្នុងតំបន់។ ចំណែក​អាជ្ញាធរ​ប្រចាំ​តំបន់ នៅភាគខាងត្បូងនៃប្រទេសបារាំង បានឲ្យដឹងថា ប្រជាជន ៦៣០០០​នាក់ ត្រូវ​បង្ខំ​ចិត្ត​ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីមានអគ្គីភ័យជាច្រើន។

អង្គការសុខភាពពិភពលោក បានរំឭកថា ៖ “អគ្គីភ័យបានបំផ្លាញលំនៅដ្ឋាន និង មធ្យោបាយ​ទ្រទ្រង់​ជីវិត បង្កឲ្យមានការជម្លៀស និងក៏ដាក់សំពាធយ៉ាងខ្លាំងលើសេវាកម្មជួយ​សង្រ្គោះ និង​ប្រព័ន្ធ​សុខាភិបាល។ អាក្រក់ជាងនេះ ទៀត វាបានសម្លាប់ជីវិតមនុស្ស។”

បើយោងតាមអង្គការសហប្រជាជាតិ ការកើនវិសាលភាពច្រើនដងនៃអគ្គីភ័យបង្កឡើង​ដោយ​និន្នាការ​ដែលជំរុញដោយការប្រែប្រួលអាកាសធាតុ។ ការកើនឡើងនូវសីតុណ្ហភាព គ្រោះ​រាំងស្ងួត​កើនឡើងនៅលើផែនដី និងកំណើនការធ្វើនគរូបនីយកម្ម ក៏បង្កនូវលក្ខខណ្ឌ​ងាយស្រួល​សម្រាប់ការឆាបឆេះរបស់ភ្លើង និងបន្លាយពេលនៃរដូវភ្លើងឆេះផងដែរ។ អគ្គិភ័យ ដែល​កាលពីមុន បានកើតឡើងប្រមូលផ្តុំតែក្នុងរដូវក្តៅ បច្ចុប្បន្ន វាមាន​និន្នាការ​កើត​ឡើង​ឆាប់​ជាង​មុន ហើយបន្តពេលយូរជាងមុន ដោយធ្វើឲ្យសមត្ថភាពនៃបង្ការ និង​ការ​ជួយ​សង្គ្រោះ​របស់​រដ្ឋ ត្រូវប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង។

អង្គការសុខភាពពិភពលោក បញ្ជាក់ថា វិបាកនៃអគ្កីភ័យព្រៃមិនគ្រាន់តែជាអណ្តាតភ្លើងទេ។ ផ្សែង​របស់វាក៏បង្កជាការគំរាមកំហែងខាងសុខភាពដ៏សំខាន់។ ភាគល្អិតតូចៗ ដែលវាផ្ទុកអាច​នឹង​ធ្វើឲ្យសរសៃឈាមបេះដូងមានជំងឺធ្ងន់ធ្ងរ បង្កជំងឺផ្លូវដង្ហើម ជាពិសេសសម្រាប់​មនុស្ស​ចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងក្រុមមនុស្ស​ដែលកំពុងមានជំងឺរ៉ាំរ៉ៃរួចហើយ។ ផ្សែងក៏ត្រូវ​បាន​​ភ្ជាប់ជាមូលហេតនៃជំងឺសួតផ្សេងៗ និងជំងឺថ្លើមខ្លះៗ ព្រមជាមួយនឹងការឆ្លង​មេរោគ​ចូល​ភ្នែក ជំងឺ​បញ្ហាផ្លូវចិត្ត និងការបាត់បង់ការចងចាំ។ល។

លើសពីនេះទៀត អគ្គីភ័យក៏អាចបង្កវិបប្លាសដល់ការទទួលការព្យាបាល បង្កការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងបង្កើតស្នាមរបួសផ្លូវចិត្តរយៈពេលយូរអង្វែង​ចំពោះ​ប្រជាជន​ដែល​​រង​ផលប៉ះពាល់។

ប្រឈមមុខនឹងភាពធ្ងន់ធ្ងរឡើងនៃហានិភ័យខាងអាកាសធាតុ អគ្គលេខាធិការ​នៃ​អនុសញ្ញា​ស្តង់ដារ​របស់អង្គការសហប្រជាជាតិអំពីការផ្លាស់ប្តូរអាកាសធាតុ លោកស៊ីម៉ុង ស្យេល បាន​បញ្ជាក់​ថា ៖ “ការធ្វើប្រតិកម្មពីឥឡូវ គឺជាលក្ខខណ្ឌសម្រាប់​សន្តិភាព និងសន្តិសុខ​ដែលមាន​ចីរភាពនៅក្នុងពិភពលោក។” លោកវាយតម្លៃថា ការកាត់​បន្ថយ​នៃការអាស្រ័យ​លើថាមពល​ផូស៊ីល​ស្ថិតនៅតែជាគន្លឹះមួយដ៏សំខាន់សម្រាប់កំហិត​ការ​រីកវិសាលភាព​នៃ​មហន្តរាយ​ខាង​អាកាស​ធាតុ”។

ចំណែកអង្កការសុខភាពពិភពលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលនានាពង្រឹងប្រព័ន្ធប្រកាស​អាសន្នបឋម និងផ្សព្វផ្សាយឲ្យបានលឿននូវបទបញ្ជាខាងសុខភាពឲ្យបានច្បាស់ៗ និងធានា​ឲ្យមានការចូលទៅដល់ការសង្រ្គោះបន្ទាន់ ជាពិសេសម្រាប់ប្រជាជនដែលងាយរងគ្រោះ​បំផុត។

 

Daily Program

Livesteam thumbnail