កម្តៅឡើងដល់កំពូលកំពុងបំបែកកំណត់ត្រានៅអឺរ៉ុបកាលពីទសវត្សឆ្នាំ១៩៧០

យោងតាមរបាយការណ៍ចុងក្រោយនៃសេវាកម្មអាកាសធាតុ អឺរ៉ុប កូពែនីគូស លើការប្រែ​ប្រួល​អាកាសធាតុ កាលពីសប្តាហ៍មុន បានឲ្យដឹងថា ខែមិថុនា ឆ្នាំ២០២៦ គឺជាខែដែលក្តៅ​បំផុត​ដែលមិនដែលធ្លាប់បានកត់ត្រានៅទ្វីបអឺរ៉ុបខាងលិច ដែលរលកកម្តៅ​ពិសេសបាន​ឆ្លង​ហួស​កម្រិតកម្តៅ ជាប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានក្នុងអំឡុងកន្លះសតវត្សកន្លងទៅ។

លោកចន ខេណឺឌី ដែលជាមន្ត្រីទទួលខុសត្រូវព័ត៌មានអាកាសធាតុនៃអង្គការ​ឧតុនិយម​ពិភពលោក (OMM) បានថ្លែងថា នេះគឺជាប្រភេទនៃកម្តៅដែលស្រប​ទៅនឹងអ្វី​ដែល​គេ​រំពឹង​ថា​វា​នឹងកើតមានសម្រាប់អាកាសធាតុដែលកំពុងប្រែប្រួល”។

យោងតាមសេវាកម្មអាកាសធាតុអឺរ៉ុប កូពែនីគូស បានឲ្យដឹងថា រលកកម្តៅពិសេសដាច់​ដោយ​ឡែកនេះត្រូវបានជំរុញបន្ថែមដោយដោយសីតុណ្ហភាពឡើង​ខ្ពស់នៅលើផ្ទៃលើនៃ​សមុទ្រ​​ដែលមិនដែលធ្លាប់មានផងដែរ។  រលកកម្តៅនេះបានហុចផលវិបាក​ដល់សុខភាព​ដ៏​ធ្ងន់​ធ្ងរ ដោយមានការស្លាប់ដែលពាក់ព័ន្ធ​នឹង​​​​​សីតុណ្ហភាពឡើងហួសហេតុ នៅខណៈដែល​គ្រោះ​រាំង​ស្ងួត​ក៏កើនឡើងធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ជាច្រើន។

ដោយរួមផ្សំជាមួយនឹងដីដែលស្ងួតស្រាប់ កម្តៅដ៏ខ្លាំងក្លាបានអនុគ្រោះឲ្យកើតមានភ្លើងឆេះ​ព្រៃ និងការកើនឡើងនូវគ្រោះរាំងស្ងួតបន្ថែម មានជាអាទិ៍នៅអឺរ៉ុបខាងកើត។ យោងតាម​អង្គការ​ឧតុនិយមពិភពលោក (OMM) កម្តៅក៏នៅបន្តដើមខែកក្កដានេះ នៅក្នុងផ្នែកមួយចំនួន​នៅអឺរ៉ុបខាងលិច ដែលវានាំមកជាមួយនូវខ្យល់ព្យុះដ៏ហិង្សា និងដែលបង្កជាហានិភ័យដ៏ធ្ងន់​ធ្ងរនៃគ្រោះអគ្គីភ័យផង ជាពិសេសនៅប្រទេសបារាំង និងនៅជ្រោយអេស្ប៉ាញ។

កម្តៅក្តៅហួសហេតុជារឿយៗ ត្រូវបានវាយតម្លៃថា ជាឃាតករស្ងៀមស្ងាត់ ដោយសារតែ​ការ​ស្លាប់​ដែលវាបង្កឡើង​ជារឿយៗ ត្រូវបានគេមើលរំលង។

យោងតាមអង្គការសុខភាពពិភពលោក (OMS) បានឲ្យដឹង មានការស្លាប់ច្រើនជាង ២០០០០០នាក់ ពាក់ព័ន្ធ​នឹងកម្តៅនៅអំឡុងពេល ៤ឆ្នាំ ចុងក្រោយនេះ។ នៅកម្រិត​ពិភពលោក អង្គការឧតុនិយមពិភពលោកវាយតម្លៃថា មានមនុស្ស ៤៨៩០០០នាក់ បានស្លាប់ ជា​រៀងរាល់ឆ្នាំ ដោយសារហេតុផលពាក់ព័ន្ធនឹងកម្តៅនៅរវាងឆ្នាំ២០០០ និង ឆ្នាំ២០១៩។

លោកឡាចឡង់ ម៉ាកក្លេវើ ដែលជាទីប្រឹក្សាសុខភាពនៃការិយាល័យរួមសម្រាប់អាកាសធាតុ និងសុខភាព នៃអង្គការសហប្រជាជាតិ បានថ្លែងថា ៖ “មនុស្សចាស់ កុមារវ័យក្មេងៗ មនុស្ស​ស្រី​មានគភ៌ ពលករធ្វើការខាងក្រៅ មនុស្សគ្មាន​ទីលំនៅ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ គឺ​ជា​អ្នក​ដែលងាយរងគ្រោះ។ លើសពីនេះ នៅពេលដែលសីតុណ្ហភាពស្ថិតនៅតែខ្ពស់​ខ្លាំង​ក្នុង​អំឡុង​ពេលជាច្រើនថ្ងៃ មនុស្សគ្រប់គ្នា​ក៏​អាចប៉ះទង្គិចនៃស្រ្តេសពីកម្តៅផងដែរ”។

នៅប្រទេសដាណឺម៉ាក សីតុណ្ហភាពបានឈានដល់ ៣៧ °C ដែលឡើងហួសកម្រិតឯកតកម្ម​មុន​កាលពីឆ្នាំ១៩៧៥។ នៅប្រទេសហូឡង់ ទែម៉ូម៉ែត្រ វាស់ឃើញឡើងដល់ ៣៩,៤ °C នៅ​ខណៈ​ដែលប្រទេសស្វីស នៅទីក្រុងបាសែល បានកត់ត្រាសីតុណ្ហភាព ៣៩ °C

នៅ​ប្រទេសអេស្ប៉ាញ ទីក្រុងជាច្រើន សីតុណ្ហភាពបានឡើងលើស ៤០°C ។ ទីក្រុងប៊ីលបាវ សីតុណ្ហភាពបានឡើងដល់ ៤២,៧ °C ។ នេះគឺជាសីតុណ្ហភាពឡើងខ្ពស់បំផុត​ដែលមិនដែល​ធ្លាប់​​បានធ្វើសម្រង់នៅក្នុងទីក្រុងនេះ។

នៅប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែមិថុនា ក៏មាន​កត់ត្រាកម្រិតឯកតកម្មជាតិថ្មីនៃកម្តៅ​សម្រាប់​ខែមិថុនា ជាមួយសីតុណ្ហភាពមធ្យម ៣០°C ។ ទីក្រុងមួយចំនួន សីតុណ្ហភាពភាព​បាន​ហក់ឡើងជិតដល់ ៤៤°C ហើយសីតុណ្ហភាពនៅពេលយប់​ក៏ជាឡើងឈានដល់កម្រិត​មិន​ធ្លាប់មាន លើសពីកម្រិតមធ្យមជាតិ ២២°C ផងដែរ។

 

Daily Program

Livesteam thumbnail