ប្រធានបទ៖ ព្រះយេស៊ូជាអ្នកផ្លាស់ប្រែយើងឲ្យទៅជាមនុស្សល្អនៅក្នុងសង្គម!

បកស្រាយដោយ៖លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
បូ.ផាន បូរី៖ “មានតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ! ដែលបានផ្លាស់ប្រែមនុស្សដែលតែងតែប្រព្រឹត្តអំពើអាក្រក់ ឲ្យទៅជាអ្នកស្អប់អំពើអាក្រក់ ហើយមកប្រព្រឹត្តអំពើល្អវិញ!” ព្រះជាម្ចាស់អស្ចារ្យខ្លាំងណាស់គ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះជាម្ចាស់មិនដូចមនុស្សលោកទេ មានតែអ្នកទន់ខ្សោយ ទន់ទាបដែលទទួលបានការស្រឡាញ់ពីទ្រង់ និងទទួលបានឋានៈជាតំណាងរបស់ទ្រង់ក្នុងលោកីយ៍នេះ។
យើងម្នាក់ៗអាចទុកចិត្តទ្រង់បានគ្រប់ពេលវេលាទាំងអស់ ព្រះជាម្ចាស់មិនបាននិយាយពាក្យដាក់មនុស្សណាម្នាក់ឲ្យរងទុក្ខ ឬក៏លំបាកចិត្តដោយសារតែទ្រង់ឡើយ។ កាន់តែពិសេសនោះ គឺយើងម្នាក់ៗអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តន៍កិច្ចការប្រចាំថ្ងៃបាន ព្រោះគ្រប់កិច្ចការ គ្រប់ពាក្យពេជ្ររបស់ទ្រង់មិនដែលប្រែក្រឡាស់ឡើយ មានបន្ទូលបែបណាគឺធ្វើបែបនោះ។
ព្រះជាម្ចាស់ជាទីសង្ឃឹម ជាទីបង្អែករបស់យើងគ្រប់គ្នា ព្រះជាម្ចាស់ជាកម្លាំងនាំឲ្យយើងគ្រប់គ្នាមានឆន្ទៈប្រព្រឹត្តអំពើល្អ កសាងសន្តិភាព ថែរក្សាសិរីភាព ដែលយើងម្នាក់ៗកំពង់តែមាន។ ជាក់ស្តែងយើងជាបុត្រធីតារបស់ទ្រង់ យើងត្រូវតែខិតខំធ្វើកិច្ចការទាំងនេះឲ្យល្អ យើងដឹងថាព្រះជាម្ចាស់មានឋានៈខ្ពស់ណាស់ តែទ្រង់មិនដែលក្តោបក្តាប់ឋានៈនេះទុកជាកម្មសិទ្ធផ្តាច់មុខរបស់ព្រះអង្គនោះទេ ផ្ទុយទៅវិញព្រះអង្គបានលះបង់អ្វីៗទាំងអស់យកឋានៈជាទាសករដើម្បីបានបម្រើបងប្អូនដែលបានជួបការលំបាកទៅវិញ។
ក្នុងព្រះគម្ពីរម៉ាកុស ជំពូក៥ ខ២១ដល់ខ៤០បានរៀបរាប់ថា៖ «ព្រះយេស៊ូបានប្រោសស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមឲ្យបានជាសះស្បើយគ្រាន់តែប៉ះជាយអាវរបស់ទ្រង់។ ព្រះយេស៊ូបានប្រោសកូនលោកយៃរ៉ូសឲ្យបានជា ព្រះយេស៊ូផ្លាស់ប្រែចិត្តគំនិតរបស់មនុស្សដែលតែងតែប្រព្រឹត្តអំពើបាប មកប្រព្រឹត្តល្អ ឬក៏ធ្វើតែកិច្ចការដែលត្រឹមត្រូវវិញនៅក្នុងជីវិតរបស់គេម្នាក់ៗ។
មិនត្រឹមតែប៉ុណ្ណោះ ទ្រង់តែងតែយកចិត្តទុកដាក់ជួយដល់មនុស្សទន់ខ្សោយគ្មានទីពឹង និងអស់អ្នកដែលកំពុងតែជួបការលំបាកក្នុងជីវិត។ ជាក់ស្តែងការសង្គ្រោះបានបង្ហាញឲ្យឃើញតាមរយៈកិច្ចការ ឬក៏សកម្មភាពមនុស្សធម៌របស់ព្រះសហគមន៍នៅតាមតំបន់ តាមភូមិស្រុកដែលមានវត្តមានរបស់ព្រះសហគមន៍យើងនៅទីនោះ។
ទ្រង់តែងតែផ្តល់ឱកាសឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាបបានជ្រះស្អាតឡើងវិញ តែគេក៏ត្រូវកែប្រែចិត្តគំនិតឡើងវិញផងដែរ ដើម្បីបានរួមរស់ជាមួយទ្រង់ដោយសេចក្តីអំណរ។ ផ្ទុញទៅវិញបើទ្រង់បានផ្តល់ការសង្គ្រោះដល់យើងម្នាក់ហើយ តែយើងរឹងទទឹងមិនព្រមកែប្រែចិត្តកំនិត ហើយប្រព្រឹត្តកិច្ចការដែលប្រាស់ចាកព្រះហឫទ័យរបស់ព្រះជាម្ចាស់យើងក៏មិនអាចទទួលការសង្គ្រោះបានដែរ។ សូមបងប្អូនយកព្រះគ្រីស្តជាទីពឹង សូមយកព្រះយេស៊ូធ្វើស្នូលនៃជីវិតរបស់យើងម្នាក់ៗ យើងជាគ្រីស្តបរិស័ទ យើងមានចិត្តធំទូលាយដើម្បីកសាងសន្តិភាពតាមកន្លែងដែលយើងរស់នៅ យើងមានចិត្តធំថែរក្សាក្តីស្រឡាញ់ ថែរក្សាសន្តិភាពដែលយើងកំពុងតែមាន និងខិតខំការពារសិទ្ធិសិរីភាពដែលខ្លួនកំពុងតែមាននាពេលសព្វថ្ងៃនេះដែរ។
យើងជាសាវ័ករបស់ព្រះយេស៊ូ យើងព្យាយាមធ្វើតាមគំរូរបស់ទ្រង់ដោយជួយការពារអស់បងប្អូនដែលរងអយុត្តិធម៌ អស់អ្នកដែលត្រូវគេបៀតបៀន អ្នកដែលសង្គមមិនរាប់រក និងអស់អ្នកដែលមិនមានសម្លេងនៅក្នុងសង្គម។ នេះគឺជាអំណះអំណាងមួយដែលព្រះសហគមន៍យើងយល់ឃើញថាព្រះជាម្ចាស់គឺជាទីបង្អែកដ៏សំខាន់សម្រាប់មនុស្សជាតិទាំងមូល មិនមែនសម្រាប់តែក្រុមគ្រីស្តបរិស័ទ ឬក៏អស់អ្នកដែលជឿលើព្រះយេស៊ូនោះទេ។ អាមែន
ដោយ ឆាក លាំង
Daily Program
